ក្រសួងរៀបចំដែនដី លើកទឹកចិត្តមន្ទីរ រាជធានីខេត្ត ឱ្យរួមគ្នាពូនជ្រំ រដ្ឋបាលសាធារណៈទំនើប

កំពត៖ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ដើម្បីឈាន​ឆ្ពោះទៅ សម្រេចបាននូវគោលនយោបាយគន្លឹះរបស់ក្រសួងដែលដឹកនាំដោយឯកឧត្តមសាយ សំអាល់ ក្នុងការចុះបញ្ជីដីធ្លីបង្ហើយ ផ្តល់សេវាគាប់ចិត្ត និងបរិយាកាសគ្មានវិវាទនោះលុះត្រាតែមន្ត្រីជំនាញនៅតាមមន្ទីររៀបចំដែនដីរាជធានីខេត្តរួមគ្នាអនុវត្តនិងបង្កើន​ការពូនជ្រំរដ្ឋបាលសាធារណៈ ទំនើបឱ្យប្រសើរ ។

ក្នុងពិធីប្រកាសតែងតាំងលោក ព្រាប សុផាត ប្រធានមន្ទីរស្តីទីទៅជា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដីខេត្ត កំពត កាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នាសាលាខេត្ត ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការ ជាតំណាង​ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានមានប្រសាសន៍ថា ក្នុងការចុះបញ្ជីដីធ្លីបង្ហើយ ផ្តល់សេវាគាប់ចិត្ត និងបរិយាកាសគ្មានវិវាទនោះ លុះត្រាតែមន្ត្រីជំនាញ នៅតាមមន្ទីររៀប​ចំដែនដីរាជធានី​ខេត្ត រួមគ្នាអនុវត្តនិងបង្កើនការពូន ជ្រំរដ្ឋបាលសាធារណៈទំនើបឱ្យប្រសើរ ។ក្នុងនោះ ទី១.សាមគ្គីគ្នា ធ្វើការ, ទី២ ពង្រឹងសមត្ថភាពគ្រប់ពេលនិង ទី៣. ពង្រឹងសីលធម៌ វិជ្ជាជីវៈ ។

ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋលេខាធិការបានកោតសរសើរ ចំពោះថ្នាក់ដឹកនាំខេត្តក្នុងការជ្រើសរើសតែងតាំងមន្ត្រីដែល​មាន​សមត្ថភាពពិតនិងសក្តានុពលឱ្យទទួលបាននូវតួនាទីដឹកនាំមន្ទីរអង្គភាព។ជាក់ស្តែងលោកព្រាប សុផាត ជាមន្ត្រីសកម្មការងារ មានសមត្ថភាព និងបានខិតខំបម្រើការងារដោយមិនគិតនឿយហត់។មិនមែនជាមន្ត្រី ពាក់ក្រវាត់កនៅតែក្នុងការិយាល័យនោះដែរ។

ឯកឧត្តម ម៉ៅ ធនិន អភិបាលកំពតស្នើដល់ប្រធានមន្ទីរថ្មី សូមបង្កើន ការងាររបស់ខ្លួនឱ្យកាន់តែល្អប្រសើរ ព្រោះការងាររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ជាការងារសំខាន់ សម្រាប់ជីវិតរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប។ សូមកុំយកតួនាទី​ដែលរដ្ឋប្រគល់ឱ្យទៅបំផ្លាញគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ។ត្រូវចេះប្រើតួនាទី ទៅបម្រើប្រជាពលរដ្ឋ បម្រើស្ថាប័ន​របស់ខ្លួនឱ្យ កាន់តែរីកចម្រើន ឆ្លើយតបតាមការចង់បានរបស់ក្រសួង ក៏ដូចជារាជ រដ្ឋាភិបាល៕


អត្ថបទនិងរូបភាព៖ សិលា សារិន

ads banner