លោក ប៉ិច នី ៖ ដំណើរអាជីពការងាររយៈពេល៣០ឆ្នាំពីចំណុចចាប់ផ្តើមដំបូង រហូតទទួលបានសមិទ្ធផលដ៏អស្ចារ្យ

ភ្នំពេញ ៖ កាលពី ៣០ ឆ្នាំមុន ពេលដែលលោក ប៉ិច នី បានចូលរួមជាមួយក្រុមហ៊ុនហ៊ិននីគែន ខេមបូឌាជាលើកដំបូង លោកមានត្រឹមតែការប្តេជ្ញាចិត្ត និងក្តីសង្ឃឹមមួយប៉ុណ្ណោះ។ កាលនោះ លោកគឺជាយុវជននៅលីវម្នាក់ដែលទើបតែបានចាប់ផ្តើមបម្រើការងារដំបូង តែសព្វថ្ងៃនេះលោកគឺជាស្វាមី ជាឪពុក និងជាមេគ្រួសារ ជាមួយនឹងអនាគតដ៏ភ្លឺស្វាងដែលបានកសាងឡើងដោយការខិតខំប្រឹងប្រែង តាមក្តីសង្ឃឹម និងដោយស្នាដៃរបស់ខ្លួនផ្ទាល់ ហើយសមិទ្ធិផលទាំងនេះគឺកើតចេញពីការបម្រើការងាររយៈពេល ៣០ ឆ្នាំរបស់លោកជាមួយ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា។

លោក ប៉ិច នី បានរៀបរ៉ាប់អំពីជីវប្រវត្តិការងាររបស់លោកជាមួយក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ក្នុងវីដេអូពិសេសមួយនេះ ដើម្បីរំលឹកដល់ការចងចាំកន្លងមកជាមួយការងារនេះ។ សូមទស្សនានូវវីដេអូពេញរបស់លោកនៅក្នុងទំព័រហ្វេសប៊ុករបស់ ហ៊ិននីគែនខេមបូឌា។ Video Link : https://www.facebook.com/share/v/129WqEPktzd/https://www.facebook.com/share/v/129WqEPktzd

ក្នុងនាមជាបុគ្គលិកមួយក្នុងចំណោមបុគ្គលិកដែលបម្រើការងារយូរនៅក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា លោក ប៉ិច នី មានឱកាសគ្រប់គ្រងការងារចាប់តាំងពីផ្នែកលក់ និងផ្នែកទីផ្សារ រហូតដល់ដោះស្រាយបញ្ហាប្រឈមផ្នែកភ័ស្តុភារមួយចំនួនអំឡុងពេលដែលប្រទេសកម្ពុជាកំពុងចាប់ផ្តើមអភិវឌ្ឍដំបូង។ លោកបាននិយាយថា៖ «ពេលនោះ យើងត្រូវដឹកជញ្ជូនផលិតផលរបស់យើងតាមទូកទៅឱ្យអតិថិជនរបស់យើង។ ការដឹកជញ្ជូនកាលនោះមានភាពស្មុគស្មាញដោយសារឃ្លាំងស្តុកផលិតផលមានទីតាំងនៅឆ្ងាយពីទីផ្សារសំខាន់ៗរបស់យើង។ ហេតុនេះហើយ ការដឹកជញ្ជូនផលិតផលរបស់យើងទៅដល់ដៃអតិថិជនជាឧបសគ្គដ៏ពិបាកមួយ។

លោកបន្តពន្យល់ថា ទើបតែកំឡុងពេលឆ្នាំ១៩៩៤ ប៉ុណ្ណោះដែលស្ពានជ្រោយចង្វារត្រូវបានសាងសង់រួចរាល់ ហើយនេះបានផ្តល់ជាជំនួយមួយសំខាន់ដល់ការដឹកជញ្ជូនទំនិញរបស់យើង ប៉ុន្តែការដឹកជញ្ជូននៅតែជាបញ្ហាប្រឈមក្នុងការដឹកជញ្ជូនផលិតផលទៅកាន់អ្នកប្រើប្រាស់នៅតាមតំបន់ជាយក្រុង ដូចជាតំបន់ព្រែកលៀបជាដើម។ លោកបានបន្ថែមថា ការដឹកជញ្ជូនផលិតផលរបស់យើងទៅកាន់ខេត្តដាច់ស្រយាលមួយចំនួន ដូចជាខេត្តមណ្ឌលគិរី ត្រូវទាមទារភាពអត់ធ្មត់ និងការប្តេជ្ញាចិត្តខ្ពស់របស់លោកផងដែរ។ លោកបានចែករំលែកថា៖ «ផ្លូវនៅទីនោះពិតជាពិបាកណាស់ យើងត្រូវធ្វើដំណើរតាមផ្លូវរដិបរដុប តាមផ្លូវរទេះ និង ផ្លវធ្វើដំណើរដោយថ្មើរជើងតែប៉ុណ្ណោះ។ ប្រសិនជាពេលបុណ្យទានដូចបុណ្យភ្ជុំបិណ្ឌ ការធ្វើដំណើរពីភ្នំពេញទៅមណ្ឌលគិរីត្រូវចំណាយពេលពី ១២ ទៅ ១៤ថ្ងៃឯណោះ»។ តាមរយៈបញ្ហាប្រឈមទាំងនេះ លោក ប៉ិច នី បានបង្កើតគំនិតមួយ នោះគឺបង្កើតបណ្តាញអ្នកចែកចាយបន្តថ្មីមួយ ដើម្បីដោះស្រាយបញ្ហាចែកចាយផលិតផលនៅតាមបណ្តាខេត្តនានា។ លោកបានពន្យល់ថា៖ «ខ្ញុំយល់ថា ប្រសិនបើយើងអាចដាក់ផលិតផលរបស់យើងឱ្យកាន់តែជិតអតិថិជន នោះដំណើរការចែកចាយទាំងមូលនឹងកាន់តែរលូន»។

ថ្នាក់ដឹកនាំក្រុមហ៊ុនបានពេញចិត្ត និងអនុម័តតាមផែនការរបស់ លោក ប៉ិច នី ហើយប្រព័ន្ធយុទ្ធសាស្ត្រនៃឃ្លាំងចែកចាយក្នុងស្រុកបានបង្កើតឡើង។ ឃ្លាំងចែកចាយទាំងនោះក៏នៅតែប្រើប្រាស់ដល់សព្វថ្ងៃនេះ ដើម្បីផ្គត់ផ្គង់ផលិតផលដល់ខេត្តមួយចំនួនដូចជា កំពង់ចាម ក្រចេះ និងស្ទឹងត្រែងផងដែរ។ ក្រៅពីការផ្តល់ឱកាសឱ្យមានការប្រើប្រាស់គំនិតផ្តួចផ្តើមរបស់គាត់ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក៏បានផ្តល់ឱកាសផ្សេងៗជាច្រើនទៀតដល់លោក ប៉ិច នី ឱ្យគាត់បានស្វែងយល់អំពីការងារថ្មីៗ និងមានទំនាក់ទំនងជាមួយបុគ្គលថ្មីៗជាច្រើនថែមទៀត។ លោក ប៉ិច នី ក៏បានរំឭកអំពីការធ្វើដំណើរលើកដំបូងរបស់គាត់ទៅកាន់ទីក្រុងហាណូយ ដើម្បីចូលរួមសិក្ខាសាលាជាមួយសហការីរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ថា៖ «វាជាលើកទីមួយរបស់ខ្ញុំដែលបានជិះយន្តហោះ។ ក្រុមហ៊ុនបានគាំទ្រយើងគ្រប់មធ្យោបាយ ហើយបានជួយធ្វើលិខិតឆ្លងដែន រៀបចំកន្លែងស្នាក់នៅ និងផ្តល់ទំនុកបម្រុងគ្រប់យ៉ាងដែលយើងត្រូវការ»។ លោកបានមានប្រសាសន៍ថា៖ «ការធ្វើដំណើរទៅវៀតណាមពេលនោះ មិនមែនគ្រាន់តែដើម្បីចូលរួមក្នុងសិក្ខាសាលាប៉ុណ្ណោះទេ តែវាពិតជាជួយឱ្យខ្ញុំមានឱកាសបានជួបមនុស្សថ្មីៗ និងរៀនពីគ្នាទៅវិញទៅមក។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានឆន្ទៈក្នុងការវិនិយោគលើខ្ញុំ ដែលនេះធ្វើឱ្យខ្ញុំមានអារម្មណ៍ថាខ្ញុំមានទំនួលខុសត្រូវកាន់តែធំ »។

ក្នុងឆ្នាំ ២០១២ លោក ប៉ិច នី បានបន្តមហិច្ឆតា និងការខិតខំប្រឹងប្រែងរបស់គាត់ ដោយគាត់ផ្លាស់ប្តូរពីតួនាទីជាអ្នកគ្រប់គ្រងផ្នែកលក់ ដែលគាត់បានដឹកនាំក្រុមតំណាងផ្នែកលក់សឹងតែពាក់កណ្តាលប្រទេសកម្ពុជា ទៅជាអ្នកគ្រប់គ្រងប្រតិបត្តិការគម្រោងវិញ។ ក្នុងមុខតំណែងនោះ លោកបានប្រើប្រាស់ភាពច្នៃប្រឌិតរបស់គាត់ ដើម្បីរៀបចំព្រឹត្តិការណ៍កម្មវិធី និងផ្សព្វផ្សាយម៉ាកយីហោរបស់ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌាឱ្យកាន់តែល្បីល្បាញ ។ កម្មវិធីមួយដែលលោកមានមោទនភាពខ្លាំងនោះគឺ Tiger Street Football ។ ការប្រកួតកីឡានេះ បាននាំមនុស្សជាច្រើនកុះករមកមើលការប្រកួតកីឡាបាល់ទាត់ ដែលវាក៏ជាចំណង់ចំណូលចិត្តមួយរបស់ លោក ផងដែរ។ លោក ប៉ិច នី ក៏មានមោទនភាពផងដែរដែលត្រូវបានទទួលស្គាល់សម្រាប់ការរួមចំណែកជាច្រើនឆ្នាំរបស់គាត់ចំពោះភាពជោគជ័យរបស់ក្រុមហ៊ុន។ សម្រាប់ការបម្រើការងារនៅក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា លោក ប៉ិច នី បានយល់ឃើញថា ជីវិតរស់នៅផ្ទាល់ខ្លួន និងអាជីពរបស់គាត់ ពិតជាមានទំនាក់ទំនងគ្នាយ៉ាងខ្លាំង ដែលវាបានផ្តល់ស្ថេរភាព និងការរីកចម្រើនចំពោះអាជីពការងាររបស់គាត់ និងក្រុមគ្រួសារទាំងមូលរបស់គាត់តែម្តង។ លោកបានបញ្ជាក់ថា៖ «ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា គឺជាមូលដ្ឋានគ្រឹះនៃអ្វីគ្រប់យ៉ាងនៅក្នុងជីវិតរបស់ខ្ញុំ។ ក្រុមហ៊ុនបានគាំទ្រខ្ញុំនៅគ្រប់ជំហាន និងផ្តល់ការលើកទឹកចិត្តដល់ខ្ញុំដោយផ្អែកលើការអនុវត្ត និងការរួមចំណែករបស់ខ្ញុំ។ ពេលខ្ញុំចូលបម្រើការងារ ខ្ញុំគ្រាន់តែជាយុវជន ហើយកាលនោះខ្ញុំនៅលីវនៅឡើយ ហើយឥឡូវនេះខ្ញុំមានគ្រួសារហើយនេះក៏ អរគុណចំពោះឱកាសដែលក្រុមហ៊ុនបានផ្ដល់ឱ្យខ្ញុំ»។

លោក ប៉ិច នី បានរៀបអាពាហ៍ពិពាហ៍នៅខែវិច្ឆិកា ឆ្នាំ១៩៩៤ ត្រឹមតែបីខែប៉ុណ្ណោះបន្ទាប់ពីលោកចូលរួមជាមួយ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ។ ឥឡូវនេះគាត់ជាឪពុកមានកូនស្រីបួននាក់ និងមានចៅម្នាក់។ កូនស្រីច្បងរបស់គាត់មានការងារធ្វើនៅក្នុងវិស័យ ធនាគារ ម្នាក់ទៀតកំពុងសិក្សានៅសាលាពេទ្យ ចំណែកពីរនាក់ទៀតនៅកំពុងសិក្សា។ ពីការធ្វើដំណើរតាមទូកឆ្លងដងទន្លេ រហូតដល់ការធ្វើដំណើរទៅប្រទេសវៀតណាម និងពីអ្នកចែកចាយក្នុងស្រុករហូតដល់មានទំនាក់ទំនងជាមួយសហការីអន្តរជាតិ ដំណើរជីវប្រវត្តិរបស់ លោក ប៉ិច នី ជាមួយក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា គឺឆ្លុះបញ្ចាំងពីភាពរីកចម្រើន ភាពអត់ធ្មត់ និងការលះបង់ទាំងកំលាំងកាយចិត្តជាច្រើន។ ហើយដូចដែល លោក ប៉ិច នី លើកឡើងថា៖ «ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មិនមែនគ្រាន់តែជាក្រុមហ៊ុនអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាប្រៀបបានជាគ្រួសារមួយ»។ បច្ចុប្បន្ន ក្រុមហ៊ុនមានបុគ្គលិកជាង ៧០០ នាក់នៅទូទាំងប្រទេស ខណៈពេលដែលកំពុងទ្រទ្រង់ការងារចំនួន ប្រមាណ៦៦,០០០ បន្ថែមទៀតនៅទូទាំងប្រទេស នេះបើយោងតាមរបាយការណ៍ផលវិជ្ជមានសេដ្ឋកិច្ចសង្គម ដែលធ្វើឡើងដោយក្រុមហ៊ុនទីប្រឹក្សាសិក្សាផលវិជ្ជមាន Steward Redqueen ដើម្បីសិក្សាពីការរួមចំណែករបស់ក្រុមហ៊ុនចំពោះសង្គមក្នុងស្រុក និងសេដ្ឋកិច្ចកម្ពុជា។ របាយការណ៍នេះក៏ត្រូវបានប្រគល់ជូនដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយលោក Jacco van der Lindenប្រធានតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុនហ៊ិននីគែន ក្នុងកិច្ចជំនួបជាមួយសម្តេចនាយករដ្ឋមន្រ្តីដើម្បីអបអរការចូលរួមរយៈពេល៣០ឆ្នាំនៃក្រុមហ៊ុនហ៊ិននីគែននៅក្នុងប្រទេសកម្ពុជា៕ អត្ថបទ ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner