នាយករដ្ឋមន្ត្រីអ៊ីស្រាអែលគំរាមផ្ទុះសង្គ្រាមធំ បើសិនក្រុមហេសបូឡារំលោភបទឈប់បាញ់
ហ៊្សេរុយសាឡិម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានថ្លែងគំរាមចំៗដាក់ក្រុមហេសបូឡាកាលពីថ្ងៃព្រហស្បតិ៍ថា សង្រ្គាមដ៏ធំនឹងកើតឡើង ប្រសិនបើក្រុមនេះហ៊ានបំពានបទឈប់បាញ់នៅលីបង់។
លោក ណេតាន់យ៉ាហ៊ូ បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍អ៊ីស្រាអែល Channel 14 ថា ប្រសិនបើចាំបាច់ ខ្ញុំនឹងបញ្ជាឲ្យកងទ័ពអ៊ីស្រាអែលធ្វើសង្រ្គាមក្នុងទ្រង់ទ្រាយធំ បើសិនក្រុមហេសបូឡាហ៊ានរំលោភបទឈប់បាញ់ដ៏ផុយស្រួយនេះ។
បទឈប់បាញ់ដែលបានចូលជាធរមាននៅមុនថ្ងៃរះនៅថ្ងៃពុធទី២៧ ខែវិច្ឆិកា ស្វែងរកការបញ្ចប់សង្រ្គាមដែលបានសម្លាប់មនុស្សរាប់ពាន់នាក់នៅក្នុងប្រទេសលីបង់ និងបង្កឱ្យមានការភៀសខ្លួនយ៉ាងច្រើននៅក្នុងប្រទេសលីបង់ និងអ៊ីស្រាអែល។
កិច្ចព្រមព្រៀងផ្អាកសង្គ្រាម នៅ លីបង់ ដែលមានរយៈពេល ៦០ថ្ងៃ ឬ២ខែនេះ បានកើតឡើងដោយសារតែមានការសម្របសម្រួលដោយសម្ព័ន្ធមិត្តកំពូល ៗរបស់អ៊ីស្រាអែល គឺសហរដ្ឋអាមេរិក និងបារាំង៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា