លោក ហ្សេលែនស្គី ៖ អ៊ុយក្រែនត្រូវការការធានាសន្តិសុខ មុនចាប់ផ្តើមបទឈប់បាញ់
កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានសង្កត់ធ្ងន់ថា ប្រទេសរបស់លោកត្រូវការការធានាសន្តិសុខគ្រប់គ្រាន់ ដើម្បីពិចារណាថាតើត្រូវចាប់ផ្តើមកិច្ចចរចាបទឈប់បាញ់ជាមួយរុស្ស៊ីដែរឬទេ។
លោក Zelenskyy បាននិយាយបែបនេះនៅក្នុងសន្និសីទសារព័ត៌មានរួមមួយ ជាមួយប្រធានថ្មីរបស់ក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa ក្នុងទីក្រុងកៀវ កាលពីថ្ងៃអាទិត្យម្សិលមិញ។
លោក Zelenskyy បានសង្កត់ធ្ងន់ថា អ៊ុយក្រែនត្រូវការការធានាសន្តិសុខគ្រប់គ្រាន់ ដើម្បីពង្រឹងជំហររបស់ខ្លួន មុនពេលរបៀបវារៈនៃការចរចាដែលអាចកើតមានជាមួយរុស្ស៊ី។
លោក Zelenskyy បានកត់សម្គាល់ថា ការធានាបែបនេះ ចាំបាច់ត្រូវរួមបញ្ចូលការផ្គត់ផ្គង់បរិមាណអាវុធរយៈចម្ងាយឆ្ងាយឲ្យបានគ្រប់គ្រាន់ និងការបើកដំណើរការនីតិវិធីផ្លូវការសម្រាប់អ៊ុយក្រែន ក្នុងការចូលជាសមាជិកណាតូ។
លោក Costa បានមកដល់រដ្ឋធានីអ៊ុយក្រែនជាមួយប្រធានគោលនយោបាយការបរទេសថ្មីរបស់សហភាពអឺរ៉ុប គឺលោក Kaja Kallas មុនពេលពួកលោកឡើងកាន់តំណែងជាផ្លូវការ។
លោក Costa បាននិយាយថា អឺរ៉ុបគ្រោងនឹងផ្តល់ជំនួយប្រចាំខែដល់អ៊ុយក្រែន ដែលមានតម្លៃ ១.៥ពាន់លានអឺរ៉ូ ឬប្រហែល ១.៥៨ពាន់លានដុល្លារសម្រាប់រយៈពេលមួយឆ្នាំ ដោយចាប់ផ្តើមពីខែមករា ឆ្នាំ២០២៥តទៅ។
លោក Costa បន្ថែមថា អឺរ៉ុបនឹងដាក់ប្រាក់ជំនួយជាមួយនឹងប្រាក់ចំណូលពីទ្រព្យសកម្មរបស់រុស្ស៊ី ដែលត្រូវបានបង្កក ដើម្បីជួយអ៊ុយក្រែន ហើយថា
អឺរ៉ុបនឹងបន្តឈរប្រកៀកស្មារជាមួយអ៊ុយក្រែន៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

