លោក ពូទីន គំរាមបាញ់មីស៊ីលលឿនជាងសំឡេងប្រឆាំងអ៊ុយក្រែនសាជាថ្មី
មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីអាចនឹងបាញ់មីស៊ីលមានល្បឿនលឿនជាងសំឡេង Oreshnik កម្ទេចរដ្ឋធានីកៀវ របស់អ៊ុយក្រែន ជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ុយក្រែនលើទឹកដីរបស់ខ្លួន។
ការព្រមានខ្លាំងៗរបស់លោក ពូទីន នេះ កើតឡើងជាងមួយសប្តាហ៍បន្ទាប់ពីរុស្ស៊ីបានបាញ់សាកល្បងមីស៊ីល Oreshnik ជាលើកដំបូងប្រឆាំងនឹងទីក្រុង Dnipro របស់អ៊ុយក្រែន ដែលនេះជាការកើនឡើងដ៏ធំក្នុងសង្រ្គាមជិតបីឆ្នាំរវាងប្រទេសទាំងពីរ។
ទន្ទឹមគ្នា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថា ការវាយប្រហារចុងក្រោយរបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែន បង្ហាញពី “ភាពបន្ទាន់” នៃការគាំទ្រដល់ទីក្រុងកៀវ មុនពេលលោក ដូណាល់ ត្រាំ ចូលកាន់តំណែងនៅខែមករាដើមឆ្នាំក្រោយ។
លោក Biden បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារនេះមគឺជាការខឹងសម្បារ និងជាការរំលឹកមួយផ្សេងទៀត អំពីភាពបន្ទាន់ និងមានសារៈសំខាន់ ចំពោះការគាំទ្រប្រជាជនអ៊ុយក្រែន ការពារខ្លួនរបស់ពួកគេប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា