ជប៉ុនបរាជ័យបញ្ឆេះម៉ាស៊ីនបាញ់រ៉ុកកែត បង្កឲ្យមានភ្លើងឆេះសន្ធោសន្ធៅ

តូក្យូ ៖ ទីភ្នាក់ងារអវកាសជប៉ុន ហៅកាត់ JAXA នៅថ្ងៃអង្គារនេះ បានបរាជ័យនៅក្នុងការប៉ន់ប៉ងសាកល្បងបញ្ឆេះម៉ាស៊ីនបាញ់បង្ហោះរ៉ុក្តែត Epsilon S បន្ទាប់ពីកើតមានករណីផ្ទុះឆេះយ៉ាងសន្ធោសន្ធៅនៅទីតាំងធ្វើតេស្តផ្ទាល់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The star។

យោងតាមវីដេអូរបស់ទូរទស្សន៍ជប៉ុន NHK បានបង្ហាញថា ហេតុការណ៍ផ្ទុះដ៏ធំមួយបានបន្លឺឡើង ហើយភ្លាមៗអណ្តាតភ្លើងហ៊ុព័ទ្ធដោយផ្សែងខ្មួលខ្មាញ់បានឆាបឆេះឡើង បន្ទាប់ពីចាប់ផ្តើមការសាកល្បងបញ្ឆេះម៉ាស៊ីនរ៉ុក្តែតនៅឯមជ្ឈមណ្ឌលអវកាស Tanegashima ភាគនិរតីនៃខេត្ត Kagoshima។

ទីភ្នាក់ងារ JAXA បាននិយាយថា ការសាកល្បងម៉ាស៊ីនបាញ់បង្ហោះរ៉ុក្តែត បានជួបប្រទះភាពមិនប្រក្រតី បន្ទាប់ពីការធ្វើតេស្តចាប់ផ្តើមពីក្នុងដីនៅវេលាម៉ោង៨និង៣០នាទី ហើយភ្លាមៗនោះក៏មានសំឡេងផ្ទុះបានកើតឡើងក្រោយការបញ្ឆេះប្រហែល ៤៩វិនាទី។ យ៉ាងណាមិញ បញ្ហានេះមិនបានបណ្តាលឱ្យមានមនុស្សរងរបួស ឬការខូចខាតធ្ងន់ធ្ងរដល់ទីតាំងជិតខាងទេ។

ប្រធានខុទ្ទកាល័យនាយករដ្ឋមន្រ្តីជប៉ុន លោក Yoshimasa Hayashi បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ទីភ្នាក់ងារ JAXA នឹងបើកការស៊ើបអង្កេតឱ្យបានហ្មត់ចត់ ចំពោះមូលហេតុបង្កបញ្ហា ក៏ដូចជាចាត់វិធានការកែលំអរកំហុសឆ្គង។

លោក Hayashi បន្ថែមថា ការអភិវឌ្ឍន៍រ៉ុក្កែតមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីធានាបាននូវស្វ័យភាព (ភាពម្ចាស់ការលើខ្លួនឯង) នៅក្នុងកម្មវិធីអវកាសរបស់ប្រទេសជប៉ុន។

ប្រភពបានឱ្យដឹងថា ការហោះហើរដំបូងរបស់រ៉ុក្តែត Epsilon S ដំបូងឡើយ គ្រោងធ្វើឡើងនៅចុងឆ្នាំសារពើពន្ធថ្ងៃទី៣១ ខែមីនាឆ្នាំក្រោយ ប្រសិនបើការសាកល្បងបញ្ឆេះម៉ាស៊ីននៅថ្ងៃអង្គារនេះទទួលជោគជ័យ។

គួរបញ្ជាក់ថា រ៉ុក្តែត H3 និង Epsilon S គឺជាចំណុចស្នូលនៃមហិច្ឆតារបស់ទីភ្នាក់ងារ JAXA ក្នុងការសាងសង់រ៉ុក្កែតប្រជែងជាមួយក្រុមហ៊ុន SpaceX និងក្រុមហ៊ុន Rocket Lab ចំពេលកើនឡើងតម្រូវការបាញ់បង្ហោះរ៉ុក្តែតពាណិជ្ជកម្ម៕

ប្រភព៖ The Star ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner