ក្រុមយុវជនបង្កើតគំនិតកែច្នៃបន្ទប់ទឹកសាធារណៈ ដើម្បីសហគមន៍ស្រស់ស្អាត និងប្រកបដោយអនាម័យ
(ភ្នំពេញ)៖ អនាម័យស្អាត គឺមានន័យទៅដល់ភាពស្អាតជាសាធារណៈដោយក្នុងនេះ ការដែលមានបន្ទប់ទឹកសាធារណៈស្អាត និងមានសុវត្តិភាពផងគឺមិនត្រឹមតែជួយដល់មនុស្សទូទៅអាចប្រើប្រាស់បានទេ តែវានៅបានជួយឱ្យប្រទេសស្រស់ស្អាត និងផ្តល់ផាសុកភាពពលរដ្ឋថែមទៀត។
ក្រុមយុវជន បានទទួល ជ័យលាភី ដែលបានបង្កើតនូវគំនិតកែច្នៃបន្ទប់ទឹកសាធារណៈ ចាត់ទុកថាភាពស្រស់ស្អាតរបស់សហគមន៍ គឺវាបានផ្តល់នូវសារៈសំខាន់ដូចគ្នាក្រុមគ្រួសារ និងភាពស្អាតបុគ្គលផងដែរ។ ព្រមជាមួយគ្នានេះ វាក៏បានឆ្លុះបញ្ជាំងនូវប្រទេសមួយប្រកបដោយភាពសណ្តាប់ធ្នាប់ល្អ បង្ហាញឱ្យគេឃើញពីភាពជឿនលឿន និងការរស់នៅស្អាតគួរគោរពកោតក្រែង។
បង្ហាញនូវគំនិតច្នៃប្រឌិតបង្កើតបន្ទប់ទឹកសាធារណៈក្នុងកម្មវិធី” វិចិត្រសាលស្ថាបត្យកម្ម២០២៤” ដែលរៀបចំដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤កន្លងមក លោក ម៉ៅ សុធា ជានិស្សិតផ្នែកស្ថាបត្យករមកពីសាកលវិទ្យាល័យន័រតុនបានឱ្យដឹងថា៖គម្រោងបង្កើតបន្ទប់ទឹករបស់លោកជាបន្ទប់ទឹកចល័តសាធារណៈ។គម្រោងមួយនេះបានជាប់ជ័យលាភីមេដាយមាសនៅប្រទេសអង់គ្លេសរួចមកហើយ។
លោកបានប្រាប់ថាក្នុងចំណោមនិស្សិតចំនួន៣រូប ក្នុងក្រុម ដែលបានចូលរួមបង្កើតគំនិតកែច្នៃបន្ទប់ទឹកសាធារណៈនេះគឺក្រោយពីសង្កេតឃើញតាមដងផ្លូវនៅប្រទេសកម្ពុជាមួយចំនួន ពិសេសរាជធានីភ្នំពេញមាននៅសល់ចន្លោះកន្លែងតូចៗដែលអាចធ្វើឱ្យពលរដ្ឋចោលសំរាម ឬធ្វើអ្វីមួយដែលនាំឱ្យបាត់សណ្តាប់ធ្នាប់ ម្ល៉ោះហើយបើយើងយកទីកន្លែងទាំងនេះ មកកែច្នៃជា បន្ទប់ទឹកសាធារណៈ ប្រើប្រាស់នោះមិន ត្រឹមតែផ្តល់ ផលប្រយោជន៍មនុស្សគ្រប់គ្នាទេ តែវាក៏បង្ហាញពីភាពយកចិត្តទុកដាក់ដល់សុខទុក្ខពលរដ្ឋ និង ការយកចិត្តទុកដាក់អនាម័យស្អាតក្នុងប្រទេសផង។
លោក ម៉ៅ សុធា បានប្រាប់ដែរថា គម្រោង បង្កើតបន្ទប់ទឹកសាធារណៈ របស់ក្រុមលោកនេះ មិនមែនសំដៅ សម្រាប់ អាជីវកម្មរបស់នរណាម្នាក់ទេ តែវាជាការបម្រើឱ្យសាធារណៈ និងវាក៏ជាបន្ទប់ទឹកដែលចល័តបានទាំងក្នុងទីក្រុង និងជនបទ។
ក្រុមយុវជនដែលបានបង្ហាញគំនិតដើម្បីចូលរួមលើកស្ទួយអនាម័យស្អាតក្នុងប្រទេសរូបនេះបាននិយាយឱ្យដឹងដែរថាក្នុងការប្រកួតនៅប្រទេសអង់គ្លេសកន្លងមកតាមរយៈការប្រើបន្ទះសូឡាដើម្បីប្រើប្រាស់ទំនើបកម្មក្នុងបន្ទប់ទឹក និងក៏ដូចជាការកែច្នៃទឹកដែលប្រើប្រាស់ទៅហើយអាច យកមកប្រើប្រាស់បានឡើងវិញនោះ ធ្វើឱ្យចំណុចនេះហើយក្រុមលោកបានទទួលជ័យលាភីលេខ១ក្នុងប្រទេសអង់គ្លេស។
ដោយឡែក កញ្ញាគ្រីស្ទីណេ ដែលជាក្រុមបានទទួលជ័យលាភី ក្នុងការកែច្នៃបន្ទប់ទឹកសាធារណៈនេះដែរបានឱ្យដឹងថាក្រុមកញ្ញាមានគ្នាចំនួន៥នាក់ ជាក្រុមបង្កើតគំនិតកែច្នៃបន្ទប់ទឹកសាធារណៈនៅផ្សារទូលទំពូង។ក្រុមដែលមានឈ្មោះ”ឈ”របស់កញ្ញាមានគំនិតបង្កើតបន្ទប់ទឹកសាធារណៈនេះឡើង ក្រោយពីពេលដែលបាន ដើរមើលតាមទីផ្សារ និងទីសារធារណៈមួយចំនួននៅមានកង្វះខាតច្រើនទៅលើបន្ទប់ទឹកសាធារណៈ ពិសេសផ្សារទូលទំពូងតែម្តង។
កញ្ញា គ្រី ស្ទីណេ បានឱ្យដឹងដែរថា ផ្សារទួលទំពូង ដែលមានភ្ញៀវទេសចរចូលកម្សាន្តច្រើន ហេតុនេះបើគ្មានបន្ទប់ទឹកស្អាត វាហាក់នាំឱ្យអាប់ឱនដល់យើងដែរ។ម្ល៉ោះហើយតាមរយៈគម្រោងរចនាប្លង់ ដែលជាគំនិតក្រុមរបស់កញ្ញាសង្ឃឹមថាអាចនឹងត្រូវគេប្រើប្រាស់នៅថ្ងៃខាងមុខ។
យុវជន លាង សីហា ជានិស្សិតមួយរូបបានលើកឡើងថា បើយើងនិយាយពីបន្ទប់ទឹក គឺមនុស្សមួយចំនួនមិនឱ្យតម្លៃវាទេ តែតាមពិតវាបានចូលរួមយ៉ាងសំខាន់មួយទៅលើសាធារណៈជន និងអនាម័យស្អាតរបស់ប្រទេសជាតិ។ទីកន្លែងសាធារណៈដែលនៅសល់តូចៗមិនប្រើការ យើងគួប្រើប្រាស់វាឱ្យមានប្រយោជន៍តាមរយៈបង្កើតបន្ទប់សាធារណៈនេះសម្រាប់ពលរដ្ឋប្រើ្រប្រាស់ជារឿងល្អបំផុត។
កញ្ញា មីសុគន្ធារី ជានិស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឬហៅថាសាលាតិចណូ មួយរូបបានលើកឡើងដោយ ចាត់ទុកថាបន្ទប់ទឹកសាធារណៈគឺជាភាពចាំបាច់មួយ មិនអាចខ្វះបានដោយក្រៅពីបម្រើដល់ពលរដ្ឋ ទូទៅហើយនៅអាចជួយការពារបរិស្ថាន និងប្រទេសមានអនាម័យល្អដោយពុំមានពលរដ្ឋបន្ទោរបង់ពាសវាកាលឡើយ។
និស្សិត ឡេង កន្និកា មកពីសាលាតិចណូនេះដែរបានបង្ហាញទស្សនៈផ្ទាល់ខ្លួនថា ការបង្កើតបន្ទប់ទឹកសាធារណៈឱ្យបានច្រើនវាមិនត្រឹមផ្តល់ ប្រយោជន៍ ដល់ពលរដ្ឋកម្ពុជាទេ សូម្បីតែភ្ញៀវបរទេស ពិសេសអ្នកទេសចរក៏អាចប្រើប្រាស់បានដូចគ្នា។ការដែលមានបន្ទប់ទឹកសាធារណៈច្រើន និងប្រកបដោយអនាម័យវាក៏ជួយដល់បរិស្ថានកាន់តែច្រើន។
ឯកឧត្តម ម៉ម សុផាណា ទីប្រឹក្សា ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានចាត់ទុកថាក្រុមនិស្សិតដែលបង្កើតគំនិតសម្រាប់បន្ទប់សាធារណៈនេះគឺជារឿងល្អ ដែលបង្ហាញពីការយកចិត្តទុកដាក់បម្រើដល់សាធារណៈជន និង វាជួយលើកស្ទួយសេវាសាធារណៈនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។
ឯកឧត្តមបានចាត់ទុកថាកម្ពុជាក៏មានបន្ទប់សាធារណៈមួយចំនួនដែរដែលបានដាក់បម្រើ តែគេគួរបន្ថែមចំនួន នៅពេលកំណើនមនុស្សកាន់តែច្រើន។ព្រមជាមួយគ្នាបន្ទប់ទឹកដែលស្អាតល្អ និងបំពាក់ដោយបច្ចេកវិទ្យាជារឿងមួយចាំបាច់ដែលគេត្រូវតែគិតគូមិនអាចខ្វះបានឡើយ។
គួរបញ្ជាក់ថាសម្រាប់បន្ទប់ទឹកសាធារណៈ នៅរាជធានីភ្នំពេញ ចូលមិនតម្រូវឲ្យបង់ប្រាក់មានចំនួន១២កន្លែងដែលបានដាក់ពង្រាយតំបន់សំខាន់មួយចំនួន ក្នុងនេះមានដូចជាវត្តភ្នំ នៅមុខវត្តបទុមវត្តី, សួនក្រមង៉ុយ តំបន់កំពង់ដអរិយក្សត្រ,សួនច្បារលោកយាយពេញជាដើម៕
ដោយ ៖ ម៉ាដេប៉ូ,រូប៖ឆៃ ហួត










