ផ្ទុះរឿងអាស្រូវ Ronaldo ជំពាក់ថ្លៃកែសម្ជស្ស ៥ម៉ឺនដុល្លារអត់សង

បរទេស ៖ ស្ទើរតែមិនគួរឱ្យជឿថា Cristiano Ronaldo ដែលកំពូលកីឡាករបាល់ទាត់ មានទ្រព្យធនស្តុកស្តម្ភ តែបែរជាកំពុងប្រឈមមុខនឹងជម្លោះផ្លូវច្បាប់ រឿងជំពាក់លុយកែសម្ផស្សជាង ៥០,០០០ដុល្លារមិនព្រមសង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន VNExpress និង The Sun។

សារព័ត៌មាន The Sun បានរាយការណ៍ថា វេជ្ជបណ្ឌិតកែសម្ផស្សដ៏ល្បីឈ្មោះមួយរូប លោក Roshan Ravindran បានចោទប្រកាន់ Ronaldo ថា មិនបានបង់ប្រាក់ទូទាត់សេវាកម្មដែលលោកផ្តល់ អំឡុងពេលកំពូលកីឡាករបាល់ទាត់សញ្ជាតិព័រទុយហ្កាល់រូបនេះ លេងឱ្យក្លិប Manchester United នៅចក្រភពអង់គ្លេស ក្នុងឆ្នាំ ២០២១ និង ២០២២។

វេជ្ជបណ្ឌិត Rosh បាននិយាយថា លោកមិនត្រឹមតែបម្រើសេវាកម្មដល់ Ronaldo ប៉ុណ្ណោះ ប៉ុន្តែរួមទាំងសមាជិកគ្រួសារ និងអ្នកជិតស្និតបំផុតរបស់កីឡាកររូបនេះផងដែរ នៅក្នុងគ្លីនិកលោកស្ថិតនៅតំបន់ Cheshire ភាគពាយព្យប្រទេសអង់គ្លេស។

ពាក្យបណ្តឹងមិនបានបញ្ជាក់ពីសេវាកម្មវេជ្ជបណ្ឌិត Rosh ផ្តល់ឱ្យ Ronaldo នោះទេ ប៉ុន្តែគ្លីនិកវេជ្ជបណ្ឌិតរូបនេះ ត្រូវបានដឹងថា ផ្តល់សេវាកម្មព្យាបាលផ្តោតលើផ្នែកកែសម្ផស្ស រួមមាន Botox, Fillers, Skin Care និង Eyelifting។

ទោះបីជាយ៉ាងណា កីឡាករ Cristiano Ronaldo ដែលបច្ចុប្បន្នឈានដល់វ័យ ៣៩ឆ្នាំ នៅមិនទាន់ធ្វើការឆ្លើយតបនៅឡើយទេ៕

ប្រភព ៖ VNExpress និង The Sun ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner