ប្រធានាធិបតីកូរ៉េខាងត្បូងលុបចោលច្បាប់អាជ្ញាសឹកវិញ បន្ទាប់ពីសមាជិកសភាចេញមុខប្រឆាំង

សេអ៊ូល ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បាននិយាយនៅថ្ងៃពុធនេះថា លោកនឹងដកការប្រកាសច្បាប់អាជ្ញាសឹក ដែលលោកបានដាក់កាលពីប៉ុន្មានម៉ោងមុន បន្ទាប់ពីសភាបានចេញមុខប្រឆាំង។

នៅក្នុងវិបត្តិនយោបាយដ៏ធំបំផុតរបស់កូរ៉េខាងត្បូងក្នុងរយៈពេលជាច្រើនទសវត្សរ៍នេះ លោក Yoon បានធ្វើឱ្យប្រទេសជាតិភ្ញាក់ផ្អើលជាខ្លាំង និងបានប្រកាសដាក់ច្បាប់អាជ្ញាសឹកកាលពីយប់ថ្ងៃអង្គារ ដើម្បីរារាំងកងកម្លាំងប្រឆាំងរដ្ឋ និងឃុបឃិតជាមួយកូរ៉េខាងជើង ក្នុងចំណោមគូប្រជែងនយោបាយក្នុងស្រុករបស់គាត់។

ប៉ុន្តែសមាជិកសភាដែលខឹងសម្បារនឹងវិធានការនេះ បានបដិសេធជាឯកច្ឆ័ន្ទលើក្រឹត្យនេះ។ បើតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ថា គណៈរដ្ឋមន្ត្រីបានយល់ព្រមកាលពីព្រឹកថ្ងៃពុធ ដើម្បីលុបចោលច្បាប់អាជ្ញាសឹកនេះ។

ទន្ទឹមគ្នា ក្រុមអ្នកតវ៉ានៅខាងក្រៅរដ្ឋសភា បានស្រែកហ៊ោ និងទះដៃសាទរ ហើយថែមទាំងនិយាយលឺៗថា “យើងឈ្នះ!” ដោយបាតុករម្នាក់បានវាយស្គរ។

លោក Danny Russel ដែលជាអនុប្រធានវិទ្យាស្ថានគោលនយោបាយសង្គមអាស៊ីនៅសហរដ្ឋអាមេរិកបាននិយាយថា កូរ៉េខាងត្បូងជាប្រទេសមួយបានគេចពីគ្រាប់កាំភ្លើង ប៉ុន្តែលោកប្រធានាធិបតី Yoon ប្រហែលជាបានបាញ់ចំខ្លួនឯង។

ការប្រកាសច្បាប់អាជ្ញាសឹកនេះ ធ្វើឡើងក្នុងបរិបទនយោបាយដ៏តានតឹងនៅកូរ៉េខាងត្បូង ដែលលោក Yoon កំពុងតែប្រឈមមុខនឹងការប្រឆាំងខ្លាំងពីសំណាក់សភា ដែលគ្រប់គ្រងដោយគណបក្សប្រឆាំង។ អ្នកវិភាគខ្លះយល់ថា ការប្រកាសច្បាប់អាជ្ញាសឹក អាចជាយុទ្ធសាស្រ្តមួយរបស់លោក Yoon ដើម្បីបង្ក្រាបក្រុមប្រឆាំង និងរឹតបន្តឹងអំណាចរបស់លោក។

យ៉ាងណាមិញ វិបត្តិនៅក្នុងប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យតាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ ហើយជាសម្ព័ន្ធមិត្តអាមេរិក និងជាប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ីមួយនេះ បានបង្កឱ្យមានការព្រួយបារម្មណ៍យ៉ាងខ្លាំងពីអន្តរជាតិ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner