រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី បង្ហាញទិសដៅការងារសម្រាប់អនុវត្តន៍របស់ក្រសួង
(ភ្នំពេញ)៖ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមអធតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា នារសៀលថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានលើកបង្ហាញពីទិសដៅការងារបស់ក្រសួង សម្រាប់អនុវត្តន៍នៅឆ្នាំ២០២៥ ក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាល ។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានថ្លែងថា សំរាប់ទិសដៅការងារបស់ក្រសួងនឹងបន្តកសាងស្ថាប័នរដ្ឋបាលសាធារណៈទំនើប ធ្វើបរិវត្តកម្មការផ្តល់សេវាសាធារណៈតាមបែបឌីជីថលទៅតាម បែបទំនើប និងការគ្រប់គ្រងទិន្នន័យ ដើម្បីផ្តល់សេវាលឿន រហ័ស តម្លាភាព ប្រសិទ្ធភាព ងាយស្រួល និងជឿទុកចិត្ត។ បន្តរៀបចំគោលនយោបាយ យុទ្ធសាស្ត្រ និងលិខិតបទដ្ឋានគតិយុត្តសម្រាប់ក្រសួង ឱ្យបានគ្រប់វិស័យ ការងារជំនាញរបស់ក្រសួង។ ពង្រឹងការអភិវឌ្ឍធនធានមនុស្ស តាមរយៈការបើកវគ្គបណ្តុះបណ្តាលបន្ថែមអំពីវិស័យជំនាញការងារ របស់ក្រសួង រយៈពេលខ្លី/វែង ក៏ដូចជាបន្តការសិក្សាផ្នែកជំនាញនៅក្នុងនិងក្រៅប្រទេស ។
បន្តការចុះបញ្ជីដីធ្លីជំហានទី២ នៃចំនួនក្បាលដីប៉ាន់ស្មាន៥លានក្បាលដី ដើម្បីឈានដល់ការរៀបចំ ខួបលើកទី៤០ឆ្នាំ នៃការផ្តល់កម្មសិទ្ធិឯកជនលើដីធ្លីជូនប្រជាពលរដ្ឋទូទាំងប្រទេសនៅឆ្នាំ២០២៨។ ក្រសួងពិនិត្យលទ្ធភាពប្រើប្រាស់យុវជនស្ម័គ្រចិត្តឬកម្លាំងស្ម័គ្រចិត្ត ដើម្បីជួយពន្លឿនដល់ការចុះបញ្ជី ដីធ្លីទូទាំងប្រទេស។ បន្តអនុវត្តផែនការចុះបញ្ជីដី រួមទាំងការចុះបញ្ជីដីរដ្ឋ ដីសម្បទានសេដ្ឋកិច្ច ដីរដ្ឋជុំវិញតំបន់ទន្លេសាប និងដីសហគមន៍ជនជាតិដើមភាគតិច ដើម្បីធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លីដែលជាទុនផ្តល់ ដោយរាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋសម្រាប់រស់នៅ ដាំដុះ និងវិនិយោគ បង្កើតមុខរបរ និងបង្កើន ប្រាក់ចំណូល។
បន្តពង្រឹងការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ ការដោះស្រាយបញ្ហាលក់ទិញក្នុងបុរី ខុនដូ និង គម្រោងដីឡូត៍ ដើម្បីពង្រឹងសុវត្ថិភាពនៃការកាន់កាប់អចលនទ្រព្យ បង្កើតភាពសុខដុមរមនាសង្គម បង្ក ភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចនៅតាមមូលដ្ឋាន និងឈានទៅបង្កើនល្បឿន នៃការកាត់បន្ថយភាពក្រីក្រ។ បន្តពង្រឹងការកសាងផែនការរៀបចំដែនដី ប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដី ជាពិសេស នៅតាមតំបន់អាទិភាពដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាព។
