រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជំរុញឲ្យក្រុមហ៊ុន ជីប ម៉ុង បន្តការរៀបចំ​ព្រឹត្តិការណ៍​​ដ៏អស្ចារ្យបន្ថែមទៀត ដើម្បីអភិវឌ្ឍផលិតផលទេសចរណ៍​ច្នៃប្រឌិតថ្មីៗ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោកអ្នកឧកញ៉ា លាង ឃុន សហ​ស្ថាបនិក ក្រុមហ៊ុនជីបម៉ុង និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន និងអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុនជីបម៉ុង និងជា​ប្រ​ធានក្រុមអគ្គនាយក ជីប ម៉ុង ព្រមទាំងសហការី ចូលជួបសម្តែងការ​គួរសម និងពិភាក្សាការងារ ដើម្បីផ្តល់កិច្ចសហការគាំទ្រតាមគ្រប់រូបភាព​ដល់​វិស័យទេសចរណ៍ តាមរយៈធុរកិច្ចរបស់ ជីប ម៉ុង គ្រុប ដែលមាន​បុត្រ​សម្ព័ន្ធ​ក្រុមហ៊ុនចំនួន ១៣ ដូចជានៅក្នុងវិស័យបដិសណ្ឋាកិច្ច​សណ្ឋា​គារ ដែលមានសណ្ឋាគារលំដាប់អន្តរជាតិ ធនាគារនិងពាណិជ្ជកម្ម ភេសជ្ជៈ អចនលទ្រព្យ សំណង់ និងកីឡាជាដើម។

ក្នុងកិច្ចជំនួបដ៏មានសារៈសំខាន់នេះ អ្នកឧកញ៉ា លាង ឃុន បាន​ថ្លែង «អរគុណសន្តិភាព» ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង​បច្ចុប្បន្នជា ប្រធានព្រឹទ្ធសភា កម្ពុជា និងបានបន្តរក្សា​សន្តិភាព​នេះ ដោយ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ដោយសារ​កត្តាសុខសន្តិភាព ស្ថិរភាពនយោ​បាយ និងសុខសុវត្ថិភាពពេញ​លេញ ទើប​ផ្តល់ឱកាសឱ្យអាណាចក្រ​ក្រុម​ហ៊ុននេះ មានអាជីវកម្មចំនួន ១៣ ធំៗ ក្នុងគោលបំណងកសាងផ្នត់​គំនិត​រួមគ្នា​កាន់តែខ្លាំង។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនត្រូវការធនធានមនុស្សខ្លាំងៗពីក្រៅប្រទេស ដែល​គេ​ធ្លាប់ដើរមុនប្រជាជនយើងមួយជំហាន ដើម្បីឱ្យគេនាំយកបទ​ពិ​សោធ ចំណេះ ជំនាញផ្សេងៗ មកបង្រៀនដល់បុគ្គលិកជាជនជាតិខ្មែរ ដែលនឹង​ក្លាយជាអ្នកស្នងតំណែង ជ្រោមជ្រែងកសាងជំនួញនេះ​ឱ្យមាន​និរន្តរភាពលើសពី ១០០ឆ្នាំបាន ។

ឯកឧត្តមរដ្ឋមន្ត្រី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលកន្លងមកបានចូលរួមសហការដ៏ធំធេងជាមួយ​ក្រសួង​ទេស​ចរណ៍ រៀបចំព្រឹត្តិការណ៍ដ៏ធំ GUMBALL 3000 ក្នុងការបំបែកកំណត់​ត្រា​ពិភពលោក GUINNESS WORLD RECORDS ចំពោះការដាក់បង្ហាញ​រថយន្ត​ប្រណិតៗ និងច្រើនជាងគេ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ដែលវិញ្ញាបនបត្រ យើងបានទទួលកាលពីថ្ងៃទី២៣ ខែវិច្ឆិកា កន្លងទៅ នៅខេត្តសៀមរាប ហើយកាលានុវត្តភាពនៃកិច្ចសហការរវាង​ក្រសួង​ទេសចរណ៍ និង ជីប ម៉ុង គ្រុប នៅក្នុងវិស័យបដិសណ្ឋាកិច្ច សណ្ឋាគារ និង​ភោជនីយដ្ឋាន ស្នើសុំឱ្យជួយប្រើប្រាស់ផលិតផលគ្រឿងផ្សំ និងវត្ថុដែលផលិត​ដោយខ្មែរ (Khmer hand made) បន្តការរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យរួមគ្នា​បន្ថែមទៀត ការអភិវឌ្ឍផលិតផលទេសចរណ៍ច្នៃប្រឌិតថ្មីៗ បន្តសកម្មភាព​សប្បុរសធម៌ និងមនុស្សធម៌។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យដំណើរទស្សនកិច្ច​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន ជីប ម៉ុង គ្រុប សូមជ្រើសរើសគោលដៅទេសចរណ៍ក្នុងស្រុក ជាពិសេស តំបន់អេកូទេសចរណ៍, សហគមន៍ទេសចរណ៍ធម្មជាតិ និងជួយ​គាំទ្រ​ឱ្យកាន់តែសកម្មចំពោះកម្មវិធីនានារបស់ក្រសួងទេសចរណ៍ផងដែរ ៕

ដោយ ៖ ហេង សម្បត្តិ +ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner