ចិនបាញ់ផ្កាយរណបតាមដានរលកធាតុអាកាស ២គ្រឿងទៅទីអវកាស
ប៉េកាំង ៖ mប្រទេសចិនបានបាញ់បង្ហោះរ៉ុក្កែត Long March-2C នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ដើម្បីបញ្ជូនផ្កាយរណបចំនួនពីរទៅកាន់លំហអាកាស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានស៊ីនហួរ។
គ្រាប់រ៉ុក្កែតនេះ ត្រូវបានបាញ់បង្ហោះនៅម៉ោង ៧និង៣៩ព្រឹក (ម៉ោងក្នុងតំបន់) ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan ស្ថិតនៅភាគពាយព្យប្រទេសចិន ដោយវាបានបញ្ជូនផ្កាយរណបចំនួនពីរ គឺ Siwei Gaojing-2 03 និង Siwei Gaojing-2 04 ទៅកាន់គន្លងតារាវិថីដែលបានកំណត់ទុកជាមុន។ នេះជាបេសកកម្មលើកទី ៥៤៧ នៃស៊េរីរ៉ុក្កែត Long March របស់ប្រទេសចិន។
បង្កើតឡើងដោយក្រុមហ៊ុន Shanghai Academy of Spaceflight Technology, ផ្កាយរណប Siwei Gaojing-2 03 និង Siwei Gaojing-2 04 គឺជាផ្កាយរណបផែនទីមីក្រូវ៉េវពាណិជ្ជកម្ម ដែលគ្រប់គ្រងដោយក្រុមហ៊ុន China Siwei Surveying and Mapping Technology Co., Ltd.។
យោងតាមអ្នកអភិវឌ្ឍន៍បានឱ្យដឹងថា ផ្កាយរណប Siwei ផលិតឡើងបំពាក់ដោយប្រព័ន្ធរ៉ាដាដែលមានភាពជាក់លាក់ខ្ពស់ ដែលផ្តល់ឱ្យពិភពលោកនូវរូបភាពរ៉ាដាកម្រិតខ្ពស់ពេញមួយថ្ងៃ គ្រប់អាកាសធាតុ និងគុណភាពបង្ហាញខ្ពស់ផងដែរ។
នៅពេលដំណើរការពេញលេញ ផ្កាយរណបទាំងពីរនេះ នឹងអាចកំណត់យ៉ាងរហ័សនូវវិសាលភាពនៃគ្រោះមហន្តរាយ ដោយមិនគិតពីលក្ខខណ្ឌអាកាសធាតុ ហើយអនុញ្ញាតឱ្យមានការព្រមានជាមុន និងកំណត់អត្តសញ្ញាណទឹកជំនន់ ឬគ្រោះមហន្តរាយភូមិសាស្ត្រជាដើម៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា