នាយករដ្ឋមន្ត្រី អញ្ជើញពិនិត្យស្ថានភាព និងទស្សនាសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក

(សៀមរាប)៖ បន្ទាប់ពីបានចូលរួមកម្មវិធីរត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្តលើកទី២៩ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឆ្លៀតឱកាសចុះពិនិត្យស្ថានភាព និងទស្សនាសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប នាថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២៤ ។

សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ជាទីកន្លែងផ្តល់នូវទស្សនីយភាពបែបធម្មជាតិនៃការរស់នៅរបស់បងប្អូនប្រជាជនខ្មែរតាមបែបបទអ្នកទន្លេ និងសម្រស់ធម្មជាតិសម្បូរបែបរបស់បឹងទន្លេសាបផងដែរ។

បន្ទាប់ពីបានទស្សនកិច្ច និងជួបសំណេះសំណាលផ្ទាល់ជាមួយសហគមន៍ ពិសេសអ្នកប្រកបរបរជាអ្នកបេីកបរកាណូត និងអុំទូកបម្រេីសេវាជូនអ្នកទេសចរ សម្ដេចបវរធិបតី ទទួលបាននូវសំណូមពរមួយចំនួន ហេីយសម្រេចផ្តល់ជាដំណោះស្រាយជូនដូចខាងក្រោម៖

១. កសាងផ្លូវកៅស៊ូ ៨គីឡូម៉ែត្រ លើផ្លូវក្រាលគ្រួសក្រហមដែលមានស្រាប់ ដេីម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វេីដំណេីរ និងកាត់បន្ថយការហុយ ។

២. កសាងបញ្ជរលក់សំបុត្រថ្មីរបស់សហគមន៍ ដែលនឹងជួយឱ្យសហគមន៍មិនចាំបាច់ជួលដីដើម្បីលក់សំបុត្រដូចបច្ចុប្បន្ន ។

៣. ផ្តល់បន្ថែមនូវធុងសំរាមក្នុងសហគមន៍ ដើម្បីថែរក្សាអនាម័យ និងបរិស្ថាន នៅក្នុងតំបន់ ។

សម្ដេចនាយករដ្ឋមន្ត្រី សូមកោតសរសើរចំពោះបងប្អូនប្រជាពលរដ្ឋនៅកំពង់ភ្លុក ដែលបានរួមគ្នាចងក្រងជាសហគមន៍ ដេីម្បីផ្តល់ជូននូវសេវាកម្មយ៉ាងល្អ ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រកបដោយស្នាមញញឹមនិងសប្បាយរីករាយ ជាពិសេសក៏រួមចំណែកក្នុងការលេីកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ និងបង្កើតផលិតផលទេសចរណ៍បន្ថែមនៅក្នុងខេត្តសៀមរាប ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner