រដ្ឋបាលខេត្តបាត់ដំបងទទួលបានសំណើរ សំណូមពរនិងបញ្ហាប្រឈម ៧៤ករណីក្នុងអង្គវេទិកាថ្នាក់ខេត្ត

បាត់ដំបង៖រដ្ឋបាលខេត្តបាត់ដំបងបានបិទបញ្ចប់វេទិកាស្ដីពី​កំណែ​ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រដ្ឋបាលខេត្ត​ រយៈពេល​មួយថ្ងៃកន្លះកាលពីថ្ងៃទី២៧ ខែវិច្ឆិកាដោយទទួលបាននូវសំណើរ សំណូមពរ និងបញ្ហាប្រឈម ៧៤ករណី។វេទិកាស្ដីពី​កំណែ​ទម្រង់​វិមជ្ឈការ និងវិសហមជ្ឈការរបស់រដ្ឋបាលខេត្តបាត់ដំបង គឺជាគន្លឹះ​ដើម្បីធ្វើឱ្យសម្រេចបាន នូវចក្ខុវិស័យរបស់កម្ពុជាឆ្នាំ​២០៥០។

ពិធីបិទបានប្រព្រឹត្តធ្វើក្រោមអធិបតីភាពឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានអចិន្ត្រៃយ៍គ.ជ.
អ.ប និងជាប្រធានក្រុមការងារបច្ចេកទេសអន្តរក្រសួង។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា រាល់​សំណើរ សំណូមពរនិងបញ្ហាប្រឈមទាំង៧៤ករណីនោះ រួមមាន​ថ្នាក់ឃុំ-សង្កាត់ ចំនួន១០ករណី,ថ្នាក់ក្រុង-ស្រុកចំនួន១២ករណី និងថ្នាក់មន្ទីរ អង្គភាពនិងថ្នាក់ខេត្តចំនួន៥២ករណី។បញ្ហាប្រ
ឈមទាំង៥២ របស់រដ្ឋបាលគ្រប់ថ្នាក់ក្នុងខេត្តបាត់ដំបង ត្រូវបាន​ដាក់ជូនអង្គវេទិកាធ្វើការពិភាក្សារកដំណោះស្រាយ និងមានការ​ចូលរួមយ៉ាងផុលផុសពីសមាជិក សមាជិកានៃអង្គវេទិកា។ជាលទ្ធផលបញ្ហាប្រឈម នៅថ្នាក់ឃុំ-សង្កាត់ដោះស្រាយ​ដោយ​រដ្ឋបាល​ខេត្តចប់ទាំង១០ករណី។សម្រាប់រដ្ឋបាលក្រុង-ស្រុក ដោះស្រាយដោយរដ្ឋបាលខេត្ត បានចំនួន៧​ករណី និងស្នើទៅ​ថ្នាក់ជាតិ៥ករណី។ចំណែកបញ្ហាប្រឈមរបស់រដ្ឋបាល​ខេត្តគឺដោះស្រាយ​ក្នុងកម្រិតរដ្ឋបាលខេត្តបានចំនួន៤៦
ករណី និងលើកស្នើទៅថ្នាក់ជាតិ ចំនួន៦ករណី។

ឯកឧត្តម សុខ លូ បានស្នើឱ្យរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ដែល​កម្មវិធីជាតិរយៈពេល១០ឆ្នាំ ដំណាក់កាលទី២ ប្រសិទ្ធនាមជា រដ្ឋ
បាលមូលដ្ឋាន ត្រូវខិតខំបន្តយកចិត្តទុកដាក់តាមដានក្របខ័ណ្ឌគោល​នយោបាយរបស់រាជរដ្ឋាភិបាល និងលិខិតបទដ្ឋានគតិ​យុត្តនានា របស់ក្រសួង ស្ថាប័ន ដែលបានដាក់ចេញពាក់ព័ន្ធកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីមានសមត្ថភាព​អនុវត្តមុខងារប្រកបដោយ​ប្រសិទ្ធភាពនិងប្រសិទ្ធផល។

ឯកឧត្តម សក់ សេដ្ឋា មានប្រសាសន៍ក្នុងពិធីបិទថា រាជរដ្ឋាភិបាល​កម្ពុជាអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកប​ដោយ​គតិបណ្ឌិត របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ឱ្យអនុវត្តគោលនយោបាយ​វិមជ្ឈការ​និងវិសហមជ្ឈការ សំដៅដល់ដំណើរការផ្ទេរធនធានមុខងារមករដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែប​ប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប)និងដើម្បី​ធ្វើឱ្យ​ប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើន ប្រកបដោយ​ចីរភាព និង ឈានឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ដែលជា​ប្រទេសមានចំណូលខ្ពស់។

សូមបញ្ជាក់ថាការរៀបចំវេទិកា រវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់​ក្រោមជាតិ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មានគោល​បំណងជាគន្លឹះក្នុងការពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាលដែលមានក្រសួងស្ថាប័នថ្នាក់ជាតិ ជាមួយរដ្ឋបាលថ្នាក់ក្រោម​ជាតិ​និងអង្គការសង្គម​ស៊ីវិលដើម្បីរួមគ្នាវាយតម្លៃអំពីវឌ្ឍនភាពបញ្ហាប្រឈម សំណូមពរ កំណត់ដំណោះស្រាយនិងការដាក់ចេញ នូវការតម្រង់ទិសផ្នែក​គោលនយោបាយ សម្រួចការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឱ្យកាន់តែប្រសើរឡើង។ ហើយវេទិកានេះ នឹងត្រូវរៀបចំជាទៀងទាត់រៀងរាល់៣ឆ្នាំម្ដង ដោយចាប់ផ្តើមអនុវត្ត​ដំបូងនៅឆ្នាំ២០២៤នេះ៕


អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.

ads banner