ក្រុមហ៊ុន YCH Group បង្ហាញបំណងវិនិយោគ លើវិស័យដឹកជញ្ជូន និងឡូជីស្ទីក នៅកម្ពុជា

(ភ្នំពេញ)៖ សម្លឹងឃើញ នូវកាលានុវត្តភាព និងសក្ដានុពលជាច្រើន នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន YCH Group បានបង្ហាញបំណងវិនិយោគ វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់​ រួមមាន៖ វិស័យដឹកជញ្ជូន និងឡូជីស្ទីក ជាដើម។

នេះជាការគូសបញ្ជាក់ របស់លោក Robert Yap ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន YCH Group ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

លោកប្រធានក្រុមហ៊ុន បានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីអាជីវកម្មរបស់ក្រុមហ៊ុន ដែលកំពុងប្រតិបត្តិការនៅតាមបណ្ដា ប្រទេសចំនួន១៦ ហើយក្រុមហ៊ុន មានឧត្តមភាព លើផ្នែកដឹកជញ្ជូន និងឡូជីស្ទីក ដែលបានធ្វើឱ្យក្រុមហ៊ុន ប្រែក្លាយជាក្រុមហ៊ុនឈានមុខមួយ​ នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ សម្រាប់តំបន់អាស៊ី ។

លោកប្រធានក្រុមហ៊ុន ក៏បានសម្ដែងនូវចំណាប់អារម្មណ៍ យ៉ាងខ្លាំងចំពោះកម្ពុជា ដែលសម្រេចបាន នូវកំណើនសេដ្ឋកិច្ចមួយដ៏ខ្ពស់ប្រកបដោយចីរភាព ហើយតាមរយៈនេះ ក្រុមហ៊ុន ក៏បានសម្លឹងឃើញ នូវកាលានុវត្តភាព និងសក្ដានុពលជាច្រើន នៅក្នុងប្រទេសកម្ពុជា ដោយក្រុមហ៊ុន បានបង្ហាញបំណងវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់​ ដែលរួមមានវិស័យដឹកជញ្ជូន និងឡូជីស្ទីក​ ជាដើម។

ជាការឆ្លើយតប សម្ដេចបវរធិបតី បានសម្តែងក្តីរីករាយចំពោះក្រុមហ៊ុន ដែលមានចំណាប់អារម្មណ៍ នៅក្នុងការស្វែងរកឱកាស វិនិយោគលើហេដ្ឋារចនាសម័្ពន្ធតភ្ជាប់នៅកម្ពុជា។

សម្ដេចបវរធិបតី បានគូសបញ្ជាក់អំពីសារសំខាន់ នៃវិស័យនេះ ដែលធានាបាននូវភាពប្រកួតប្រជែង របស់កម្ពុជាទាំងនៅក្នុងតំបន់ និងពិភពលោក។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង លើការកសាងប្រព័ន្ធហេដ្ឋារចនាសម័្ពន្ធតភ្ជាប់ ដើម្បីគាំទ្រទៅដល់វិស័យដឹកជញ្ជូន និងឡូជីស្ទីក មានជាអាទិ៍៖ អាកាសយានដ្ឋានអន្តរជាតិ, កំពង់ផែទឹកជ្រៅ, ផ្លូវល្បឿនលឿន, ការលើកកម្ពស់គុណភាពផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ថ្នល់ ជាច្រើន ។

សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់បន្ថែមថា ទន្ទឹមនឹងការទាក់ទាញវិនិយោគិនថ្មីៗមកកម្ពុជា រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ជាអាទិភាព ចំពោះការធានាឱ្យបាននូវបរិយាកាសអំណោយផល, ភាពប្រកួតប្រជែង, ភាពរីកចម្រើន, និងភាពជោគជ័យ របស់វិស័យឯកជន ដែលកំពុងតែមានប្រតិបត្តិការ អាជីវកម្ម និងវិនិយោគនៅកម្ពុជា ។

សម្ដេចបវរធិបតី ក៏បានលើកទឹកចិត្ត ឱ្យក្រុមហ៊ុន បន្តពិភាក្សាឱ្យបានលម្អិត​​ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត ជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ក្នុងការរៀបចំផែនការអាជីវកម្ម សម្រាប់ពេលអនាគត របស់ក្រុមហ៊ុន​ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner