សម្តេចតេជោ ហ៊ុន សែន ផ្ញើសារឆ្លើយតប ពាក់ព័ន្ធលោក អឹម នី នៅខេត្តពោធិ៍សាត់ ដែលអះអាងថា ធ្លាប់បានជួយសម្តេច នៅសម័យប៉ុលពត
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងឆ្លើយតបលោក អឹម នី នៅខេត្តពោធិ៍សាត់ ដែលបានអះអាងថា ធ្លាប់បានជួយសម្តេច នៅសម័យប៉ុលពត ថា សម្តេចមិនដែលភ្លេចគុណអ្នកណាទេ ។ សម្តេច បានថ្លែងបញ្ជាក់ទៅ លោក អឹម នី ថា មិនមានអ្នកណាជួយសម្តេច ឲ្យរត់នោះដែរនៅពេលសម័យនោះ កិច្ចការសម្តេច ជាអ្នកសម្រេចទាំងអស់ ព្រោះសម្តេចពេលនោះជាមេបញ្ជាការកងពល ដែលអាចបញ្ជាកងទ័ព និងសម្រេចកិច្ចការផ្សេងៗដោយខ្លួនឯង ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖ ខ្ញុំសូមផ្ញើជូនចំពោះលោក អ៊ឹមនី អ្នកសារព័ត៌មាន ក៏ដូចជាបងប្អូនទាំងអស់ដែលបានចូលមើលតេឡេក្រាមនេះ។ តាមការរៀបរាប់របស់លោក អ៊ឹមនី ដែលខ្ញុំហៅថាប្អូន ឬក៏បង តែតាមមើលប្រហែលជាអាយុមិនច្រើនជាងខ្ញុំទេ ខ្ញុំសូមបញ្ជាក់ថាទី១ ខ្ញុំគ្មានប្រវត្តិច្រើនទេ ខ្ញុំមានប្រវត្តិតែ១គត់ គឺប្រវត្តិដែលបានថតជាខ្សែភាពតយន្ត រឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរមី រួចមកហើយ នេះគឺជាប្រវត្តិពិតរបស់ខ្ញុំ ហើយខ្ញុំក៏បានធ្វើបាឋកថាថ្ងៃមុន អស់រយៈពេល ២ម៉ោង ខ្ញុំបាននិយាយច្រើនហើយ ហើយរឿងរបៀបនេះកើតឡើងមិនតិចជាង ៥០ដងទេ។ ចាប់តាំងពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន អ្នកនេះអះអាងថា ជួយខ្ញុំបែបនេះ ជួយខ្ញុំបែបនោះ មិនមែនជារឿងត្រឹមត្រូវទេ គ្មាននរណាជួយខ្ញុំទេ មានតែខ្ញុំជួយអ្នកដទៃ អាហ្នឹងខ្ញុំសូមបញ្ជាក់ ។
សម្ដេចតេជោ បានបន្ថែមថា ខ្ញុំមិនដឹងថា ខ្ញុំរកពាក្យពេជន៍បែបមិច សារព័ត៌មានយកមកចុះផ្សាយបែបនេះ ហើយខ្ញុំសូមបញ្ជាក់ថា ខ្ញុំមិនដែលភ្លេចគុណនរណាទេ ក៏ប៉ុន្តែសូមឱ្យអ្នកដទៃគោរពគោលការណ៍ និយាយត្រង់ និយាយពិត ព្រោះមិនអាចយកភាពលកាឡៃ ហើយរឿងដែលមិនដែលស្គាល់គ្នា ប្អូនប្រុសនៅខេត្តពោធិ៍សាត់ ហើយខេត្តពោធិ៍សាត់ ពេលនោះ នៅភូមិភាគពាយព្យនៅឆ្ងាយណាស់ ជាមួយជ្រុងម្ខាងនៃភូមិភាគបូព៌ា ទិស ដែលនៅស្រុកមេមត់ឯណោះ អ៊ីចឹងវាទៅមិនរួច ៕
ដោយ ៖ វណ្ណលុក