ការរៀបចំដែនដី ស្របតាមទិសការ អភិវឌ្ឍសេដ្ឋកិច្ច-សង្គមឱ្យមានប្រសិទ្ធភាពនិងចីរភាព ហើយការអភិវឌ្ឍនគរូបនីយកម្ម តាមរយៈ ការរៀបចំផែនការអភិវឌ្ឍទីក្រុង ទីប្រជុំជន ដោយគិតពីសុខភាពសាធារណៈ តំបន់បៃតង វប្បធម៌ ខឿនសេដ្ឋកិច្ច ដែលប្រជាជនអាចរស់នៅបានតជំនាន់។
បន្តជំរុញអនុវត្តផែនការយុទ្ធសាស្ត្រគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា សម្រាប់អនុវត្តយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដើម្បីឱ្យសក្តិសមជាឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក និងជាតារារះនាទិសនិរតី ។
បន្តជំរុញការអភិរក្សនៅតំបន់រមណីយដ្ឋានអង្គរ ស្របគ្នានឹងការអភិវឌ្ឍនៅតំបន់អភិវឌ្ឍន៍រុនតាឯក និងតំបន់ពាក់ស្នែងជូនបងប្អូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរទៅ តាំងទីលំនៅថ្មីនៅតំបន់នោះ។ បន្តខិតខំការពារសំណង់អគារបេតិកភណ្ឌ និងជំរុញការចុះបញ្ជីទីតាំងតំបន់ការពារបុរាណដ្ឋាន។
បន្តលើកទឹកចិត្ត និងគាំទ្រគម្រោងសាងសង់លំនៅឋានតម្លៃសមរម្យ សំដៅលើកកម្ពស់សិទ្ធិរបស់ ប្រជាពលរដ្ឋក្នុងការទទួលបានលំនៅឋានសមរម្យ។ ជំរុញអភិវឌ្ឍលំនៅឋាន ដោយសិក្សាពីវិស័យ អចលនទ្រព្យ ប្រភេទផ្ទះ ឱ្យបានសមស្របនឹងកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ មន្ត្រីរាជការ និស្សិត ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជនងាយរងគ្រោះអាចរស់នៅបានប្រកបដោយផាសុខភាព សុវត្ថិភាពនិង សេចក្តីថ្លៃថ្នូរ បរិស្ថានល្អ និងជាទ្រនំសុភមង្គល ។
បន្តអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ចនិងការធ្វើប្រទានកម្មជូនប្រជាជនក្រីក្រ យោធិនមានពិការភាព គ្រួសារយោធាពលីនិងមរណៈ និងអតីតកងកម្លាំងប្រដាប់អាវុធដែលខ្វះដីពិតប្រាកដ និងជំរុញអភិវឌ្ឍ បុរីជនបទ។ បន្តចុះបញ្ជីដីនិងផ្តល់បណ្ណកម្មសិទ្ធិជូនសម្បទានិកដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់តាមលក្ខខណ្ឌ។ បន្តពង្រឹងការអនុវត្តច្បាប់សំណង់ ទាំងលើការងារសាងសង់ និងការត្រួតពិនិត្យសំណង់ ដើម្បីធានា គុណភាព សុវត្ថិភាព និងសុទ្ធាលភាព និងចាត់វិធានការចំពោះសំណង់គ្មានច្បាប់ ខុសច្បាប់ និងសំណង់ រំលោភលើដីសាធារណៈ។
ការគ្រប់គ្រងសំណង់ត្រូវគោរពតាមបទដ្ឋានបច្ចេកទេស នគរូបនីយកម្ម លើកកម្ពស់សោភណភាព រចនាបថខ្មែរ និងបរិស្ថានល្អ។ សិក្សាស្រាវជ្រាវ និងចងក្រងឯកសារបទប្បញ្ញត្តិ បច្ចេកទេសសំណង់ និងបទដ្ឋានបច្ចេកទេសសំណង់។ បន្តសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងអង្គភាពពាក់ព័ន្ធ បង្កលក្ខណៈ និងលើកទឹកចិត្តដល់ ការវិនិយោគក្នុងវិស័យអចលនទ្រព្យ និងចូលរួមដោះស្រាយបញ្ហាប្រឈមនៃគម្រោងវិនិយោគ អចលនទ្រព្យរបស់វិស័យឯកជនដែលលើសតម្រូវការទីផ្សារក្នុងខេត្តព្រះសីហនុ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