រុស្ស៊ីបាញ់បង្ហោះផ្កាយរណប Kondor-FKA ទៅកាន់គន្លងតារាវិថីដោយជោគជ័យ
មូស្គូ ៖ រុស្ស៊ីបានបាញ់បង្ហោះរ៉ុក្កែត Soyuz-2.1a ដោយជោគជ័យចេញពីទីតាំងបាញ់បង្ហោះ Vostochny Cosmodrome នៅតំបន់ Far East របស់ប្រទេសរុស្ស៊ី កាលពីព្រឹកថ្ងៃសៅរ៍ ដោយដាក់ផ្កាយរណប Kondor-FKA លេខ២ ទៅក្នុងគន្លងតារាវិថីដែលបានកំណត់។
បំពាក់ដោយបច្ចេកវិទ្យារ៉ាដាកម្រិតខ្ពស់ ផ្កាយរណប Kondor-FKA នេះ អាចធ្វើការអង្កេតលើផែនដីគ្រប់ពេលគ្រប់អាកាសធាតុ។
ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ផ្កាយរណប Kondor-FKA បានទៅដល់គន្លងតារាវិថីហើយ ប្រព័ន្ធបាញ់បង្ហោះបានដំណើរការដូចការគ្រោងទុក។
ផ្កាយរណប Kondor-FKA អាចជ្រាបចូលទៅក្នុងគម្របពពក និងដំណើរការក្នុងភាពងងឹត ដែលធ្វើឱ្យពួកវាមិនអាចខ្វះបានសម្រាប់កិច្ចការផ្សេងៗ រួមទាំងការធ្វើផែនទី, ការត្រួតពិនិត្យបរិស្ថាន, ការរុករកធនធានធម្មជាតិ និងការបញ្ជាផ្លូវនាវាចរឆ្លងកាត់ផ្លូវ ដែលគ្របដណ្តប់ដោយទឹកកកជាដើម។
សូមរម្លឹកថា ផ្កាយរណបរបស់រុស្ស៊ីចំនួន
ពីរគ្រឿងដំបូង ត្រូវបានបាញ់បង្ហោះក្នុងឆ្នាំ ២០១៣ និង ២០១៤ ខណៈដែលផ្កាយរណប Kondor-FKA លេខ១ បានចូលដល់គន្លងតារាវិថីនៅក្នុងឆ្នាំ ២០២៣។
ចំណែកផ្កាយរណបពីរគ្រឿងទៀតកំពុងត្រូវបានសាងសង់ ហើយការបាញ់បង្ហោះផ្កាយរណប Kondor-FKA លើកទី៣មគ្រោងធ្វើឡើងនៅឆ្នាំ ២០២៦។ ផ្កាយរណប Kondor-FKA នីមួយៗមានទម្ងន់ប្រហែល ១,០៥០គីឡូក្រាម និងមានអាយុកាលប្រតិបត្តិការ ៥ឆ្នាំ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា