រុស្ស៊ីបង្ហាញគ្រាប់មីស៊ីលអាមេរិក នៅក្នុងតំបន់ Kursk
បរទេស៖ រូបភាពពីក្រសួងការពារជាតិរុស្ស៊ី ដែលបង្ហាញនូវគ្រាប់មីស៊ីលរបស់អាមេរិក នៅក្នុងតំបន់ Kursk ត្រូវបានបញ្ចេញជាសាធារណៈ ហើយទីក្រុងមូស្គូអះអាងថា ការសងសឹក កំពុងត្រៀមរួចហើយ។
ក្រសួងការពារជាតិរុស្សីបានបញ្ចេញរូបភាពនូវអ្វីដែលខ្លួនហៅថា ជាសំណល់នៃមីស៊ីល ATACMS រយៈចម្ងាយឆ្ងាយរបស់អាមេរិក ដែលត្រូវបានប្រើប្រាស់ដោយប្រទេសអ៊ុយក្រែន ដើម្បីវាយប្រហារទីតាំងយោធារុស្ស៊ី និងទីលានអាកាសយោធានៅក្នុងតំបន់ Kursk ។
យោធារបស់ទីក្រុងមូស្គូ កាលពីថ្ងៃអង្គារ បានសន្យាឆ្លើយតបទៅនឹងការវាយប្រហារ តាមផ្លូវអាកាស របស់អ៊ុយក្រែន ថ្មីៗ នៅក្នុងប្រទេសរុស្ស៊ី ដោយប្រើកាំជ្រួច ATACMS ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក។
អ៊ុយក្រែនបានបាញ់មីស៊ីល រយៈចម្ងាយឆ្ងាយ ចូលរុស្ស៊ី ជាលើកដំបូង កាលពីសប្តាហ៍មុន ដែលបានជំរុញឲ្យមានប្រតិកម្មខឹងសម្បារខ្លាំង ពីទីក្រុងមូស្គូ។
ក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃអង្គារ បាននិយាយថា អ៊ុយក្រែនបានធ្វើការវាយប្រហារថ្មីៗ នៅថ្ងៃទី២៣ និង ២៥ ខែវិច្ឆិកា ដោយប្រើមីស៊ីល ATACMS ។
ក្រសួងនិយាយ នៅក្នុងការបង្ហោះនៅលើ Telegram ដោយមិនបានបញ្ជាក់លម្អិតថា «សកម្មភាពសងសឹក កំពុងត្រូវបានរៀបចំ»។ សហរដ្ឋអាមេរិកបានផ្តល់ការអនុញ្ញាតឱ្យអ៊ុយក្រែន ប្រើប្រាស់សព្វាវុធទាំងនេះ វាយប្រហារលើទឹកដីរុស្ស៊ី នៅដើមខែនេះ បន្ទាប់ពីមានសំណើ ជាច្រើនខែ ពីទីក្រុង Kyiv៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត