នាយករដ្ឋមន្ត្រី ៖ តំបន់បឹងទន្លេសាប ដែលបានបោះបង្គោលព្រំរួច កំណត់ជា ៣តំបន់ នឹងគ្មានការកែសម្រួលទេ
(ភ្នំពេញ)៖ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា តំបន់បឹងទន្លេសាប ដែលបានសម្រេចបោះបង្គោលព្រំរួច ដោយកំណត់ជា៣តំបន់ គឺនឹងគ្មានការកែសម្រួលព្រំដី នៃបឹងទន្លេសាបទៀតនោះទេ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំបន្ត របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់” នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
សម្តេចបវរធិបតី បានបញ្ជាក់ថា ត្រូវតែហ៊ានអារកាត់មួយ ដើម្បីផលប្រយោជន៍រួម ខ្ញុំសូមបញ្ជាក់ថា តំបន់៣ គឺមិនមែនសម្រាប់ឯកឧត្តម សាយ សំអាល់ ឬសម្រាប់ខ្ញុំទេ ខ្ញុំអត់មានគោលដៅ ទៅធ្វើផ្ទះនៅហ្នឹងទេ អត់មានសម្រាប់មន្រ្តី ឬអាជ្ញាធរទន្លេសាប ធ្វើកម្មសិទ្ធិទេ គឺសម្រាប់ប្រជាជនខ្មែររាប់លាននាក់ សម្រាប់ប្រព័ន្ធអេកូឡូស៊ី សម្រាប់ប្រព័ន្ធជីវចម្រុះ ប្រព័ន្ធត្រីរបស់យើងនៅមានអនាគតវែងឆ្ងាយតទៅទៀត ។
សម្តេចធិបតី ក៏ជំរុញឱ្យត្រួតពិនិត្យឱ្យបានច្បាស់ នូវដីនៅតំបន់ពីរ ដែលតំបនេះពលរដ្ឋគ្មានសិទ្ធិលក់ដូរ និងយកធ្វើកម្មសិទ្ធិនោះទេ គ្រាន់តែមានសិទ្ធិប្រើប្រាស់ប៉ុណ្ណោះ ហើយអាជ្ញាធរខេត្តទាំង៦ ជាអ្នកផ្តល់សិទ្ធិឱ្យប្រជាពលរដ្ឋ អាស្រ័យផល។ សម្តេច ថា នៅពេលដែលតំបន់ទាំងអស់ ត្រូវបានបោះបង្គោលព្រំរួចហើយ នឹងមិនមានការកែសម្រួលទៀតនោះទេ ។
សម្តេចនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យភាគីពាក់ព័ន្ធ គិតគូអំពីជីវភាពរបស់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់ ជុំវិញបឹងទន្លេសាបផងដែរ ដែលពួកគាត់ អាចមានចំណូលផ្សេង ក្រៅពីការធ្វើកសិកម្ម។ សម្តេច ក៏ណែនាំឱ្យសិក្សាបង្កើតតំបន់ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេស ដើម្បីបង្កើតការងារ ដល់ប្រជាពលរដ្ឋទាំងនោះផងដែរ ។
សូមជម្រាបថា ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បានបញ្ជាក់ថា ចំពោះការកំណត់ និងគ្រប់គ្រងតំបន់ទន្លេសាប ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលភារកិច្ចពី រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំគណៈកម្មការចំពោះកិច្ច ធ្វើការចុះបញ្ជីដីតំបន់ទន្លេសាបទាំងដីរដ្ឋ និងដីឯកជន របស់ប្រជាពលរដ្ឋ ដើម្បីថែរក្សាព្រៃលិចទឹក ក៏ដូចជា បឹងទន្លេសាបទាំងមូលឲ្យគង់វង្ស ។
ជាលទ្ធផលមកទល់ពេលនេះ ការចុះបញ្ជីដី តំបន់ទន្លេសាបសម្រេចបានដូចខាងក្រោម៖
ក-ដីតំបន់៣៖ ជាតំបន់ព្រៃលិចទឹកដែលត្រូវការពារ ហាមប៉ះពាល់ដាច់ខាត (ដីរដ្ឋ)
បានចុះបញ្ជីដីតំបន់៣ជាដីរដ្ឋ រួចរាល់ជាស្ថាពរសម្រាប់ខេត្តកំពង់ឆ្នាំង និងខេត្តបន្ទាយមានជ័យ។
ខ-ដីតំបន់២៖ ជាតំបន់វាលទំនាបលិចទឹកក្នុងរដូវវស្សា ដែលតំបន់នេះអាចផ្ដល់ត្រឹមជាសិទ្ធិប្រើប្រាស់ និងអាស្រ័យផលជូនប្រជាពលរដ្ឋដែលបានបង្កបង្កើនផលជាលក្ខណៈគ្រួសារ (ដីរដ្ឋ) បានវាស់វែងដីដែលប្រជាពលរដ្ឋប្រើប្រាស់និងអាស្រ័យផលក្នុងតំបន់២ បានជាង ១៦ ម៉ឺនក្បាលដី ស្មើនឹង ៨០% នៃក្បាលដីប៉ានស្មានប្រមាណ ២០ ម៉ឺនក្បាលដី។
គ-ដីតំបន់១៖ ជាតំបន់ភូមិដ្ឋានរបស់ប្រជាពលរដ្ឋ អាចផ្ដល់ជាកម្មសិទ្ធិ (កម្មសិទ្ធិឯកជន) បានវាស់វែងរួចចំនួន ៧៦ ម៉ឺនក្បាលដី ស្មើនឹង ៨៨% នៃក្បាលដីប៉ានស្មានប្រមាណ ៨៦ ម៉ឺនក្បាលដី និងបានចេញបណ្ណរួចចំនួន ៥៨ ម៉ឺនក្បាលដីជូនប្រជាពលរដ្ឋ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