ឆ្នាំ ២០៣១ ចិនមានផែនការនាំយកដីនៅភពអង្គារត្រឡប់មកផែនដី

ប៉េកាំង ៖ មន្ទីរពិសោធន៍រុករកនៅទីអវកាសជ្រៅៗរបស់ចិន បានប្រកាសថ្មីៗនេះថា ប្រទេសចិនបានត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីប្រមូលសំណាក (ដី) ឬគំរូតាងនៅភពអង្គារ ហើយបញ្ជូនវាមកផែនដីវិញនៅឆ្នាំ ២០៣១ ដោយគោលដៅវិទ្យាសាស្ត្រចម្បងបំផុតរបស់ទីក្រុងប៉េកាំង គឺការស្វែងរកភស្តុតាងមានជីវិតនៅលើភពក្រហមមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN។

ដើម្បីសម្រេចគោលដៅនេះ ប្រទេសចិននឹងចាប់ផ្តើមបេសកកម្មហោះហើរនៃយានអវកាស Tianwen-3 របស់ខ្លួន គ្រោងបាញ់បង្ហោះចំនួនពីរលើកឡើងនៅចន្លោះឆ្នាំ ២០២៨។

បេសកកម្មនេះមានគោលបំណងចុះចតយាន និងរ៉ូបូតនៅភពអង្គារ ដើម្បីប្រមូលថ្ម និងធូលីទម្ងន់៥០០ក្រាមត្រឡប់មកកាន់ផែនដីវិញនៅឆ្នាំ ២០៣១ ហើយកន្លែងចុះចតនោះ នឹងបម្រើជាទីតាំងគំរូសម្រាប់ការរុករកផ្នែកវិទ្យាសាស្រ្ត។

ទីភ្នាក់ងារអវកាសចិនគ្រោងបាញ់បង្ហោះរ៉ុក្តែត LONG MARCH-5 ចំនួនពីរគ្រឿង។ បេសកកម្ម Tianwen-3 រួមមានឧបករណ៍សម្រាប់ចុះចត, ឧបករណ៍ប្រមូលយកជាមួយដៃរ៉ូបូតមួយ និងឧបករណ៍ខួង, យានសម្រាប់ចល័តមួយ ព្រមទាំងយានសម្រាប់ការវិលត្រឡប់មកភពផែនដីវិញ។

បេសកកម្ម Tianwen-3 របស់ប្រទេសចិន ត្រូវបានបង្កើតឡើងក្រោមកិច្ចសហប្រតិបត្តិការអន្តរជាតិ ហើយចិននឹងសហការជាមួយអ្នកវិទ្យាសាស្ត្រមកពីជុំវិញពិភពលោក ដើម្បីធ្វើការស្រាវជ្រាវរួមគ្នាលើគំរូតាងដែលប្រមូលបាន និងទិន្នន័យរុករកនៅភពអង្គារ។

ក្រៅពីបេសកកម្មនេះ ប្រទេសចិនក៏មានគម្រោងស្រាវជ្រាវប្រព័ន្ធ Jovian ផងដែរ ដើម្បីស៊ើបអង្កេតប្រវត្តិនៃការវិវត្តន៍របស់ភពព្រហស្បតិ៍ និងឋានព្រះចន្ទ ក្នុងអំឡុងពេលបេសកកម្ម Tianwen-4 របស់ខ្លួន៕

ប្រភព ៖ CGTN ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner