Bosch នឹងកាត់បន្ថយកម្លាំងពលកម្មទូទាំងពិភពលោកចំនួន ៥,៥០០នាក់

ប៊ែរឡាំង ៖ ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្តអាល្លឺម៉ង់ Robert Bosch បានប្រកាសពីផែនការកាត់បន្ថយកម្លាំងពលកម្មទូទាំងពិភពលោករបស់ខ្លួនចំនួន ៥,៥០០នាក់ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ដោយលើកឡើងពីភាពជាប់គាំងនៃការលក់រថយន្តទូទាំងពិភពលោក។ នេះបើយោងតាមសារព័ត៌មាន Deutsche Welle។

យោងតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុន Bosch បានឲ្យដឹងថា ក្រុមហ៊ុននឹងកាត់បន្ថយបុគ្គលិកប្រហែល ៣,៨០០នាក់នៅ ប្រទេស អាល្លឺម៉ង់។ ក្នុងនោះ បុគ្គលិកចំនួន ៣,៥០០នាក់បម្រើការផ្នែកកម្មវិធីរថយន្តនៅត្រឹមឆ្នាំ ២០២៧។

ក្រុមហ៊ុន Bosch បាននិយាយថា ខ្លួនក៏មានគម្រោងកាត់បន្ថយបុគ្គលិករហូតដល់ ១,៣០០នាក់ថែមទៀតនៅចន្លោះពីឆ្នាំ ២០២៧ ដល់ឆ្នាំ ២០៣០ នៅផ្នែកគ្រប់គ្រងរបស់ខ្លួន ដែលមានមូលដ្ឋាននៅទីក្រុង Schwaebisch Gmuend ភាគនិរតីនៃប្រទេសអាល្លឺម៉ង់។

អ្នកគ្រប់គ្រងក្រុមហ៊ុន Bosch លោក Stephan Hoelzl បានអះអាងថា ក្រុមហ៊ុនត្រូវតែសម្របខ្លួនទៅនឹងបរិយាកាសទីផ្សារ ដែលកំពុងផ្លាស់ប្តូរ និងកាត់បន្ថយការចំណាយប្រកបដោយនិរន្តរភាព ដើម្បីពង្រឹងការប្រកួតប្រជែង។

សមាគមឧស្សាហកម្មរថយន្តអាល្លឺម៉ង់បានព្រមានកាលពីឆ្នាំមុនថា ប្រទេសអាល្លឺម៉ង់បានបាត់បង់ការប្រកួតប្រជែងជាអន្តរជាតិយ៉ាងខ្លាំង ដោយសារតែការចំណាយថាមពលកើនឡើង។

ការស្ទង់មតិនាពេលថ្មីៗនេះ ដោយសមាគមឧស្សាហកម្មរថយន្ត VDA បានលើកឡើងថា ការរង្គោះរង្គើឧស្សាហកម្មរថយន្តនៅអាល្លឺម៉ង់ អាចនាំឱ្យបាត់បង់ការងារប្រមាណ ១៨៦,០០០កន្លែង នៅឆ្នាំ ២០៣៥ ពោលគឺប្រហែលមួយភាគបួនបានកើតឡើងរួចហើយ៕

ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner