អបអរសាទរខួប៦ឆ្នាំនៃការបញ្ចូលល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ
ភ្នំពេញ៖ នៅថ្ងៃនេះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ កាលពី៦ឆ្នាំមុននាទីក្រុងព័រល្វីស នៃសាធារណរដ្ឋម៉ូរីសល្ខោនខោលរបស់ខ្មែរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ (២៨ វិច្ឆិកា ២០១៨ – ២៨ វិច្ឆិកា ២០២៤)។នេះក៏ផ្តើមចេញពីការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា និងការខិតខំប្រឹងប្រែងមិនបន្ធូរដៃរបស់ថ្នាក់ដឹកនាំនិងអ្នកជំនាញនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាសេនាធិការ ។
សូមជម្រាបថា «ល្ខោនខោល» ដែលជាស្នាដៃសិល្បៈបុរាណ ដ៏វិសេសវិសាលអស្ចារ្យរបស់កម្ពុជា ត្រូវបានអង្គការយូណេស្កូ សម្រេចដាក់ចូលក្នុងបញ្ជី បេតិកភ័ណ្ឌពិភព អរូបីនៃមនុស្សជាតិ ក្នុងឱកាសកិច្ចប្រជុំលើកទី១៣ ក្នុងទីក្រុងព័រល្វីស នៃសាធារណរដ្ឋម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានសរសេរនៅបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្ដេចនៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកាដោយគូសបញ្ជាក់ថា “ការដាក់បញ្ចូល «ល្ខោនខោល» ទៅក្នុងបញ្ជីអរូបីនៃមនុស្សជាតិនាពេលនេះ គឺជាការរួមចំណែកធ្វើឲ្យកេរ្តិ៍ឈ្មោះ របស់ព្រះរាជាណាចក្រកម្ពុជា កាន់តែល្បីសុះសាយទូទាំងពិភពលោក ហើយធ្វើឱ្យកម្ពុជាក្លាយជាតួអង្គកាន់តែលេចធ្លោថែមទៀត នៅលើវេទិកាបេតិកភណ្ឌពិភពលោក”។សម្ដេចតេជោ ហ៊ុន សែន បានបញ្ចប់សំណេរដោយសង្កត់ធ្ងន់ថា”កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប”។
នៅលើទំព័រហ្វេសប៊ុករបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាកម្ពុជាឯណោះវិញបានបង្ហាញនូវការ
អបអរសាទរខួប៦ឆ្នាំនៃការដាក់បញ្ចូលល្ខោនខោលវត្តស្វាយអណ្តែតក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូផងដែរ។
នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកានេះដែរជាមួយសារអបអរសាទរខួប៦ឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោលវត្តស្វាយអណ្តែតក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានផ្តល់សារអំពាវនាវថា “កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប”។
