សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់​កម្ពុជា​បំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិន

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទទី២ ខែធ្នូ ឆ្នាំ២០២៤នេះ តបតាមការ​អញ្ជើញ​របស់គណបក្សកុម្មុយនីស្តចិន សម្តេចអគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈ​ប្រតិភូ​ជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃ ទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។

សមាសភាពគណៈប្រតិភូអមដំណើរសម្តេចតេជោ ហ៊ុន សែន ក្នុង​ទស្សនកិច្ចរួមមាន សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមក្រុម​ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋ​មន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធាន គណៈទាក់ទងការ​បរទេសនៃគណបក្សប្រជាជនកម្ពុជា ឯកឧត្តម​បណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃ ព្រឹទ្ធសភា ព្រមទាំងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួង/ស្ថាប័ន និងថ្នាក់ដឹកនាំសំខាន់ៗរបស់ស្ថាប័ននីតិ- ប្បញ្ញត្តិ និងរាជរដ្ឋាភិបាល។

តាមកម្មវិធីនៅក្នុងឱកាសទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន នឹងមានជំនួបទ្វេភាគី ជាមួយ លោក ស៊ី ជីនពីង អគ្គលេខាធិការ​នៃ​គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃ​សាធារណរដ្ឋ ប្រជាមានិតចិន ព្រមទាំងមានជំនួបពិភាក្សា​ការងារដាច់​ដោយឡែកជាមួយ ឯកឧត្តម វ៉ាង ហ៊ូនឹង ប្រធាន គណៈកម្មាធិការ​ជាតិនៃសភាប្រឹក្សានយោបាយនៃប្រជាជនចិន និងឯកឧត្តម ចាវ ឡីជី ប្រធានគណៈ- កម្មាធិការអចិន្ត្រៃយ៍នៃសភា​តំណាងប្រជាជនចិន៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner