២ធ្នូ « ជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ »
ភ្នំពេញ៖ថ្ងៃនេះ ទី២ ខែធ្នូ ឆ្នាំ២០២៤គឺជាគម្រប់ខួបអនុស្សាវរីយ៍ លើកទី៤៦ ទិវាកំណើតរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា(០២ ធ្នូ ១៩៧៨-០២ ធ្នូ ២០២៤)។ ប្រជាជនគ្រប់រូបសុទ្ធតែយល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជម្នះ ៧មករា ទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ នេះគឺ «ជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ»។
ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤នេះ ជាខួបលើកទី៤៦ ទិវាកំណើត ”រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា” មានឈ្មោះដើមថា “រណសិរ្សសាមគ្គី សង្រ្គោះជាតិកម្ពុជា” ដែលបានបង្កើតឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ នៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។
រណសិរ្ស២ធ្នូ ជាកម្លំាងមហាជន អ្នកស្នេហាជាតិ គ្រប់និន្នាការនយោ បាយ ដឹកនាំបង្កើតដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងឥស្សរជនស្នេហាជាតិជាច្រើនទៀត ក្នុងការរំដោះ ប្រទេសជាតិចេញពីរបបខ្មែរ ប៉ុលពតប្រល័យពូជសាសន៍ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ។
ឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្ស ប្រជាជនគ្រប់ទិសទីបាន ក្រោកឈររួបរួមគ្នា ជាកម្លាំងមហាសាមគ្គីជាតិ ដោយបានទទួល ការជួយឧបត្ថម្ភយ៉ាងធំធេង ពីកងទ័ពស្ម័គ្រចិត្ដវៀតណាម និងការ គាំទ្រពីមិត្ដភក្ដិជិតឆ្ងាយលើសកលលោក ដើម្បីផ្ដួលរំលំរបបកម្ពុជា ប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩។
រណសិរ្ស ២ធ្នូ មិនត្រឹមតែបានជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ឱ្យចាកផុតពីមហន្ដរាយ នៃរបបអាវខ្មៅ ប៉ុណ្ណោះទេ ប៉ុន្ដែបានជួយស្ដារ កសាង និងអភិវឌ្ឍន៍ មាតុភូមិកម្ពុជាមានការកែប្រែមុខមាត់ថ្មីជាបន្ដ បន្ទាប់ រហូតទទួលបានសុខសន្តិភាព ឯកភាពជាតិ និងការអភិវឌ្ឍ ដូចសព្វថ្ងៃនេះ។
មាន២ធ្នូ ឆ្នាំ១៩៧៨ ទើបមានថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ ហើយមាន៧ ខែមករា ឆ្នាំ១៩៧៩ ទើបមានថ្ងៃនេះ។ ទំរាំមានថ្ងៃនេះ យើងបាន ធ្វើដំណើរដ៏វែងឆ្ងាយ ឆ្លងកាត់ការលំបាក ឧបសគ្គរាប់ម៉ឺនជំពូក។ ឥស្សរជន អតីតយុទ្ធអ្នកស្នេហាជាតិយើងរាប់មិនអស់ បានពលីកម្ម អាយុជីត បូជាសាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុជាតិមាតុភូមិ ដោយមិនខ្លាចនឿយហត់ និងស្តាយស្រណោះអាយុជីវិតនោះ ឡើយ។
មហាជ័យជម្នះ៧ មករា ១៩៧៩ បានបពា្ចប់នូវសម័យកាលដ៏ខ្មៅ ងងឹតបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្ដិសាស្ដ្រកម្ពុជា បានបើកឡើងនូវសករាជថ្មី ប្រជាជនកម្ពុជាយើងក៏បានទទួលមកវិញនូវ សិទ្ធិសេរីភាព និងឱកាសដើម្បីស្ដារកសាងមាតុភូមិរបស់ខ្លួនឡើងវិញ។ ប្រជាជនគ្រប់រូបសុទ្ធតែយល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជម្នះ ៧ មករា ទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ នេះគឺជា សច្ចធម៌ នៃប្រវត្ដិសាស្ដ្រ។
ចូរយើងទាំងអស់គ្នារួមគ្នាការពារ ថែរក្សាសន្តិភាព ដែលយើងទទួលបានដោយលំបាកនេះ ឱ្យបានគង់វង្ស យូររអង្វែង តរៀងទៅ ដើម្បីប្រទេសជាតិយើងទទួលបានការអភិវឌ្ឍបន្តបន្ទាប់ ឈានទៅរក ភាពរុងរឿងដូចអារ្យប្រទេស ក្នុងពេលខាងមុខនេះ៕
ដោយ៖មុនី