ប្រគល់ទទួលអគារសិក្សា៥ខ្នង និងសមិទ្ធផលនានាក្រោយជួសជុលរួចជាស្ថាពរ នៅស្រុកស្វាយចេក
បន្ទាយមានជ័យ៖សហគមន៍មូលដ្ឋាន និងសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូគ្រិស្តនៃពួកបរិស័ទថ្ងៃចុងក្រោយបានជួយជួសជុលអគារសិក្សាចំនួន៥ខ្នង ក្នុងនោះមាននៅវិទ្យាល័យស្វាយចេក ,បឋមសិក្សាសុខសាន្ត ,បឋមសិក្សាគីឡូម៉ែត្រ៤ ,បឋមសិក្សាចង្ហា និងបឋមសិក្សាម្កាក់ ត្រូវបានប្រគល់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីដើមសប្ដាហ៍កន្លងទៅនេះ ។ពិធីបានប្រារព្ធ នៅវិទ្យាល័យ ស្វាយចេក ។
លោក ប៊ែរី ចូណាថុន អួត អ្នកឯកទេសកិច្ចការមនុស្សធម៌របស់សហគមន៍មូលដ្ឋាន និងសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រិស្តនៃពួកបរិស័ទថ្ងៃចុងក្រោយបានបង្ហាញពីអារម្មណ៍រីករាយដែលបានចូលរួមចំណែកជាមួយវិស័យអប់រំនៅកម្ពុជា តាមរយៈ ការជួយជួសជុលអគារសិក្សាឡើងវិញដើម្បីឱ្យសិស្សានុសិស្សបានសិក្សា។

នាឱកាសនោះលោក លី សុវណ្ណារិទ្ធ អភិបាលខេត្តស្តីទី បានថ្លែងអំណរគុណដល់សហគមន៍មូលដ្ឋាន និងសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូគ្រិស្តនៃពួកបរិស័ទថ្ងៃចុងក្រោយ ដែលបានចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។ជាពិសេសក្នុងវិស័យអប់រំ តាមរយៈការជួយជួសជុលសាលានិងសមិទ្ធផលនានា ។
សូមបញ្ជាក់ថា អគារសិក្សា និងសមិទ្ធនានា ដែលបានប្រគល់ជូនមាន អគារចំនួន៥ខ្នង ស្មើ២៤បន្ទប់, បង្គន់អនាម័យចំនួន ៣ខ្នង ស្មើ១២បន្ទប់, កន្លែងលាងដៃចំនួន ៣ និងឡដុតសំរាមចំនួន៥៕





ដោយ៖ឃិន គន្ធា