អភិបាលរងខេត្តស្វាយរៀង សំណេះសំណាល និងជូនដំណើរ កងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី ទៅរៀននៅភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង

(ស្វាយរៀង)៖ លោក ម៉ែន កល្យាណ អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្តស្វាយរៀង អញ្ជើញសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី(ជាប់ជាស្ថាពរ) ចំនួន៤៨នាក់ ចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ខេត្តកំពង់ឆ្នាំង ព្រឹកថ្ងៃទី២ខែធ្នូឆ្នា២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ត្រី សុខា រ៉ានាថ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង និងក្រុមគ្រួសារ មាតា បីតា របស់យោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី ផងដែរ ។

លោកអភិបាលរងខេត្ត បានផ្តាំផ្ញេីដល់យោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មីនូវចំណុចសំខាន់មួយចំនួនដូចខាងក្រោម ៖

១-ត្រូវតែការពារអោយបានដាច់ខាតនូវសុខសន្តិភាពនិងរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត ។
 
២-ត្រូវរក្សាការស្មោះត្រង់ដាច់ខាត ចំពោះជាតិមាតុភូមិនិងលើកកម្ពស់មនសិការស្នេហាជាតិ គោរពអោយបានមុឺងម៉ាត់រាល់តួនាទីភារកិច្ចរបស់ កងទ័ព ក្នុងការពង្រឹងខឿនការពារជាតិការពារឯករាជ្យភាពសន្តិភាព ការពារបន្ទាត់ព្រំដែន និង បូរណភាពទឹកដី។

៣-ត្រូវចូលរួមថែរក្សាពង្រឹងសន្តិភាពស្ថេរភាពនយោបាយសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈទាំងនៅក្នុងក្របខណ្ឌភូមិសាស្ត្រខេត្ត និងក្របខណ្ឌទូទាំងប្រទេស។

៤-ត្រូវរក្សាការសាមគ្គីភាព ឯកភាពផ្ទៃក្នុងអោយបានល្អប្រសើរជាពិសេសជួរ នាយទាហ៊ាននិងមេបញ្ជាការត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ គោរពវិន័យអោយបានខ្ជាប់ខ្ជួន។

៥-ត្រូវខិតខំហ្វឹកហ្វឺនរៀនសូត្រ និងពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈ ផ្សេងៗអោយបានជាប់ជាប្រចាំ ព្រមទាំងត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវ ក្នុងការគ្រប់គ្រងថែរក្សាសម្ភារៈ
បរិក្ខាសព្វាវុធ និងគ្រឿងបំពាក់ផ្សេងៗអោយបានល្អប្រើប្រាស់អោយចំទិសដៅ និងទុកដាក់ថែរក្សាអោយបានត្រឹមត្រូវ។

៦-ត្រូវមានសាមគ្គីភាពផ្ទៃក្នុង បង្កើនកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរដែនដី អង្គភាពពាក់ពន្ធ័ និងប្រជាពលរដ្ឋក្នុងគោលដៅពង្រឹងការទំនាក់ទំនងបង្កើនការជឿជាក់ ការស្រឡាញ់រាប់អានពីប្រជាពលរដ្ឋនិងជួយប្រជាពលរដ្ឋពេលមានគ្រោះមហន្តរាយនានា ជាយថាហេតុ។

៧-ត្រូវយកចិត្តទុកដាក់គ្រប់គ្រង កម្លាំងទ័ពអោយបានហ្មត់ចត់និងមានវិធានការជាក់ស្តែងក្នុងការចិញ្ចឹមទ័ពលើកកម្ពស់ជីវភាពរស់នៅ និងការថែរក្សាសុខាមាលភាពយោធិនអោយបានមាំមួន ចៀសវាងជម្ងឺឆ្លងផ្សេងៗ ។

លោក អភិបាលរងខេត្ត បាននាំយកនូវថវិកាឧត្តម្ភរបស់ឯកឧត្តមអភិបាលខេត្ត ចំនួន ២លានរៀល ជូនដល់សិក្ខាមដែលទៅហ្វឹកហាត់ផងដែរ៕

ដោយ ៖ នុត នាង

ads banner