ស្ថាបនិកកម្មវិធីបវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ២០២៤ ប្តេជ្ញារៀបចំឱ្យបានកាន់ល្អថែមទៀតនៅឆ្នាំក្រោយ បន្ទាប់ពីទើបបញ្ចប់ដោយជោគជ័យ
ភ្នំពេញ៖ លោកស្រី ហាលី អាមីន ស្ថាបនិក និងជាប្រធានស្ថាប័ន Miss Planet International បានបញ្ជាក់ថា ទោះបីជាកម្មវិធីប្រឡងបរវកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំនេះ មានបញ្ហាតិចតួចក៏ពិតមែន តែលោកស្រីអាចដោះស្រាយបាន និងអាចដំណើរការបញ្ចប់ដោយរលូន ជោគជ័យតាមការគ្រោងទុក។ លោកស្រីព្រមទទួលយកនូវរាល់មតិរិះគន់ដើម្បីស្ថាបនា និងបានអះអាងថា តាមរយៈបទពិសោធន៍ឆ្នាំនេះ លោកស្រីនឹងរៀបចំឱ្យបានកាន់តែល្អបន្ថែមទៀតនៅឆ្នាំ២០២៥។
លោកស្រី ហាលី អាមីន បានលើកឡើងយ៉ាងដូចនេះនាល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នាឱកាសដែលលោកស្រីដឹកនាំបវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ២០២៤ រៀបចំសន្និសីទសារព័ត៌មាន ក្រោយការប្រកួតបានបញ្ចប់ ដោយមានការចូលរួមពីម្ចាស់ជ័យលាភីបវរកញ្ញាឯកភពផែនដីឆ្នាំ២០២៤ កញ្ញា MAHRA LUTFI មកពីប្រទេសអារ៉ាប់, កញ្ញា OLLA LEVINA ម្ចាស់មកុដ Miss Angel Planet International 2024 មកពីប្រទេសឥណ្ឌូណេស៊ី, កញ្ញា ខន សុវណ្ណសូនីតា បវរកញ្ញាឯកភពផែនដីកម្ពុជា និងមានបវរកញ្ញាឯកភពផែនដីអន្តរជាតិមកពីប្រទេសផ្សេងៗទៀត រួមទាំងមានអ្នកសារព័ត៌មានចូលរួមជាច្រើនរូបទៀត។
តាមរយៈព្រឹត្តិការណ៍ «ប្រកួតសម្រស់បវរកញ្ញាភពផែនដីអន្តរជាតិឆ្នាំ២០២៤» ឬហៅថា Miss Planet International 2024 នេះ មានបេក្ខនារីមកពី៦៦ប្រទេសជុំវិញភពលោក ដែលចូលរួមក្នុងការប្រកួតនេះសុទ្ធតែជាកម្លាំងចលករបំផុសគំនិតមនុស្សជាតិឱ្យចូលរួមក្នុងបុព្វហេតុភពផែនដី ចូលរួមការពារបរិស្ថាន ធនធានធម្មជាតិជាដើមឱ្យបន្តមាននិរន្តរភាព។
ការមកចូលរួមរបស់បរវកញ្ញាឯកក្នុងការប្រកួតសម្រស់នៅប្រទេសកម្ពុជានេះ បាននាំពួកគេទៅកាន់គោលដៅវប្បធម៌បេតិកភណ្ឌនាខេត្តសៀមរាប ជាកន្លែងដែលពួកគេបានទស្សនា និងស្វែងយល់ពីប្រាសាទអង្គរវត្ត និងប្រាសាទបុរាណខ្មែរដ៏អស្ចារ្យដទៃទៀត ក៏ដូចជាបានឃើញទំនាក់ទំនងយ៉ាងស៉ីជម្រៅប្រជាពលរដ្ឋខ្មែរជាមួយទឹកដីដ៏ពិសិដ្ឋរបស់ដូនតាខ្មែរ។
នៅកម្ពុជាមានតុល្យភាពរវាងមនុស្សនិងធម្មជាតិ ប្រាសាទបុរាណរាប់ពាន់ឆ្នាំ ឈរជាសក្ខីភាពដ៏ប៉ិនប្រសប់ និងសិល្បៈរបស់បុព្វបុរសខ្មែរ ហើយក៏ត្រូវបានបន្តថែរក្សាដោយកូនចៅជំនាន់ក្រោយៗមកទៀត។
លោកស្រី ហាលី អាមីន បានបញ្ជាក់ទៀតថា ទោះបីជាកម្មវិធីនេះបានបញ្ចប់ទៅដោយជោគជ័យ តាមការគ្រោងទុកតែយ៉ាងណាក៏មានមតិរិះគន់មួយចំនួនដែរ តែទោះបីជាយ៉ាងណា លោកស្រីព្រមទទួលយកមតិរិះគន់ដើម្បីស្ថាបនា តែសម្រាប់មតិរិះគន់ដើម្បីជាន់ពន្លិច គឺមិនទទួលយកនោះឡើយ។ លោកស្រីបានអះអាងដែរថា ទម្រាំមានការបង្កើតកម្មវិធីនេះបានមិនមែនជាការងាយស្រួលនោះឡើយ និងបានអះអាងដែលថា ការបង្កើតកម្មបវរកញ្ញាឯកភពផែនដីអន្តរជាតិនេះ មិនធ្លាប់មានសម័យណាដែលកម្ពុជាបង្កើតបាននោះទេ មានតែសម័យកាលក្រោមការគ្រប់គ្រងរបស់សម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសុខសន្តិភាពនេះទេ ទើបអាចបង្កើតបាន។
ជាមួយគ្នានឹងចម្ងល់ជុំវិញការប្រកាសដកខ្លួនចេញនៅក្នុងថ្ងៃប្រកួតផ្តាច់ព្រ័ត្ររបស់កញ្ញា ដេត ស្រីនាថ, លោកស្រី ហាលី អាមីន ក៏បានបញ្ជាក់ដែរថា ប្រហែលជាកញ្ញា ដេត ស្រីនាថ មិនបានសង្ឃឹមថានឹងជាប់បានតំណែងណាមួយសំខាន់ៗនោះទេ គាត់មិនមានជំនឿជឿជាក់លេីខ្លួនឯង ទើបគាត់សម្រេចលាលែងតែម្តង, តែទោះជាយ៉ាងណាលោកស្រីអះអាងដែរកញ្ញា ដេត ស្រីនាថ សមត្ថភាពនៅមានកម្រិតនៅឡើយ និងបានអះអាងដែរថាកញ្ញា បានស្នើសុំចូលប្រកួតវិញដែរ តែលោកស្រីមិនបានឯកភាពនោះទេ។ លោកស្រី ហាលី អាមីន បានអះអាងដែរថា ដោយមានបទពិសោធន៍ឆ្នាំនេះ ដោយបវរកញ្ញាកម្ពុជា បានប្រកាសឈប់មិនចូលរួមប្រកួតភ្លាមៗ ដូចនេះឆ្នាំក្រោយនឹងមិនឱ្យមានបញ្ហាដូចឆ្នាំនេះទៀតទេ ដោយបេក្ខភាពបវរកញ្ញាកម្ពុជា នឹងត្រូវមានការចុះកុងត្រាយ៉ាងតឹងរឹងបំផុតទើបអនុញ្ញាតឱ្យចូលរួមប្រកួតបានផងដែរ។
សូមជម្រាបថា កម្មវិធីប្រកួតសម្រស់បវរកញ្ញាភពផែនដីអន្តរជាតិឆ្នាំ២០២៤ បានចាប់ផ្ដើមរៀបចំឡើងតាំងពីថ្ងៃទី១៩-២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាកម្មវិធីដែលរៀបចំឡើងដោយសហគ្រិនខ្មែរ គឺអ្នកស្រី ហាលី អាមីន ស្ថាបនិកនិងជាប្រធានស្ថាប័ន Miss Planet International។ សម្រាប់ឆ្នាំនេះដែរ មានបវរកញ្ញាមកពី៦៦ប្រទេស៕ អត្ថបទ ៖ ឈឹម ទីណា