ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ៖ សុខភាពគឺជាអ្វីៗគ្រប់យ៉ាងរបស់យើងទាំងអស់គ្នា មានសុខភាពល្អទើបយើងអាចមានមូលធនមនុស្សសម្រាប់ការអភិវឌ្ឍ គ្រួសារ សង្គម និងប្រទេសជាតិ

(ភ្នំពេញ)៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងពិធីបើកសិក្ខាសាលា ផ្សព្វផ្សាយការអប់រំសុខភាព ដើម្បីចៀសវាងកត្តហានិភ័យ នៃជំងឺមិនឆ្លង នាព្រឹកថ្ងៃ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ អំពាវនាវដល់សាធារណជនទាំងអស់ ចៀសវាងការប្រើប្រាស់ផលិតផលថ្នាំជក់ និងផលិតផលគ្រឿងស្រវឹង ទទួលទានអាហារដែលមានសុខភាព និងធ្វើលំហាត់ប្រាណឱ្យបានគ្រប់គ្រាន់។ សុខភាពគឺជាអ្វីៗគ្រប់យ៉ាងរបស់យើងទាំងអស់គ្នា មានសុខភាពល្អទើបយើងអាចមានមូលធនមនុស្សសម្រាប់ការអភិវឌ្ឍ គ្រួសារ សង្គម និងប្រទេសជាតិស្របតាមគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាល ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងថា សិក្ខាសាលានេះពិតជាមានសារៈសំខាន់ណាស់ក្នុងការអប់រំសុខភាព និង យកព័ត៌មានដែលទាក់ទងជំងឺមិនឆ្លង ដើម្បីយកទៅផ្សព្វផ្សាយបន្តនៅតាមមូលដ្ឋាន ក្នុងការជំរុញឱ្យប្រជាជនមានការផ្លាស់ប្តូរឥរិយាបថរស់នៅប្រកបដោយសុខុមាលភាព ព្រមទាំងផ្តល់នូវចំណេះដឹង ជំនាញ អាកប្បកិរិយាដល់បុគ្គលនិងគ្រួសារ និងលើកទឹកចិត្តពួកគាត់ឱ្យផ្លាស់ប្តូរឥរិយាបថជាវិជ្ជមាន ដំណើរឆ្ពោះទៅការការពារជៀសវាងពីការជួយសង្គ្រោះ នូវគ្រោះថ្នាក់ដែលកើតមានឡើង តាមរយៈការចូលរួមពី យើងទាំងអស់គ្នាខិតខំធ្វើឱ្យលើសពីការដែលអាចធ្វើទៅបាន។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានណែនាំទាក់ទងនឹងការប្រើប្រាស់ផលិតផលគ្រឿងស្រវឹង គឺមិនមានកម្រិតសុវត្ថិភាពនោះទេ ប្រើប្រាស់ផលិតផលគ្រឿងស្រវឹងកាន់តែច្រើន បង្កហានិភ័យដល់សុខភាពកាន់តែច្រើន។ ការប្រើប្រាស់ផលិតផលគ្រឿងស្រវឹង បង្កបញ្ហាសុខភាពនិងជំងឺច្រើនជាង ២០០ប្រភេទ ជាអាទិ៍ ជំងឺក្រិនថ្លើម ជំងឺមហារីក ជំងឺបេះដូងសរសៃឈាម ជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម។ ការប្រើប្រាស់គ្រឿងស្រវឹងប៉ះពាល់ដល់ការលូតលាស់ខួរក្បាលរបស់យុវវ័យ បណ្ដាលឱ្យញៀន និងបង្កបញ្ហាសុខភាពផ្លូវចិត្តដូចជា ជំងឺថប់បារម្ភ ជំងឺធ្លាក់ទឹកចិត្ត ជាដើម។ លើសពីនេះ ការប្រើប្រាស់គ្រឿងស្រវឹងបានប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គម ជំរុញឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ និងអំពើហិង្សាបុគ្គល គ្រួសារ ផងដែរ។ ការកើតជំងឺមិនឆ្លងបណ្តាលមកពីកត្តាហានិភ័យចម្បងបួន រួមមាន របបអាហារមិនមានសុខភាព កង្វះសកម្មភាពរាងកាយ ការប្រើប្រាស់ផលិតផលថ្នាំជក់ និងការប្រើប្រាស់ផលិតផលគ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់ ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី សំណូមពរដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាធានី-ខេត្តទាំងអស់ យកសារអប់រំសុខភាពដែលក្រសួងសុខាភិបាលបានផលិត ធ្វើការអប់រំផ្សព្វផ្សាយជាប្រចាំ និងឱ្យបានទូលំទូលាយ តាមរយៈការដាក់បញ្ជូលការអប់រំសុខភាពជាសកម្មភាពការងារអាទិភាព ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងរបស់ប្រជាជន អំពីកត្តាហានិភ័យនៃជំងឺមិនឆ្លង ជាពិសេសផលប៉ះពាល់នៃការប្រើប្រាស់ផលិតផលគ្រឿងស្រវឹង៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner