កម្ពុជា ស្វាគមន៍កិច្ចព្រមព្រៀងលើបទឈប់បាញ់ រវាងអ៊ីស្រាអែល និងលីបង់

(ភ្នំពេញ)៖ កម្ពុជា បានសេចក្តីថ្លែងការណ៍ប្រកាសស្វាគមន៍ ចំពោះកិច្ចព្រមព្រៀងលើបទឈប់បាញ់ រវាងអ៊ីស្រាអែល និងលីបង់ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស បានឱ្យដឹងថា កម្ពុជា ស្វាគមន៍កិច្ចព្រមព្រៀងលើ បទឈប់បាញ់ រវាងអ៊ីស្រាអែល និងលីបង់ ហើយកម្ពុជា សង្ឃឹមថា កិច្ចព្រមព្រៀងនេះ នឹងនាំទៅដល់ការបញ្ឈប់ ជាអចិន្ត្រៃយ៍នៃការប្រយុទ្ធគ្នាឆ្លង ព្រំដែនរវាង អ៊ីស្រាអែល-លីបង់ ។

បទឈប់បាញ់មួយរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា គាំទ្រដោយអ៊ីរ៉ង់ បានចូលជាធរមាន នៅម៉ោង ៤ព្រឹក នៅថ្ងៃទី២៧ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) បន្ទាប់ពី លោកប្រធានា​ធិបតីអាមេរិក ចូ បៃដិន ប្រកាសថា ភាគីទាំង២ បានយល់ព្រមទទួលយកកិច្ចព្រមព្រៀងមួយ ក្រោមការសម្របសម្រួលពីសហរដ្ឋអាមេរិក និងបារាំង ។

បើតាមលោក បៃដិន, បទឈប់បាញ់រវាងអ៊ីស្រាអែល ​និងហេសបូឡា គឺមានរយៈពេល ៦០ថ្ងៃ ហើយក្នុងរយៈពេលនេះ អ៊ីស្រាអែល នឹងត្រូវដកកងទ័ពបន្តិចម្ដងៗ ចេញពីតំបន់ភាគខាងត្បូង នៃប្រទេសលីបង់ ។ រីឯកងទ័ពលីបង់ នឹងត្រូវគ្រប់គ្រងទឹកដី នៅក្បែរព្រំដែនជាមួយ អ៊ីស្រាអែល ដើម្បីធានាថា ហេសបូឡា នឹងមិនអាចកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនឡើងវិញនៅទីនោះបាន ។ លោក Biden បាននិយាយថា កិច្ចព្រមព្រៀងនឹងអនុញ្ញាតឱ្យអ្នករស់នៅក្នុងប្រទេសទាំងពីរ ត្រឡប់ទៅផ្ទះរបស់ពួកគេវិញ ដោយសុវត្ថិភាព នៅសងខាងព្រំដែន ។

គួរបញ្ជាក់ថា គណៈរដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែល កាលពីថ្ងៃអង្គារ បោះឆ្នោតអនុម័តលើបទឈប់បាញ់ ក្នុងសំឡេងគាំទ្រ ១០ ទល់នឹង១សំឡេងជំទាស់ ។

ព្រមពេលជាមួយគ្នា នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បានព្រមានទុកមុនថា អ៊ីស្រាអែល នឹងចាត់វិធានការឆ្លើយតប ប្រសិនបើហេសបូឡា បំពានលើបទឈប់បាញ់។ ចាប់តាំងពីខែតុលា ឆ្នាំ២០២៣មក ជម្លោះរវាងអ៊ីស្រាអែល និងហេសបូឡា បានបង្ខំឱ្យប្រជាជនលីបង់ ១.២លាននាក់ ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ និងមនុស្ស ៣ ៧៦៨នាក់ត្រូវបានសម្លាប់ ក្នុងរយៈពេលត្រឹមតែ ២ខែកន្លងមកនេះ៕

ដោយ ឡ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner