អ្នករត់ ១៤៣៧០នាក់ មកពី ៨៧ប្រទេស ចូលរួមទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរ ២០២៤
(សៀមរាប)៖ អ្នករត់ទាំងជាតិ និងអន្តរជាតិ មកពី៨៧ប្រទេស ចំនួន ១៤៣៧០នាក់ បានចូលរួមទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរ ឆ្នាំ២០២៤ នាព្រឹកថ្ងៃអាទិត្យ ទី០១ ខែធ្នូ ដោយមានការអញ្ជើញចូលរួមពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត មន្ត្រីរាជរដ្ឋាភិបាលជាច្រើនរូបទៀត ។ ក្នុងនោះសម្ដេចបវរធិបតី និងលោកជំទាវបណ្ឌិត ក៏បានអញ្ជើញចូលរួមរត់ក្នុងចំងាយ ៥គីឡូម៉ែត្រផងដែរ ។
ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងក្នុងទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩ ឆ្នាំ២០២៤ មុខប្រាសាទអង្គរវត្ត ថា សម្រាប់ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩ ឆ្នាំ២០២៤ នេះ បានស្រូបទាញអ្នកចូលរួមសរុបចំនួន ១៤,៣៧០នាក់ កើនឡើង ៤០% ធៀបនឹងឆ្នាំ២០២៣ ក្នុងនោះអត្តពលិកជាតិចំនួន ១១,០២៥នាក់ និងអត្តពលិកអន្តរជាតិ ចំនួន ៣,៣៤៥នាក់ មកពី ៨៧ប្រទេស ដែលប្រទេសចូលរួម ច្រើនជាងគេគឺ ចក្រភពអង់គ្លេស បារាំងអូស្រ្តាលី ជប៉ុន និងអាមេរិក ។
សូមអត្តពលិកជាតិ-អន្តរជាតិបន្តគាំទ្រ និងចូលរួមទិវារត់ប្រណាំងបន្តទៀតដើម្បីមនុស្សធម៌ និងជួយជនរងគ្រោះដោយសារមីន ។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានសម្ដែងសេចក្ដីរីករាយ ដែលបានចូលរួមក្នុងពិធីបើកទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង នៅអង្គរវត្ត លើកទី២៩ ឆ្នាំ២០២៤ ដែលជាព្រឹត្តិការណ៍កីឡាទេសចរណ៍មួយដ៏ធំ ប្រចាំឆ្នាំ លើទឹកដីអង្គរ ។
ក្នុងនាមរាជរដ្ឋាភិបាល សម្ដេចបវរធិបតី សូមថ្លែងអំណរគុណអត្តពលិកជាតិ និងអន្តរជាតិទាំងអស់ ដែលបានចូលរួមរត់ប្រណាំងដើម្បីគាំទ្រដល់យុទ្ធនាការអប់រំសុខភាពសាធារណៈ និងគាំទ្រដល់សកម្មភាពមនុស្សធម៌ ជាពិសេស ការចូលរួមដល់ជនរងគ្រោះ ដោយសារគ្រាប់មីន ។
សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរ ចំពោះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា NOCC , ដៃគូសហការ និងតួអង្គពាក់ព័ន្ធទាំងអស់ ដែលបានខិតខំអស់កម្លាំងកាយចិត្ត ក្នុងការរៀបចំព្រឹត្តិការណ៍នេះ បានជាទៀងទាត់ ហើយកាន់តែមានប្រជាប្រិយភាពខ្លាំងឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ។
សម្ដេចបវរធិបតី បានលើកឡើងថា ទឹកដីអង្គរដ៏ពិសិដ្ឋ គឺជាបេតិកភណ្ឌនៃមនុស្សជាតិ និងជារតនៈសម្បត្តិដ៏វិសេសវិសាល របស់បុព្វបុរសខ្មែរយើង នេះពិតជាមោទនភាពរបស់យើងដែលបានទទួលស្វាគមន៍ អត្តពលិកជាតិ អន្តរជាតិ មករត់កម្សាន្ត យ៉ាងសប្បាយជារៀងរាល់ឆ្នាំ ជាពិសេស ឆ្នាំ២០២៤នេះ យើងបានបំបែកកំណត់ត្រាថ្មី ដោយមានអ្នកចូលរួមច្រើន រហូតទៅដល់ជាង ១៤០០០នាក់ មកពី ៨៧ប្រទេស ។ ការចូលរួមរបស់កីឡាករអាជីព និងមិនអាជីព ទាំងអស់មកពីបណ្ដាប្រទេសជាច្រើន គឺជាសក្ខីភាពជាក់ស្ដែងយ៉ាងច្បាស់ ពីសន្តិភាព និងស្ថេរភាពនយោបាយនៅកម្ពុជា ។
សម្ដេចបញ្ជាក់ថា “កីឡារស់ក្នុងសន្តិភាព” គឺជាពាក្យស្លោកដ៏សក្ដិសមបំផុត សម្រាប់កម្ពុជា ក៏ដូចជាសម្រាប់ជាពិភពលោក នាពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន ។ សម្ដេចសង្ឃឹមថា ព្រឹត្តិការនេះ នឹងនាំជូនអត្តពលិកជាតិ អន្តរជាតិ នូវស្នាមញញឹម សុវត្ថិភាព និងភាពកក់ក្ដៅពោរពេញដោយអនុស្សាវរីយ៍ល្អៗ ដែលមិនអាចបំភ្លេចបាន។
ក្នុងនាមរដ្ឋាភិបាល សម្ដេចបវរធិបតី សូមសម្ដែងអរគុណដល់អ្នកឧបត្ថម្ភ គាំទ្រទាំងអស់ ជាពិសេស ក្រុមហ៊ុនធានារ៉ាប់រង Manulife ដែលជាអ្នកឧបត្ថម្ភធំ ក្នុងការរៀបចំទិវារត់ប្រណាំងអន្តរជាតិនេះ ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៥ កន្លងមក។
សម្ដេចនាយករដ្ឋមន្ត្រី ក៏សូមអរគុណដល់ អត្តពលិកជាតិ និងអន្តរជាតិ ដែលបានចំណាយពេលវេលា និងថវិកា ចូលរួមក្នុង ព្រឹត្តិការណ៍កីឡាដ៏សប្បាយរីករាយនេះ និងសូមបន្តគាំទ្រ ដល់ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្ត នៅឆ្នាំខាងមុខទៀត ហើយសង្ឃឹម ជួបគ្នា នៅខែ១២ ឆ្នាំ ២០២៥ ខាងមុខ ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ជាវ ចន្ធូ