សិក្ខាសាលាស្តីពី “សមិទ្ធផលសម្រេចបាន និងកេរដំណែលរបស់ អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍នៃក្រុមការងាររាជរដ្ឋាភិបាល ទទួលបន្ទុកការអនុវត្តមុខងារសេសសល់របស់អង្គជំនុំជម្រះវិសាមញ្ញក្នុង តុលាការកម្ពុជា (អ.វ.ត.ក.) បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី “សមិទ្ធផលសម្រេចបាន និងកេរដំណែលរបស់ អ.វ.ត.ក.” នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្រ្តី ។
ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ថ្លែងថា អង្គជំនុំជម្រះវិសាមញ្ញក្នុង តុលាការកម្ពុជា (អ.វ.ត.ក.) គឺជាតុលាការគំរូ អន្តរជាតិមួយ ដែលបានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា និងមានការចូលរួមអនុវត្តការងារពី អង្គការសហប្រជាជាតិ ព្រមទាំងមានការផ្តល់ថវិកាពីរាជរដ្ឋាភិបាលកម្ពុជានិងសហគមន៍អន្តរជាតិ ដើម្បីកាត់ទោសឧក្រិដ្ឋកម្មប្រល័យពូជសាសន៍នៃរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបខ្មែរក្រហម ។ តុលាការនេះ បានប្រើប្រាស់យុត្តាធិការរបស់ប្រទេសជាម្ចាស់គឺកម្ពុជា និងប្រើច្បាប់ចម្រុះទាំងប្រព័ន្ធ ច្បាប់ Civil Law និងទាំងប្រព័ន្ធច្បាប់ Common Law សម្រាប់ដំណើរការកាត់សេចក្ដីក្នុងគោលដៅ ពីរដើរទន្ទឹមគ្នា គឺទី១-ផ្តល់យុត្តិធម៌ជូនជនរងគ្រោះនៃរបបខ្មែរក្រហម និងទី២-ធានាឱ្យបាននូវ និរន្តរភាពនៃសុខសន្តិភាព ការបង្រួបបង្រួមជាតិ និងការផ្សះផ្សាជាតិ ជូនជាតិមាតុភូមិ ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់នូវតួនាទីដែលមិនអាចកាត់ថ្លៃបានរបស់រដ្ឋាភិបាលជប៉ុន ចាប់តាំងពីដំណើរការកសាងសន្តិភាពនៅកម្ពុជា និងការចូលរួមចំណែកយ៉ាងសកម្ម តាំងពីដំណាក់កាលចចារបង្កើតឱ្យមានតុលាការកូនកាត់នេះ ពោលគឺ ៖ ជប៉ុនបានជួយសម្របសម្រួល និង បានជួយទំលុះភាពទាល់ច្រកទៅលើការខ្វែង គំនិតគ្នារវាងក្រុមការងារចចាររបស់រាជរដ្ឋាភិបាលកម្ពុជា និងភាគីអង្គការសហប្រជាជាតិ ទាក់ទងនឹងគំរូតុលាការដែលត្រូវបង្កើតឡើង ។ រីឯ នៅពេលចាប់ផ្តើមដំណើរការកាត់សេចក្តីចាប់ពីឆ្នាំ២០០៦រហូតទល់ពេលបច្ចុប្បន្ននេះ ជប៉ុនក៏បាននិងកំពុងបំពេញ តួនាទីជាសហប្រធាននៃក្រុមប្រទេសជាមិត្តរបស់អ.វ.ត.ក. ជាមួយប្រទេសបារាំងក្នុងការជួយ សម្របសម្រួលនិងកៀគរថវិកា សម្រាប់គាំទ្រដល់ដំណើរការកាត់សេចក្តីដោយរលូន និងទទួលបានជោគជ័យ ។
ឯកឧត្តមបន្ថែមថា សមិទ្ធផលដ៏ថ្លៃថ្លាជាប្រវត្តិសាស្ត្ររបស់អ.វ.ត.ក. ធ្វើឱ្យប្រទេសកម្ពុជាត្រូវបានគេចាត់ទុកថាជាប្រទេសមួយ ដែលមានសក្តានុពលជាងគេក្នុងតំបន់ ទាក់ទងទៅនឹងការកសាងសន្តិភាព ការបង្រួបបង្រួមជាតិ ការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និង ដំណើរការទទួលខុសត្រូវចំពោះមុខច្បាប់ ។
ដើម្បីបន្តថែរក្សាកេរដំណែលពីថ្នាក់ដឹកនាំជំនាន់មុនឱ្យបានគង់វង្សជានិរន្ត រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមគតិបណ្ឌិតដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញគោលដៅជាយុទ្ធសាស្ត្រ ដោយបន្តការពារឱ្យបានជាដាច់ខាតនូវសន្តិភាព, ស្ថិរភាពនយោបាយ, សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដែលកត្តាទាំងនេះ ជាបុរេលក្ខខណ្ឌមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកប ដោយចីរភាព ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានផ្តល់អាទិភាពសំខាន់លើការលើក កម្ពស់កិច្ចសហការអន្តរជាតិ និងរក្សាទុកនូវមរតកប្រវត្តិសាស្ត្រ ដែលមិនអាចកាត់ថ្លៃបានសម្រាប់ បន្សល់ទុកដល់កូនខ្មែរគ្រប់ជំនាន់ ឱ្យស្វែងយល់អំពីការពិតនៃភាពយង់ឃ្នង អមនុស្សធម៌ និងការ បំផ្លិចបំផ្លាញនៃរបបប្រល័យពូជសាសន៍របស់ខ្មែរក្រហមក្នុងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា ក៏ដូចជា បញ្ចៀសសង្គ្រាមក្នុងសង្គមកម្ពុជា និងការបណ្តុះស្មារតីស្នេហាជាតិ ការស្រឡាញ់សន្តិភាព ស្ថិរភាព និងការបង្រួបបង្រួមជាតិ ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ៕
ដោយ ៖ គ្រី សម្បត្តិ