ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្រះទឹក វេទិកាវរសេនាតូចលេខ ៤១៤ និងសួរសុខទុក្ខនាយ-ពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១
(ខេត្តឧត្តរមានជ័យ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចថ្មើរជើងលេខ៤១ យោធភូមិភាគទី៤ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ ស្ថិតនៅភូមិអូរគគីកណ្តាល ឃុំលំទង ស្រុកអង្លង់វែង ខេត្តឧត្តរមានជ័យ ដោយមានការអញ្ជើញចូលរួមពី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង តំណាងក្រុមហ៊ុនសុភ័ក្រនីការ អ៊ីនវេសមិនគ្រុប ខូ អិលធីឌី ប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ ព្រមទាំងពលទាហាន សរុបប្រមាណ ៨០០នាក់។
សមិទ្ធផលដែលបានសម្ពោធឱ្យប្រើប្រាស់នៅពេលនេះ រួមមានវេទិកាវរសេនាតូចលេខ៤១៤ និងស្រះទឹកទំហំ៨០ម៉ែត្រគុណ២៦០ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តាមរយៈសម្ព័ន្ធមេត្រីភាពរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងកងពលតូចថ្មើរជើងលេខ៤១ ដែលជាការរៀបចំហេដ្ឋារចនាសម្ព័ន្ធសារវ័ន្តសម្រាប់បម្រើឱ្យការប្រើប្រាស់រយៈពេលយូរក្នុងជីវភាពប្រចាំថ្ងៃរបស់នាយទាហាន នាយទាហានរង និងពលទាហាន។
ឯកឧត្តម រដ្ឋមន្រ្តីគូសបញ្ចាក់ថា ជំនួយឧបត្ថម្ភទាំងអស់នេះ រួមទាំងការអភិវឌ្ឍនានាក្នុងកងពលតូចថ្មើរជើងលេខ៤១ និយាយដោយឡែក និងការអភិវឌ្ឍប្រទេសជាតិយើងទាំងមូលតាំងពីបាតដៃទទេរហូតមកដល់ថ្ងៃនេះ និយាយជារួម គឺកើតចេញពីតម្លៃនៃសុខសន្តិភាព និងការឯកភាពជាតិនៅទូទាំងប្រទេស។
ឯកឧត្តម រដ្ឋមន្រ្តីបន្ថែមថា ជំនួបថ្ងៃនេះ បង្ហាញឱ្យឃើញអំពីសមិទ្ធផលដ៏មានសារៈសំខាន់នៃសម្ព័ន្ធមេត្រីភាពរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងកងពលតូចថ្មើរជើងលេខ៤១ ដែលជាការរៀបចំហេដ្ឋារចនាសម្ព័ន្ធសារវ័ន្តសម្រាប់បម្រើឱ្យការប្រើប្រាស់រយៈពេលយូរក្នុងជីវភាពប្រចាំថ្ងៃរបស់នាយទាហាន នាយទាហានរង និងពលទាហានរបស់យើង គឺស្រះទឹក ដែលយើងទើបតែបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។
ឯកឧត្តម ឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការ បានលើកឡើងក្នុងកិច្ចស្វាគមន៍ថា យន្តការសម្ពន្ធមេត្រីភាពនេះ គឺជាយន្តការផ្តួចផ្តើមបង្កើតឡើងដោយ សម្តេចតេជោប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី ដើម្បីជាយន្តការសមរភូមិជួយគាំទ្រនិងលើកកម្លាំងចិត្តចំពោះសមរភូមិមុខ ដែលបានប្តូរផ្តាច់ការពារបូរណភាពទឹកដី រក្សាបានអធិបតេយ្យនិងឯករាជ្យជាតិ មានលទ្ធភាពធ្វើការអភិវឌ្ឍនៅទីតាំងឈរជើងឱ្យបានរឹងមាំ ហើយមានលទ្ធភាពអាចដោះស្រាយបញ្ហាប្រឈមនានាបានទាន់ពេល។ នៅអាណត្តិទី៧ នេះ រាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏នៅតែបន្តពង្រឹងសកម្មភាពសម្ពន្ធមេត្រីភាពនេះ ហើយជំរុញឱ្យបង្វែរទិសមួយផ្នែកនៃលទ្ធភាពសម្ព័ន្ធមេត្រីភាពទៅជាការរៀបចំហេដ្ឋារចនាសម្ពន្ធនានាដែលអាចប្រើប្រាស់បានយូរអង្វែង ដែលសមិទ្ធផលក្នុងថ្ងៃនេះ គឺជាភស្តុតាងបញ្ជាក់ច្បាស់អំពីការគិតគូរដល់ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់បងប្អូនកងទ័ពយើងនៅសមរភូមិមុខ។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បាននាំយកគ្រឿងឧបភោគ/បរិភោគ ព្រមទាំងថវិកាមួយចំនួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់នាយទាហាន នាយទាហានរង ពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១ ផងដែរ។
គួរបញ្ចាក់ថា សរុបសមិទ្ធផលខាងលើ ចំណាយអស់ថវិកា ៦៣០ ២៤៨ ១៣៧ (ប្រាំមួយរយសាមសិប លាន ពីររយសែសិបប្រាំបីពាន់ មួយរយសាមសិបប្រាំពីរ) រៀល និង ២៧០ ៧៥៥ (ពីររយចិតសិបពាន់ ប្រាំពីររយហាសិបប្រាំ) ដុល្លារអាម៉េរិក៕
ដោយ ៖ ង៉ាន់ ទិត្យ