យោងតាមប្រវត្តិសង្ខេបបង្ហាញថា ល្ខោនខោល ឬ ល្ខោនពាក់របាំងមុខ គឺជាល្ខោនមួយ ដែលមានលក្ខណៈចំណាស់របស់កម្ពុជា មានដើមកំណើតនៃការ សម្តែងក្នុងអំឡុង សម័យអង្គរ។ វាត្រូវបានគេជឿជាក់ថាបានចាប់ផ្តើមក្នុងអំឡុងប្រហែលសតវត្សទី១០ តាមរយៈសិលាចរឹក ប្រាសាទសំបូរព្រៃគុក ចរឹកក្នុងរាជព្រះបាទ ជ័យវរ្ម័នទី៥ (គ.ស ៩៦៨-១០០១) និយាយពី ព្រាហ្មណ៍បុរាហិតម្នាក់នៅ ភៈវៈបុរៈ បានបញ្ជូនមនុស្ស ៥០នាក់ឱ្យទៅធ្វើអ្នកបម្រើក្នុងរាជវាំង នាក្រុងអង្គរ ក្នុងចំណោមនោះមាន៦នាក់ ត្រូវទៅផ្ទះនាខោល (កន្លែងហាត់ខោល)។
ល្ខោនខោល ត្រូវបានគេជឿថា ជាល្ខោនដែលបម្លែងចេញពី ល្ខោនស្បែកធំ ។ពាក្យខោលដែលជាពាក្យនាមសព្ទ ។នៅក្នុងវចនានុក្រមរបស់សម្ដេចសង្ឃរាជ ជួន ណាត មានន័យថា ទម្រង់ខ្លី យើងអាចទាញន័យសេចក្ដីបានថា ល្ខោនខោល ជាល្ខោនទម្រង់មួយបែប ដែលលេងជាកំណាត់រឿងខ្លីៗ ពាក្យ ខោល ត្រូវបានជួបប្រទះក្នុងសិលាចរឹកមួយចំនួនទៀតដូចជា សិលាចារឹក តំបន់ភាគខាងលើស្ទឹងស្រែង ខេត្តសៀមរាប ចារឹកនៅចុង ស.វទី១០ និយាយពី ល្ខោនមុខខោល ដែលសំដៅទៅលើការពាក់របាំងមុខរាំ ហៅថា មុខខ្មុក។
ល្ខោនខោល ត្រូវបានកត់ត្រាដោយលោក ហេនរី មូហត ក្នុងពិធីពិសារភោជនីយអាហារ ជាមួយនិងទស្សនីយភាព ល្ខោនខោល ក្នុងរាជដំណាក់ព្រះបរមរាជវាំង នាក្រុងឧដុង្គជាមួយព្រះបាទ អង្គឌួង ក្នុងឆ្នាំ ១៨៥៦ និងបានចងក្រងក្នុងសៀវភៅលោកប៉ូល ក្រាវ៉ា( Paul Cravath) មានឈ្មោះថា Earth in Flower: The Divine Mystery of the Cambodian Dance Drama ចេញផ្សាយឆ្នាំ ២០០៨។
រហូតមកដល់រាជ ព្រះបាទសម្តេចព្រះ ស៊ីសុវត្ថិ របាំហ្លួងក្នុងទម្រង់ល្ខោនខោល តែងត្រូវបានយកមកសម្ដែងជាញឹកញាប់ដើម្បីឱ្យក្រុមការទូត ឬ ក្រុមវិទូបារាំងបានទស្សនា ដោយការស្រលាញ់របាំបុរាណខ្មែរ លោក ហ្សក ហ្គ្រូលីយេរ – (George Groslier) បានចងក្រងជាសៀវភៅកំណត់ត្រា “Danseuses cambodgiennes, anciennes & modernes” ឆ្នាំ ១៩១៣ ។ របាំហ្លួងក្នុងទម្រង់ល្ខោនខោល មានន័យថា របាំរបស់ស្ដេចរាំជាទម្រង់សាច់រឿងនៃការពាក់របាំងមុខរាំ ។ ការវិត្តនៃសិល្បៈរបាំរបស់កម្ពុជា គឺផ្សារភ្ជាប់ទៅនិង ធម្មជាតិ វណ្ណៈសង្គម និង លទ្ធិសាសនាព្រាហ្មណ៍ ដែលជាសាសនាដើមនា ប្រទេសឥណ្ឌា គឺ ហិណ្ឌូសាសនា ដែលមានទំនាក់ទំនងសាច់រឿងបែបទេវៈកថា បញ្ជូលទៅក្នុងសិល្បៈរបាំរបស់កម្ពុជា ភាពរស់រវើកនៃរបាំរបស់កម្ពុជា បានកត់ត្រាក្នុងកំណត់ហេតុលោក ហ្សក ហ្សឺដេស មានចំណងជើងថា (La danse du Cambodge) ក្នុងឆ្នាំ ១៩៤៤ និងបន្តចេញ ផ្សាយដោយ Paul Cravath មានចំណងជើងថា The Ritual Origins of the Classical Dance Drama of Cambodia ក្នុងឆ្នាំ១៩៨៦ [៧] ល្ខោនខោល បានលិចឡើងម្ដងទៀត នាស.វទី២០ ក្នុងរាជ ព្រះបាទសម្តេចព្រះ ស៊ីសុវត្ថិ ហើយបន្តក្នុងរាជព្រះបាទ នរោត្ដម សីហនុ ក្នុងឆ្នាំ១៩៤៨ ក្រោយសង្គ្រាមលោកលើកទី២ ។
បន្ទាប់ពីរៀបចំការការហាត់សមល្ខោនខោលឡើងវិញ បន្ទាប់មកទ្រង់បានទៅទស្សនាល្ខោនខោល របស់វត្តស្វាយអណ្ដែត ខេត្តកណ្ដាល ជាមួយនិងការសំដែងដើម្បីសុំទឹកភ្លៀងនៅក្នុងសហគមន៍ជារៀងរាល់ឆ្នាំ ការយាងទៅទស្សនារបស់ទ្រង់បានចុះផ្សាយក្នុងទស្សនាវដ្ដី (កម្ពុជាសុរីយា) លើកដំបូង របស់លោក ទេពពិទូរ ឈឹម ក្រសេម ឬ ឧកញ៉ា ក្រសេមគន្ទៈបណ្ឌិត ចុះកាលបរិច្ឆេទ ចុះផ្សាយ ថ្ងៃទី៣ ខែមីនា ក្នុងឆ្នាំ ១៩៤៨ ដែលមានចំណងជើងថា “ល្ខោនខោល វត្តស្វាយអណ្ដែត” ដែលលោកបានបញ្ជាក់ក្នុងអត្ថបទចុះផ្សាយនោះថា ជាទម្រង់ល្ខោន ដែលសម្ដែងបានតែចំពោះរឿងទេវៈកៈថាប៉ុណ្ណោះ ដូចជារឿង រាមកេរ្តិ៍ និង រឿងមួយចំនួនទៀត ក្រោយមកគេបានក៏សាងរូបសំណាករង្វង់មូល ហនុមានកាច់កយក្ស ក្នុងឆ្នាំ ១៩៥៤ ក្រោយទទួលបានឯករាជ្យពីប្រទេសបារាំង ។ប៉ុន្តែក្រោយមករូបសំណាកនោះបានប្ដូរជារូបសំណាករង្វង់មូល សម្ដេចសង្ឃរាជ ជួន ណាត មកដល់បច្ចុប្បន្ន ។
ចំណែក មុខខ្មុក ជាមុខតួអង្គផ្សេងៗគ្នា ធ្វើដោយស្មាច់ក្រដាស ឬ ក្រណាត់ លាបខ្មុកម្រក្សណ៍ ពាក់សំរាប់រាំល្ខោនរបាំងមុខ ខ្មុកជាពុម្ពមុខដែលធ្វើពី ម្រក្សណ៍លាយនិងកម្លោចស្លឹកចេក ឬអ្វីផ្សេងៗដែលប្រើសម្រាប់ចាក់ជាក្បាច់ ឬ លាបលនលើវត្ថុឱ្យរឹងមាំជាប់ជាពុម្ពបានល្អ មិនឱ្យវាជ្រាបទឹកផង និងងាយស្រួលក្នុងការបិទក្បាច់ គូរនិងផាត់ពណ៌ផង។ ពាក្យខ្មុក នេះផងដែរត្រូវបានប្រទះនៅតាមសិលាចារឹកជាច្រើន ជាពិសេសសិលាចារឹក (គ.ស ៩៧៤)។ ល្ខោនខោលសម្ដែងក្នុងរឿងទេវៈកៈថា មហាភារតៈយុទ្ធ, កូរសមុទ្រទឹកដោះ, រាមកេរ្តិ៍ ។
សូមជម្រាបថា ព្រះរាជាណាចក្រកម្ពុជាបានចូលជាសមាជិកអង្គការយូណេស្កូនៅថ្ងៃទី៣ កក្កដា១៩៥១ខណៈអង្គការនេះបង្កើត នៅថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ១៩៤៥។អង្គការយូណេស្កូគឺជាផ្នែកមួយរបស់អង្គការសហប្រជាជាតិធ្វើការផ្តោតសំខាន់ទៅលើការអប់រំវិទ្យាសាស្ត្រ ។អង្គការនេះមានបេសកកម្មពិសេសលើក កម្ពស់កិច្ចសហប្រតិបត្តិការក្នុងចំណោមប្រជាជាតិនានា តាមរយៈការអប់រំ វិទ្យាសាស្ត្រ វប្បធម៌ និងទំនាក់ទំនង។
ចាប់តាំងពីកម្ពុជាបានចូលជាសមាជិករបស់អង្គការយូណេស្កូ កម្ពុជាបានចុះបញ្ជីសម្បតិ្តបេតិកភណ្ឌរូបីចំនួន ៤,សម្បតិ្ត បេតិកភណ្ឌអរូបី ចំនួន ៦ និងបញ្ជីស្មារតីចងចាំនៃពិភពលោកចំនួន ៣ ដើម្បីថែរក្សានូវទម្រង់ដើមនៃវប្បធម៌ក៏ដូចជា មរតកឥតកាត់ថ្លៃដែលបានបន្សល់ទុកដោយដូនតាខ្មែរ ព្រមទាំងជាការចងចាំនូវប្រវត្តិសាស្ត្ររបស់កម្ពុជា។
១.បេតិកភណ្ឌរូបីនៃមនុស្សជាតិ៖
- តំបន់រមណីយដ្ឋានអង្គរ ចុះបញ្ជីនាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នៅទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក
- ប្រាសាទព្រះវិហារ ចុះបញ្ជីនាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិក ប្រទេសកាណាដា
- តំបន់ប្រាសាទសំបូរព្រៃគុក ចុះបញ្ជីនាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ
- រមណីយដ្ឋានប្រាសាទកោះកេរ ចុះបញ្ជីនាថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ។
២. បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ៖ - របាំព្រះរាជទ្រព្យ ចុះបញ្ជីនាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ នៅទីក្រុងអ៊ីស្ដន់ប៊ូល ប្រទេសតួកគី
- ល្ខោនស្រមោលស្បែកធំ ចុះបញ្ជីនាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ នៅទីក្រុងប៉ារីស ប្រទេសបារាំង - ល្បែងទាញព្រ័ត្រ ចុះបញ្ជីនាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ នៅទីក្រុងវិនឌុក ប្រទេសណាមីប៊ី
- ចាប៉ីដងវែង ចុះបញ្ជីនាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងអេតឌីសអាបាបា ប្រទេសអេត្យូពី
- ល្ខោនខោលវត្តស្វាយអណ្តែត ចុះបញ្ជីនាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងព័រល្វី នៃសាធារណរដ្ឋម៉ូរីស
- គុនល្បុក្កតោ ចុះបញ្ជីនាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងរ៉ាបាត ព្រះរាជាណាចក្រម៉ារ៉ុក ។
៣. បញ្ជីស្មារតីចងចាំនៃពិភពលោក៖ - បណ្ណាសារឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ទួលស្លែង ចុះបញ្ជីនាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩ នៅទីក្រុងប្រ៊ីដថោន ប្រទេសបាបាដូស
- ឯកសារសំឡេងនិទានរឿងរាមកេរ្ដិ៍ ដោយតាគ្រុឌ ចុះបញ្ជីនាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤ នៅខេត្តខ្វាងចូវ ប្រទេសចិន
- រឿងអ៉ីណាវ បុស្សិបា ចុះបញ្ជីនាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង៕
ដោយ៖មុនី,វុទ្ធី រតនា