ទ្វីបអាហ្វ្រិកផ្ទុះករណីឆ្លងជម្ងឺអុតស្វាកើនជិត ៦ម៉ឺនករណី ក្នុងនោះប្រទេសចំនួន២០រងផលប៉ះពាល់
អាឌីសអាបាបា ៖ ចំនួនករណីឆ្លងជម្ងឺអុតស្វា ឬ mpox ដែលបានរាយការណ៍មកទល់ពេលនេះនៅទ្វីបអាហ្រ្វិក បានកើនឡើងលើសពី ៥៩,២០០ករណី ខណៈដែលប្រទេសរងផលប៉ះពាល់មានចំនួន២០។ នេះបើតាមរបាយការណ៍ពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាហ្វ្រិក (Africa CDC)។
ប្រភពដដែលបានឲ្យដឹងថា ទ្វីបអាហ្រ្វិកបានរាយការណ៍ពីករណីឆ្លងជម្ងឺអុតស្វាចំនួន ៥៩,២២០ករណី ចាប់តាំងពីដើមឆ្នាំ ២០២៤នេះ ដែលក្នុងនោះ ១២,៩៣៨ករណីត្រូវបានរកឃើញ និងមានអ្នកស្លាប់ជាង ១,១៦៤នាក់។
ទិន្នន័យពីទីភ្នាក់ងារថែទាំសុខភាពពិសេសរបស់សហភាពអាហ្រ្វិក បានបង្ហាញថា ក្នុងអំឡុងសប្តាហ៍មុនតែមួយប៉ុណ្ណោះ ទ្វីបអាហ្រ្វិកបានរាយការណ៍ពីករណីឆ្លងថ្មីចំនួន ២,៦៨០ករណី ក្នុងនោះ អ្នកស្លាប់ថ្មីចំនួន ២២នាក់។
អង់ហ្គោឡាបានក្លាយជាប្រទេសអាហ្វ្រិកចុងក្រោយគេ ដែលបានរាយការណ៍ពីការផ្ទុះជំងឺ អុតស្វា ដោយរាយការណ៍ពីករណីឆ្លងជម្ងឺ mpox លើកដំបូងនៅថ្ងៃទី១៦ ខែវិច្ឆិកា ធ្វើនាំឱ្យចំនួនប្រទេសដែលរងផលប៉ះពាល់សរុបកើនដល់២០ប្រទេស។
យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាហ្វ្រិក (Africa CDC) បានឲ្យដឹងទៀតថា ចំនួនករណីឆ្លងជម្ងឺអុតស្វា ដែលបានបញ្ជាក់នៅក្នុងទ្វីបអាហ្រ្វិកបានកើនឡើងជាង ៦០០ភាគរយនៅឆ្នាំ ២០២៤នេះ បើធៀបនឹងចំនួនសរុបកាលពីឆ្នាំមុន។
សូមរម្លឹកថា Mpox ដែលគេស្គាល់ថា ជាជំងឺអុតស្វា ត្រូវបានរកឃើញដំបូងនៅក្នុងខ្លួនសត្វស្វាក្នុងមន្ទីរពិសោធន៍នៅឆ្នាំ ១៩៥៨។ វាជាមេរោគដ៏កម្រដែលជាធម្មតារីករាលដាលតាមរយៈសារធាតុរាវក្នុងខ្លួន មានដូចជាដំណក់ទឹកផ្លូវដង្ហើម និងវត្ថុធាតុកខ្វក់ផ្សេងៗទៀត។ ករណីឆ្លងមេរោគ ជាធម្មតាបណ្តាលឱ្យក្តៅខ្លួន ចេញកន្ទួល និងហើមកូនកណ្តុរជាដើម៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា