រដ្ឋសភាកម្ពុជា បានពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣ និង អនុម័តសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥

(ភ្នំពេញ)៖ រដ្ឋសភា រកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែវិច្ឆកា ឆ្នាំ២០២៤នេះ បានបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិក-សមាជិកា
រដ្ឋសភា ពេលផ្តើមសម័យប្រជុំចំនួន ១០៥រូប។

អង្គសភាបានបន្តរបៀបវារៈដែលមាននៅថ្ងៃនេះរួមមាន៖
១. ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣។

២. ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។
ចំពោះលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ មានដូចខាងក្រោម៖

សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ គឺជាការឆ្លុះ បញ្ចាំងអំពីលទ្ធផលនៃការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងដោយគោរពទាំងស្រុង ទាំងកាលវសាន ទាំងខ្លឹមសារ តាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីប្រព័ន្ធ ហិរញ្ញវត្ថុសាធារណៈ ដោយផ្អែកលើការបូកសរុបទិន្នន័យចំណូលនិងចំណាយថវិកា ដែលត្រូវបានកត់ត្រា ដោយគណនេយ្យករសាធារណៈ និងការផ្ទៀងផ្ទាត់ អំពីភាពត្រឹមត្រូវនៃទិន្នន័យទាំងនេះជាមួយអាណាប័ក ពាក់ព័ន្ធ ទាំងថវិកាថ្នាក់ជាតិ និងថវិកាថ្នាក់ក្រោមជាតិ។ តួលេខច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៣ ដែលត្រូវបាន ប្រើប្រាស់ជាមូលដ្ឋានសម្រាប់ ប្រៀបធៀបជាមួយការអនុវត្តថវិកា គឺជាតួលេខឥណទានកែតម្រូវក្រោយ ការធ្វើនិយ័តកម្ម ឥណទានថវិកា និងបានបូកបញ្ចូលនូវតួលេខឥណទានបន្ថែមតាមរយៈការធ្វើនិយ័តភាវូបនី- យកម្ម នៃកិច្ចប្រតិបត្តិការចំណាយថវិកាបន្ថែមសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

អង្គសភាបានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ទាំងមូល មានចំនួន ១០៧សំឡេង នៃ ចំនួនសមាជិករដ្ឋសភាទាំងមូល។
២. ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ។

សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ត្រូវបានរៀបចំឡើង ក្នុងបរិការណ៍ដែល រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា កំពុងបន្តជំរុញអនុវត្តយ៉ាងសស្រាក់សស្រាំ នូវបេសកកម្ម ដ៏ឧត្តុង្គឧត្តម ជាប្រវត្តិសាស្ត្ររបស់ខ្លួនជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំឥតរាថយនិង កាន់តែស្វាហាប់ ឆ្លើយតបនឹង ក្តីប្រាថ្នារបស់ប្រជាជន ក៏ដូចជាសំដៅពន្លឿនកិច្ចអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច និងកិច្ចការកែទម្រង់កាន់ ស៊ីជម្រៅនិងទូលំទូលាយលើគ្រប់វិស័យ ដើម្បីបន្តឈានទៅដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយទៀត គឺប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នាពេលខាងមុខ។ ឈរលើមូលដ្ឋាននេះ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ មានគោលដៅបន្តគាំទ្រការអនុវត្តកម្មវិធី នយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសការអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗ និងវិធានការគន្លឹះនានាដែលត្រូវបានដាក់ឱ្យអនុវត្ត ជាបន្តបន្ទាប់ចាប់ពីដើមនីតិកាលទី៧នៃរដ្ឋសភា ឱ្យសម្រេចបាននូវលទ្ធផលផ្លែផ្កាជាអតិបរមា ដើម្បីឆ្លើយតប ទៅនឹងសំណូមពរ សេចក្តីត្រូវការ និងការរំពឹងទុករបស់ ប្រជាជនកម្ពុជាដែលជាម្ចាស់ឆ្នោត។ ទន្ទឹមនេះក្នុង បរិការណ៍ដែលកម្ពុជាកំពុងទទួលផលពីសន្តិភាព និងស្ថេរភាពនយោបាយក្នុងប្រទេស ហើយសេដ្ឋកិច្ចក៏កំពុង ងើបឡើងវិញ និងត្រឡប់ទៅរកភាពប្រក្រតី ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ កម្ពុជា ក៏ដូចជាប្រទេសឯទៀតលើ សកលលោកដែរកំពុងត្រូវបានបន្តហ៊ុមព័ទ្ធ ដោយហានិភ័យ និងភាពមិនប្រាកដប្រជាខ្ពស់ ដែលជាប្រការ អាចយាយីដល់កិច្ចខិតខំប្រឹងប្រែងក្នុង ការបន្តអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់ខ្លួនដើម្បីឈានទៅដំណាក់កាល ថ្មីទៀត ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner