រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី បង្ហាញសមិទ្ធផលសម្រេចបាន នៅដើម​អាណត្តិទី៧ នៃរាជរដ្ឋាភិបាល

(ភ្នំពេញ)៖ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមអធតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានលើកបង្ហាញពីសមិទ្ធផលការងារ​សម្រេច​បាន នៅដើមអាណត្តិទី៧ នៃរាជរដ្ឋាភិបាល ។

ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា នៅដើមអាណត្តិទី៧នេះ ក្រសួង បានបន្តពូនជ្រំ និងបន្តនិរន្តរភាពការងារ និងដំណើរការស្ថាប័នជារួម ដោយបានពង្រឹងស្មារតីសតិអារម្មណ៍ ឈរលើគោលការណ៍សាមគ្គីភាព ឯកភាពផ្ទៃក្នុង ដែលជាកត្តាគន្លឹះដើម្បីធានានិរន្តរភាពការងារ ដំណើរការស្ថាប័ន កសាងជំនឿ និងទំនុកចិត្តលើការដឹកនាំ ដែលក្រសួងចាត់ទុកជា «ការរៀបចំផ្ទះសម្បែងឱ្យរៀបរយ» ដែលត្រូវយកជ័យជម្នះឱ្យខាងតែបាន ។

ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ពីសមរភូមិ កាត់បន្ថយ និងលុបបំបាត់​បញ្ហា​ចម្រូង​​ចម្រាសក្នុងសង្គម ដោយក្រសួង បានកំណត់យក​ការចុះ​បញ្ជីដីបង្ហើយ ក្នុងគោលដៅកែសម្រួលភាពមិនច្បាស់លាស់នៃព្រំកាន់ការ និងកាត់​បន្ថយ​វិវាទដីធ្លី ដើម្បីសម្រេចបាននូវការផ្តល់សុវត្ថិភាពផ្លូវច្បាប់ និងសន្តិភាពផ្លូវចិត្ត ក្នុងការកាន់កាប់អចលនទ្រព្យរបស់ប្រជាពលរដ្ឋ ឈានទៅកសាងសង្គមកម្ពុជា ជាភូមិឋានក្សេមក្សាន្ត ខណៈកន្លងមក ក្រសួង បានវាស់វែង និងចុះបញ្ជីដីធ្លី​ចំនួន​ជាង ៧លាន ៧សែនក្បាលដី និងបានចេញបណ្ណ ប្រមាណ ៧លានបណ្ណ ហើយក្រសួង ក៏បានវាស់វែងដីធ្លីបន្ថែមចំនួនប្រមាណ ៣លានក្បាលដី និង​ចេញបណ្ណបានប្រមាណ ៥៩ម៉ឺនបណ្ណ និងរំពឹងថា ក្បាលដីនៅសេសសល់​ប្រមាណ ១,៥ លានទៀត អាចត្រូវបានវាស់វែងបញ្ចប់នាពេលខាងមុខ ដែលកិច្ចការនេះ នឹងជួយឱ្យរដ្ឋអាចប្រមូលចំណូលពន្ធពាក់ព័ន្ធ អចលនទ្រព្យប្រមាណ ២៥០ លានដុល្លារ ក្នុងមួយឆ្នាំ ។

ទន្ទឹងនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបន្ថែមថា ក្រសួងរៀបចំដែនដី បាននិងកំពុងដំណើរការវាស់វែង ចុះបញ្ជី និងចេញបណ្ណដីរដ្ឋ និងដីសមូហភាព ដែលកាន់កាប់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងបរិស្ថាន, ក្រសួងធនធានទឹកនិងឧតុនិយម, ក្រសួងព្រះបរមរាជវាំង, ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ, ក្រសួងសាធារណការនិងដឹកជញ្ជូន, អង្គភាព រដ្ឋតាមបណ្តារាជធានី-ខេត្ត សរុបចំនួន ៥៨,០៦៣ ក្បាលដី ស្មើនឹង ៥៨,០៦៣បណ្ណ ក្នុងនោះក៏មាន ដីតំបន់បឹងទន្លេសាបក្នុងខេត្តទាំង៦, ដីសម្បទានសេដ្ឋកិច្ច និងងឹតរុភណ្ឌរបស់វត្ត ផងដែរ។

ឯកឧត្តម សាយ សំអាល់ ក៏បានលើកឡើងពីវិវាទ ដែលក្រសួងទទួលបាន មានចំនួន ១៥,៩៦០ករណី ក្នុងចំណោមវិវាទនេះ មាន ៤ប្រភេទ គឺ វិវាទលើនិឯកជន, វិវាទលើទីតាំងដីរដ្ឋនិងដីសហគមន៍, បណ្ដឹងជំទាស់លើ​សេចក្តីសម្រេចរបស់ស្ថាប័នតុលាការនិងសេចក្តី សម្រេចរាជរដ្ឋាភិបាលរួច​ហើយ និងបណ្ដឹងឬសំណើមានចរិតនយោបាយ និងបានសម្របសម្រួល ដោះស្រាយបញ្ចប់ចំនួន ១៤, ៩១៩ ករណី នៅសេសសល់ ១,០៤១ករណី ។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី បញ្ជាក់ដែរថា តាមរយៈលទ្ធផល​នៃការ​ដោះស្រាយវិវាទដីធ្លីនេះ ក្រសួង អាចសន្និដ្ឋានបានថា ភាពរសើបខាងនយោ​បាយ ត្រូវបានកាត់បន្ថយជាអតិបរមា ហើយវិវាទដែលនៅសេសសល់ទាំង ១,០៤១ករណីនេះ មិនមានលក្ខណៈបែបញ្ចុះញង់ដែលជាឈ្នាន់នយោបាយ​ទៀតនោះឡើយ ។

បើតាម ឯកឧត្តម សាយ សំអាល់ ក្រសួងក៏បានបង្កើត «មជ្ឈមណ្ឌលប្រជាជន (People Center)» សម្រាប់ប្រមូលធ្វើទិន្នន័យគ្រប់ប្រភេទ ដោយបាន​និង​កំពុង​ប្រែក្លាយសេវាសាធារណៈប្រមាណ៤៩៦មុខឱ្យដំណើរការតាម ប្រព័ន្ធ​អន​ឡាញ ដើម្បីផ្តល់ សេវាគាប់ចិត្ត ឱ្យដល់ដៃអតិថិជនគ្រប់រូប មានភាពងាយ​ស្រួល និងរហ័សទាន់ចិត្ត សំដៅ ពង្រីកបន្ថែមនូវមូលដ្ឋានសេដ្ឋកិច្ច ដើម្បីទ្រ​ទ្រង់​ចំណូលចរន្តថវិកាជាតិ និងបង្កើនចំណូលរបស់ប្រជាជន ។

ឯកឧត្តម សាយ សំអាល់ ក៏បានរាយការណ៍ពីចំណូលបានមកពី​សេវា​សាធា​រណៈក្នុងវិស័យសំណង់ និងសុរិយោដីក្នុងឆ្នាំ២០២៣ ទទួលបានជាង ១៤៦ លានដុល្លារ ក្នុងនោះចំណូលពន្ធលើការផ្ទេរអចលនទ្រព្យមានចំនួនប្រមាណ ១០០លានដុល្លារ (ប្រមាណជា ៦៨, ៥%) ។ ចំណូលនេះនឹងកើន​ឡើង​បន្ថែម​ទៀត តាមរយៈការធ្វើទំនើបកម្មនៃការផ្តល់ សេវាសាធារណៈតាម​ប្រព័ន្ធឌីជីថល ។

ចំពោះបញ្ហាវិវាទរវាងបុរី និងអតិថិជន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានឱ្យដឹងថា ក្រសួងបាននិងកំពុងរកដំណោះស្រាយសមស្រប​ចំពោះគម្រោង អភិវឌ្ឍន៍អចលនវត្ថុចំនួន ៩៩ គម្រោង នៅទូទាំងប្រទេស រួមមាន បុរី ចំនួន ២៧ ស្មើនឹង ៧៧គម្រោង, ផ្សារនិងខុនដូ ចំនួន ៤គម្រោង និងដីឡូតិ៍ ចំនួន ១៨កម្រោង ក្នុងនោះ ដោះស្រាយបាន ៥៣ គម្រោង នៅ​សល់​ចំនួន ៤៦ គម្រោង កំពុងសម្របសម្រួលដោះស្រាយបន្ត ដោយឈរលើ​ស្មារតីយោគយល់គ្នា ក្នុងគ្រាលំបាក និងបានធ្វើឱ្យសភាពការណ៍តាន​តឹង​ទាំងនេះ បានប្រសើរឡើងវិញជាលំដាប់។ ដោយឡែកក្នុងចំណោម​គម្រោង​អភិវឌ្ឍន៍ដែលជាបុរី លំនៅឋាន ផ្សារ និង ខនដូជាដើម ដែលមានបញ្ហាចំនួន ១០៦ករណី ក្រសួងបានសម្របសម្រួលដោះស្រាយបានប្រហែល ៥០ ភាគរយហើយ ៕

ដោយ ៖ គ្រី សម្បត្តិ
(ក្រសួងដែនដី)

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner