ពលរដ្ឋជាង ៣០០គ្រួសារ នៅស្រុកសៀមបូក បានទទួលអំណោយ រាជរដ្ឋាភិបាល
ស្ទឹងត្រែង៖ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និង ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បាននាំយកអំណោយរបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូនតាមរយៈ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ទៅចែកជូនប្រជាពលរដ្ឋ ៣១០គ្រួសារ ជាចាស់ជរា ស្រ្តីមេម៉ាយ ជនពិការ កុមារកំព្រា និងជនរងគ្រោះដោយសារគ្រោះធម្មជាតិផ្សេងៗ ស្ថិតនៅឃុំចំនួនបួនក្នុងស្រុកសៀមបូក ។
លោក ស៊ុត វណ្ណា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតី សម្បទាខេត្តស្ទឹងត្រែងបានឱ្យដឹងថា ប្រជាពលរដ្ឋទាំង ៣១០គ្រួសារ ដែលមកទទួលអំណោយ ក្នុងនេះ ៩០គ្រួសារ មកពីឃុំអូរម្រះ ,៨០គ្រួសារមកពីឃុំស្រែក្រសាំង ,៧០គ្រួសារមកពីឃុំកោះសំពាយ និង៧០គ្រួសារមកពីឃុំសៀមបូក។អំណោយមាន អង្ករ មី ត្រីខកំប៉ុង ទឹកត្រី និងភួយ។
អភិបាលខេត្តស្ទឹងត្រែងឯកឧត្តម សរ សុពុត្រា មានប្រសាសន៍ថា អំណោយនេះដោយមើលឃើញពីជួបការលំបាកលើជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេស ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ស្រ្តីមេម៉ាយ ជនពិការ កុមារកំព្រា និងជនរងគ្រោះដោយសារគ្រោះធម្មជាតិផ្សេងៗ ដែលត្រូវការជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសប្បុរសជននានា៕
អត្ថបទនិងរូបភាព៖ឡុង សំបូរ