អភិបាលខេត្ត៖ការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឱ្យ​កាន់តែស៊ីជម្រៅ គឺជាមូលដ្ឋានគ្រឹះឆ្ពោះ​ទៅសម្រេចបាននូវ​ចក្ខុវិស័យរបស់កម្ពុជា

បាត់ដំបង៖រដ្ឋបាលខេត្តបាត់ដំបងបានបើកវេទិកាថ្នាក់ខេត្តស្ដីពីកំណែ​ទម្រង់វិមជ្ឈការ និង វិសហមជ្ឈការដើម្បីសម្រេច​បាននូវ​ចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០ក្រោមអធិបតីភាពឯកឧត្តម អ៊ុយ រី ប្រធានក្រុម​ប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ។

ថ្លែងក្នុងពិធីបើកវេទិកាកាលពីថ្ងៃទី២៦ ខែវិច្ឆិកាឯកឧត្តម សុខ លូ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹង​ប្រែង​ប្រកប​ដោយឆន្ទៈដ៏មោះមុតក្នុងការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហ​មជ្ឈការ ផ្តោតលើការរៀបចំឡើងវិញ នូវរចនាសម្ព័ន្ធប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាលថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិឱ្យស្របតាមគោលការណ៍ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។

ឯកឧត្តម សុខ លូ បន្ថែមថា ការរៀបចំវេទិការវាង រាជរដ្ឋាភិបាលនិង​រដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាកិច្ចការថ្មី​​មួយដែល​រាជរដ្ឋា​ភិបាល​នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្ដោតការយកចិត្តទុកដាក់លើការបន្ត​ពង្រឹង និងជំរុញដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឱ្យ​កាន់តែស៊ីជម្រៅ ដើម្បីចូលរួមអនុវត្តកម្មវិធីនយោបាយនិង​យុទ្ធសាស្ត្រ​បញ្ចកោណដំណាក់កាលទី១សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ក្លាយជា​ប្រទេស​មានចំណូល​មធ្យមកម្រិតខ្ពស់ និង ឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។

ឯកឧត្តម សុខ លូ បញ្ជាក់ទៀតថាការធ្វើកំណែទម្រង់វិមជ្ឈការ​និងវិសហមជ្ឈការមានគោលបំណងផ្តោតសំខាន់ ក្នុងការចូលរួមថែ
រក្សាសុខសន្តិភាព ស្ថិរភាព នយោបាយ បង្កើតឱ្យមានមូលដ្ឋានគ្រឹះ​ប្រជាធិបតេយ្យ អភិបាលកិច្ចមូលដ្ឋាន សំដៅដល់​ការ​លើកកម្ពស់ ការផ្តល់សេវាជូនប្រជាពលរដ្ឋ ការអភិវឌ្ឍសេដ្ឋកិច្ច ឆ្លើយតបនូវតម្រូវ​ការប្រជាពលរដ្ឋឱ្យចំគោលដៅ សំដៅដល់ការចូលរួម​​អភិវឌ្ឍសេដ្ឋជាតិ ប្រកបដោយចីរភាព ៕

អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.

ads banner