យូនីសេហ្វ ៖ កុមារមីយ៉ាន់ម៉ាប្រឈមមុខនឹងហានិភ័យមិនធ្លាប់មានពីមុនមក
ណៃពិដោ ៖ អង្គការមូលនិធិសង្គ្រោះកុមារអន្តរជាតិរបស់អង្គការសហប្រជាជាតិ ហៅកាត់ UNICEF បាននិយាយថា កុមារនៅក្នុងប្រទេសមីយ៉ាន់ម៉ាកំពុងប្រឈមនឹងហានិភ័យដែលមិនធ្លាប់មានពីមុនមក ដោយសារសង្គ្រាមស៊ីវិល និងគ្រោះមហន្តរាយអាកាសធាតុ។
នាយកប្រចាំតំបន់របស់អង្គការ UNICEF នៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោកស្រី June Kunugi បានបញ្ជាក់ថា ក្រៅពីការប្រឈមមុខនឹងរបួស កុមារមីយ៉ាន់ម៉ាកាន់តែងាយរងគ្រោះនឹងជំងឺ, កង្វះអាហារូបត្ថម្ភ និងអនាម័យ ជាពិសេសឱកាសទទួលបានការថែទាំដូចកុមារដទៃ។
លោកស្រី Kunugi បន្ថែមថា មនុស្សជាង ៣.៤លាននាក់បានផ្លាស់ទីលំនៅរបស់ពួកគេចាប់តាំងពីរបបយោធាបានដណ្តើមអំណាចនៅឆ្នាំ ២០២១ ក្នុងនោះជិត ៤០ភាគរយជាអនីតិជន។
បើតាមអង្គការយូនីសេហ្វ យ៉ាងហោចណាស់មានកុមារចំនួន ៦៥០នាក់ត្រូវបានសម្លាប់ ឬធ្វើទារុណកម្មដោយសារអំពើហិង្សាគិតក្នុងឆ្នាំ ២០២៤នេះតែមួយប៉ុណ្ណោះ។
ក្រៅពីអំពើហិង្សា កុមារ និងគ្រួសាររបស់ពួកគេក៏
រងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុផងដែរ។ តួយ៉ាង ទឹកជំនន់ដ៏ធំនៅក្នុងខែកញ្ញា ត្រូវបានគេប៉ាន់ប្រមាណថា បានប៉ះពាល់ដល់មនុស្សជាង ៦០០,០០០នាក់នៅមីយ៉ាន់។
ឆ្លើយតបនឹងបញ្ហានេះ លោកស្រី Kunugi បានសង្កត់ធ្ងន់ថា ជំនួយអន្តរជាតិបន្ថែមទៀត គឺត្រូវការជាបន្ទាន់ និងចាំបាច់បំផុត ដើម្បីជួយសង្គ្រោះកុមារនៅក្នុងប្រទេសមីយ៉ាន់ម៉ា៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា