ព្រះមហាក្សត្រកម្ពុជា ស្ដេចយាងបំពេញ ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅវៀតណាម រយៈពេល ២ថ្ងៃ

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្បស់បំផុត ព្រះអង្គបានសព្វព្រះរាជហទ័យ យាងចាកចេញពីមាតុប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល ២ថ្ងៃ នៅប្រទេសវៀតណាម នៅថ្ងៃទី២៨-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ តបតាមការយាងរបស់ឯកឧត្តម លឿង គឿង ប្រធានាធិបតី នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ។

អញ្ជើញអមព្រះរាជដំណើរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង រួមមាន៖ សម្តេចមហា​មន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តម​ប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ ឯកឧត្តម ស្រី ណូរី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមា​ជិកក្រុមប្រឹក្សាធម្មនុញ្ញ និងជានាយកព្រះរាជខុទ្ទកាល័យ ព្រះមហាក្សត្រ ព្រមទាំង​តំណាងជាន់ខ្ពស់មកពីស្ថាប័ន ព្រឹទ្ធសភា និងរដ្ឋសភា ។

ក្នុងព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង នឹងមាន ព្រះរាជសវនាការ ជាមួយថ្នាក់ដឹកនាំវៀតណាម អំពីទំនាក់ទំនងទ្វេភាគីដ៏ល្អ ដែល​ស្របទៅនឹងស្មារតី ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិ​បត្តិ​ការ​គ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរ យូរអង្វែង រវាងប្រទេសទាំងពីរ។

ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទៅកាន់ប្រទេស​វៀត​ណាម គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយ ក្នុង​ទំនាក់ទំនងដ៏យូរ​អង្វែង​របស់ប្រទេសទាំងពីរ ព្រមទាំងនឹងរួមចំណែកក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅថែម​ទៀតនូវចំណងមិត្តភាពដ៏ ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការ ដែលផ្ដល់ផល​ប្រយោជន៍​រវាងប្រទេសទាំងពីរ។

ក្នុងសារលិខិតមួយផ្ញើជូនជនរួមជាតិ ព្រះមហាក្សត្រ ទ្រង់បានមានព្រះបន្ទូលថា នៅក្នុងឱកាសអវត្តមាន របស់ព្រះអង្គនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ទទួលជួយក្នុងព្រះបរមនាមព្រះអង្គ ជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ សួង ពិសិដ្ឋ និង វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner