ប្រមុខការពារជាតិចិនប្រឈមជ្រុះចេញពីតំណែងទាក់ទិនអំពើពុករលួយ

ប៉េកាំង ៖ របាយការណ៍មួយបានចេញផ្សាយនៅថ្ងៃពុធនេះថា រដ្ឋមន្ត្រីការពារជាតិចិន លោក Dong Jun កំពុងស្ថិតក្រោមដំណើរការស៊ើបអង្កេត ពាក់ព័ន្ធនឹងអំពើពុករលួយ ដោយលោកគឺជាមន្ត្រីជាន់ខ្ពស់ចិនចុងក្រោយបំផុត ដែលជាប់ទាក់ទិននឹងអំពើពុករលួយក្នុងជួរយោធា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

ភ្លាមៗក្រសួងការបរទេស និងការពារជាតិចិន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់កាសែត Reuters និង Financial Times នៅឡើយនោះទេ។

លោក Dong គឺជាប្រមុខការពារជាតិទី៣ហើយ ដែលរងការស៊ើបអង្កេតពាក់ព័ន្ធនឹងអំពើពុករលួយ ខណៈលោក Li Shangfu ដែលជាអតីតរដ្ឋមន្ត្រីការពារជាតិចិនពីមុន ត្រូវបានដកចេញពីតំណែងកាលពីខែតុលា ឆ្នាំ២០២៣ ទាក់ទិននឹងរឿងទទួលសំណូក ព្រមទាំងការប្រើអំណាចរំលោភលើតួនាទី។

លោក Dong Jun ដែលជាអតីតមេបញ្ជាការកងទ័ពជើងទឹកចិន ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិចិន កាលពីខែធ្នូ ឆ្នាំ២០២៣ បន្ទាប់ពីលោក Li Shangfu ត្រូវបានដកចេញពីតំណែង ក្រោយកាន់តំណែងនេះបានត្រឹម៧ខែ។

បន្ទាប់មក លោក Li ក៏ត្រូវបានបណ្ដេញចេញពីគណបក្សកុម្មុយនិស្ដចិន សម្រាប់ការប្រព្រឹត្តទង្វើខុសច្បាប់ ក្នុងនោះរួមមានទាំងការទទួលសំណូក។ លោក Li បានឡើងកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិ បន្ទាប់ពីលោក Wei Fenghe ត្រូវបានដកតំណែងដោយសារអំពើពុករលួយ។

ការស៊ើបអង្កេតលើលោក Dong ធ្វើឡើងស្របពេលដែលប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោកនេះ បានពង្រីកយុទ្ធនាការបោសសម្អាតអំពើពុករលួយ នៅក្នុងជួរកងទ័ពរំដោះប្រជាជនចិន ហៅកាត់ PLA កាលពីឆ្នាំ២០២៣។

លើសពីនេះ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅក្នុងខែវិច្ឆិកានេះ បានបញ្ជាឱ្យយោធាចិនបង្កើនកិច្ចប្រឹងប្រែងកម្ចាត់អំពើពុករលួយ និងពង្រឹងសមត្ថភាពត្រៀមលក្ខណៈសម្រាប់សង្រ្គាម៕

ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner