កម្ពុជា-ចិន រួមគ្នាផ្សព្វផ្សាយ និងអភិវឌ្ឍលើវិស័យទេសចរណ៍
(ភ្នំពេញ)៖ រាជរដ្ឋាភិលបាលនិងវិស័យឯកជនក្នុងវិស័យទេសចរណ៍កម្ពុជា-ចិន កាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានសហការរៀបចំសន្និសីទផ្សព្វផ្សាយទេសចរណ៍វប្បធម៌ក្វាងស៊ី ឆ្នាំ២០២៤ ដើម្បីបន្តរឹតចំណងមិត្តភាព ស្វែងរកការអភិវឌ្ឍរួម និងលើកស្ទួយវិស័យទេសចរណ៍ប្រទេសទាំង២ឱ្យកាន់តែរីកចម្រើន ជាពិសេសកិច្ចសហការរវាងកម្ពុជា និងតំបន់ស្វយ័តក្វាងស៊ី។ សន្និសីទនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា លោកស្រី ចិន អ៉ីជុន (Chen Yijun) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស និងជារដ្ឋមន្ត្រីឃោសនាការនៃតំបន់ស្វយ័តក្វាងស៊ី លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) ក៏មានការចូលរួមសម្ដែងសិល្បៈ និងចម្រៀងរបស់ព្រះនាង នរោត្តម ជេណា និងសិល្បករ-សិល្បការនីរបស់កម្ពុជានិងចិនផងដែរ។
ឯកឧត្តម ហួត ហាក់ បានវាយតម្លៃខ្ពស់ និងការចិត្តទុកដាក់ខ្ពស់រវាងប្រទេសទាំងពីរ ពិសេសកិច្ចសហការដ៏ល្អរបស់ក្រសួងទេសចរណ៍កម្ពុជា និងស្ថានទូតចិនប្រចាំកម្ពុជា ព្រមទាំងរដ្ឋបាលតំបន់ស្វយ័តក្វាងស៊ីក្នុងការពង្រឹងនិងពង្រីកចំណងមិត្តភាពកម្ពុជា-ចិន ស្របតាមស្មារតីមិត្តដែកថែប និងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយភាពស៊ីជម្រៅ និងភាពជាក់ស្តែង ក៏ដូចជា ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា-ចិន ហើយក៏ផ្នែកមួយនៃការអនុវត្តដោយសកម្មភាព «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន២០២៤» ផងដែរ។
ឯកឧត្តម រដ្ឋមន្រ្តី បានគូសបញ្ជាក់ថា តាមរយៈការរៀបចំសន្និសីទនាពេលនេះ នឹងមិនត្រឹមតែចូលរួមដល់ការពង្រឹងចំណងមិត្តភាព ការបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ និងការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមករវាងកម្ពុជា-ចិនប៉ុណ្ណោះទេ ប៉ុន្តែនឹងជួយជំរុញក្នុងការផ្សារភ្ជាប់និងបង្កើតទំនាក់ទំនងកាន់តែច្រើនថែមទៀតរវាងកម្ពុជា-ចិន ដែលនឹងរួមចំណែកក្នុងការផ្សព្វផ្សាយកាន់តែទូលំទូលាយនូវ សក្តានុពលទេសចរណ៍របស់កម្ពុជា-ចិន ជាពិសេសការយកចិត្តទុកដាក់ជាអាទិភាពនូវប្រភពទីផ្សារចិនសម្រាប់វិស័យទេសចរណ៍កម្ពុជាផងដែរ ។
ឯកឧត្តម វ៉ាង វិនពីន បានលើកឡើងថា តំបន់ស្វយ័តក្វាងស៊ីស្ថិតនៅភាគនិរតីនៃប្រទេសចិន ហើយក្វាងស៊ីក៏ជាខេត្តតែមួយគត់ដែលមានព្រំប្រទល់ជាប់ជាមួយនឹងប្រទេសអាស៊ានទាំងផ្លូវគោក និងផ្លូវសមុទ្រ។ ជាងនេះទៅទៀត តំបន់ស្វយ័តក្វាងស៊ីក៏ជាច្រកព្រំដែន និងជាបង្អួចដ៏ចម្បងមួយនៃប្រទេសចិនដែលបានបើកចំហ និងធ្វើសហប្រតិបត្តិការជាមួយប្រទេសក្នុងអាស៊ាន។
ឯកអគ្គរដ្ឋទូតចិនបានបន្ដទៀតថា ក្វាងស៊ីនិងកម្ពុជាមានទីតាំងភូមិសាស្ត្រនិងវប្បធម៌ស្រដៀងគ្នា ដែលញ៉ាំងឱ្យការផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍រវាងភាគីទាំង២កាន់តែមានភាពងាយស្រួលនិងជិតស្និទ្ធ។ សន្និសីទដែលរៀបចំឡើងនាវេលានេះ អាចសរបញ្ជាក់ពីការឆ្លើយត្រឡប់មកវិញនៃភាគីចិន ដែលឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវការអនុវត្តជាក់ ស្តែង និងប្រសិទ្ធភាពខ្ពស់នៃការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។
លោកជំទាវ ឆាយ ស៊ីវលីន បានបន្ថែមថា ការចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងនៃការចាប់ដៃគូគ្នារវាងទីភ្នាក់ងារទេសចរណ៍ចិន និងទីភ្នាក់ងារទេសចរណ៍កម្ពុជា ស្ដែងឱ្យឃើញអំពីការជំរុញកិច្ចសហការគ្នាជំរុញនៃភ្ញៀវទេសចរណ៍ទាំងពីរប្រទេស ដោយឃើញថា ទាំងបីក្រុមហ៊ុនពីខាងប្រទេសចិន និងបី ក្រុមហ៊ុននៃប្រទេសកម្ពុជា ហើយផ្នែកឯកជន បានចាប់ដៃគូគ្នាឡើងវិញនៅក្នុងការសហការគ្នា។
លោកជំទាវ ឆាយ ស៊ីវលីន បង្ហាញក្ដីរំពឹងទុកថា នឹងមានការផ្សព្វផ្សាយកាន់តែល្បីរន្ទឺនៃប្រទេសចិនអំពីសភាពការណ៍ អំពីការរីកចម្រើន អំពីការសហការគ្នា ជាពិសេសគឺស្ថានភាពទូទៅនៃប្រទេសកម្ពុជាទៅកាន់ប្រទេសចិន ដើម្បីឱ្យទេសចរចិនបានដឹង បានឮ បានជ្រាប ហើយមានទំនុកចិត្តក្នុងការជ្រើសរើសកម្ពុជាជាគោលដៅទេសចរណ៍ សម្រាប់ខែបន្តបន្ទាប់ ឆ្នាំបន្តបន្ទាប់ផងដែរ៕
ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា