លំនៅដ្ឋានសហសម័យថ្មី កំពុងទទួលបានអភិវឌ្ឍន៍ និងជាទីចាប់អារម្មណ៍ពីសំណាក់ពលរដ្ឋកម្ពុជាកាន់តែច្រើន

ភ្នំពេញ៖ ក្រុមស្ថាបត្យករកម្ពុជា បានលើកឡើងថា សំណង់ស្ថាបត្យកម្មសហសម័យ ជាសំណង់អគាររស់នៅបែបច្នៃប្រឌិតថ្មីដែលគេសង្កេតឃើញចាប់ផ្តើមមានសកម្មភាពសាងសង់កាន់តែច្រើននៅក្នុងប្រទេសកម្ពុជា ។ សំណង់មួយបែបនេះមិនត្រឹមតែចូលមកជួយឱ្យកាន់តែទំនើបបែបយុគសម័យនាពេលបច្ចុប្បន្នទេ តែវាក៏បានបង្ហាញនូវភាពស៊ីវិល័យ រត់តាមការរីកចម្រើន ប្រទេសជាតិ ដែល ជាតម្រូវរការ រស់នៅ របស់ពលរដ្ឋទៀតផង ។

ស្ថាបត្យកម្មបែបថ្មីនេះ គឺជាគំរូសាងសង់ដែលពោរពេញទៅដោយការគិតគូរបានខ្ពស់ និងស៊ីជម្រៅទាំងផាសុខភាព ការគិតគូរដល់បរិស្ថាន ជាពិសេសការបូកបញ្ចូលបច្ចេកវិទ្យាដើម្បីធ្វើឲ្យអ្នករស់នៅកាន់តែមានភាពងាយស្រួល។

ថ្លែងនៅក្នុងព្រឹត្តិការណ៍ វិចិត្រសាល ស្ថាបត្យកម្ម២០២៤ ដែលរៀបចំដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ស្ថាបត្យករ ហ៊ុន ចាន់សាន នាយកស្ថាបត្យកម្មរបស់ក្រុមហ៊ុន RE=EDGE Archilecture បានលើកឡើងថា ស្ថាបត្យកម្មសហសម័យ មិនត្រឹមតែគិតពីភាពប្រើប្រាស់បច្ចេកវិទ្យាសម្រាប់សំណង់ ទេតែក៏បានគិតគូផងដែរដល់រួមទាំង ធម្មជាតិ បរិស្ថាន ខ្យល់ចេញចូល ពន្លឺថ្ងៃ ។ ក្រៅពីនេះទីតាំង ការចេញរចនាបទ និងភាពផ្សេងៗទៀតសុទ្ធតែបានរំលេចជាមួយនឹងសំណង់បែបថ្មីនេះ។

លោកថា តាមពិតស្ថាបត្យកម្មសហសម័យ វាក៏ពិបាកបែងចែកផងដែរនូវពាក្យថាស្ថាបត្យកម្មសម័យទំនើប។យ៉ាងណាភាពពិតប្រាកដរបស់សំណង់ស្ថាបត្យកម្មសហសម័យ គឺស្ថិតនៅប្រសិទ្ធភាពនៃការប្រើប្រាស់ទីធ្លាអគារ និងចន្លោះទំនេរគឺជាចំណុចទាក់ទាញបំផុតមួយក្នុងចំណោមអត្ថប្រយោជន៍ផ្សេងៗទៀតដែលអគាររចនាតាមបែបសហសម័យអាចផ្តល់ឲ្យជូនម្ចាស់ផ្ទះចាប់រាប់តាំងតែពីជញ្ចាំងទៅដល់ពិដាន និងផ្លូវដើរផងដែរ នូវមុខងារប្រើប្រាស់លើសពីសំណង់បែបប្រពៃណី និងបុរាណ។

លោក ស៊ិន សុជាតិ ស្ថាបត្យករ និងជាស្ថាបនិកនៃ ក្រុមហ៊ុន Group Four Architects and Engineerបានលើកឡើងថាបើគេនិយាយពីស្ថាបត្យកម្មសហសម័យ គេតែងរំលឹក និងក៏ដូចជាត្រូវតែផ្សារភ្ជាប់ជាមួយស្ថាបត្យកម្មបែបទំនើបដែរ។ អគាររស់នៅ និងធ្វើការតាមបែបការរចនាសហសម័យនោះគឺរូបរាងដែលអាចបត់បែនរបស់វាទៅតាមការចង់បានរបស់អ្នករចនា និងទៅតាមទីតាំង ហើយដោយចំណាយថ្លៃដើមតិច តែមានភាពរឹងម៉ាំ និងយូរអង្វែងជាដើម។

ដោយឡែក ស្ថាបត្យករ អ៊ុង ផេង ពុធវិសាល ប្រធានសមាគមស្ថាបត្យករកម្ពុជាបានបង្ហាញពីសំណង់ដែលកើតចេញពីសហសម័យដែលមានទាំងសម័យទំនើប និងសំណង់បែបរចនាបទខ្មែរ ដែលក្នុងមានទាំងការពង្រឹងគុណភាព សុវត្តិភាពសំណង់។

លោកបានបង្ហាញ ពីការរចនាដែលមានភាពច្នៃប្រឌិតដើម្បីប្រើប្រាស់កន្លែងទំនេរឱ្យអស់លទ្ធភាព ហើយវាក៏ជាការរួមបញ្ចូលគ្នានៃគ្រប់ទំរង់រូបរាងដែលអាចបត់បែនបានតាមចិត្តអ្នករចនាដែលនឹងធ្វើឱ្យកន្លែងរស់នៅមានភាពចម្រុះកាន់តែខ្លាំង និងសម្បូរបែប ។

កញ្ញា តាំង ជូ មកពីក្រុមហ៊ុន The Gentry Hub បានឱ្យដឹងថាសំណង់ បែប សហសម័យគេបានបញ្ចូលភាពទំនើបតាមផ្ទះនីមួយៗដោយបានផ្តោតសំខាន់ទៅលើគុណប្រយោជន៍អ្នករស់នៅ ក្នុងនេះរួមមានទាំងពន្លឺចូលគ្រប់គ្រាន់ ធម្មជាតិក្នុងផ្ទះ និងភាពងាយស្រួលរបស់អ្នករស់នៅគ្រប់ផ្ទះទាំងអស់។

លោក ហង្ស សុតសំភារ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈស្ថាបត្យករកម្ពុជារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់បានថ្លែង ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤នាសប្តាហ៍មុននេះថា ក្រសួង កំពុងរៀបចំគោលនយោបាយជាតិ ស្ដីពី ៖ ស្ថាបត្យកម្មកម្ពុជាចំនួន៦ ផែនការយុទ្ធសាស្ដ្រ ដើម្បីឆ្ពោះទៅស្ថាបត្យកម្មខ្មែរនាសហសម័យកម្ពុជា។

លោក ហង្ស សុតសំភារ បញ្ជាក់ថា គោលនយោបាយជាតិ ស្ដីពី ស្ថាបត្យកម្មកម្ពុជាដែលអគ្គលេខាធិការដ្ឋានគណៈស្ថាបត្យករកម្ពុជា កំពុងរៀបចំឡើងនេះក្នុងគោលដៅសម្រេចឱ្យបាននូវចក្ខុវិស័យគោលគឺ អត្តសញ្ញាណជាតិ កិត្យានុភាពជាតិ ឆ្ពោះទៅស្ថាបត្យកម្មខ្មែរនាសហសម័យកម្ពុជា និងសម្រេចចក្ខុវិស័យស្ថាបត្យកម្មឌីជីថលឆ្នាំ២០៣០-២០៥០ ឱ្យទទួលបានជោគជ័យ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner