យន្តហោះចម្បាំង F-35A របស់អាមេរិក នឹងដាក់ពង្រាយនៅជប៉ុនឆ្នាំ ២០២៦
តូក្យូ ៖ ប្រភពពីរដ្ឋាភិបាលក្នុងតំបន់បាននិយាយថា យោធាអាមេរិកនឹងចាប់ផ្តើមដាក់ពង្រាយយន្តហោះចម្បាំងបំបាំងកាយ F-35A ទៅកាន់ភាគឦសានប្រទេសជប៉ុន នាអំឡុងនិទាឃរដូវឆ្នាំ ២០២៦។
យន្តហោះចម្បាំង F-35A ដែលគ្រោងដាក់ពង្រាយទៅកាន់មូលដ្ឋានទ័ពអាកាស Misawa ក្នុងខេត្ត Aomori នេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីធ្វើទំនើបកម្មយោធារបស់ខ្លួនជាបណ្តើរៗនៅក្នុងប្រទេសជប៉ុន ចំពេលកើនឡើងបញ្ហាប្រឈមផ្នែកសន្តិសុខក្នុងតំបន់ ដែលបង្កឡើងដោយប្រទេសចិន កូរ៉េខាងជើង និងរុស្ស៊ី។
ក្រសួងការពារជាតិអាមេរិកបាននិយាយកាលពីខែកក្កដាថា យន្តហោះចម្បាំង F-16 ចំនួន ៣៦ គ្រឿងដែលត្រៀមចូលនិវត្តន៍នៅឯមូលដ្ឋាន Misawa នឹងត្រូវជំនួសដោយយន្តហោះចម្បាំងបំបាំងកាយ F-35A ចំនួន ៤៨គ្រឿង ប៉ុន្តែក្រួសងមិនបានប្រកាសពីកាលបរិច្ឆេទផ្លូវការទេ។
ប្រភពបាននិយាយកាលពីពេលថ្មីៗនេះថា ក្រសួងការពារជាតិជប៉ុនបានផ្តល់ព័ត៌មានចុងក្រោយបំផុតដល់រដ្ឋាភិបាលក្នុងតំបន់ ទាក់ទងនឹងការដាក់ពង្រាយនេះ បន្ទាប់ពីទទួលបានពួកវាពីយោធាអាមេរិក។
ប្រភពបន្ថែមថា ភាគីអាមេរិកក៏បាននិយាយផងដែរថា គ្រឿងបរិក្ខារពាក់ព័ន្ធមួយចំនួននៅមូលដ្ឋាន Misawa ដូចជាឃ្លាំងនឹងត្រូវជួសជុល ឬសាងសង់ឡើងវិញ។
ផ្លូវរត់របស់យន្តហោះនៅឯមូលដ្ឋាន Misawa ត្រូវបានប្រើប្រាស់រួមគ្នាដោយយោធាអាមេរិក និងកងកម្លាំងស្វ័យការពារដែនអាកាសរបស់ជប៉ុន ដែលបានចាប់ផ្តើមដាក់ F-35 នៅទីនោះរួចហើយក្នុងឆ្នាំ ២០១៨ ដើម្បីដោះស្រាយការរំលោភដែនអាកាស និងចូលរួមប្រតិបត្តិការឃ្លាំមើលសកម្មភាពកូរ៉េខាងជើង។
ការព្រួយបារម្ភក្នុងតំបន់អំពីការបំពុលដោយសំឡេងអាចកើនឡើង នៅពេលដែលយន្តហោះ F-35As ដែលលឺខ្លាំងជាងយន្តហោះ F-16 ហើយចំនួនយន្តហោះចម្បាំងដែលត្រូវបានដាក់ពង្រាយនឹងកើនឡើង។
ដោយត្រូវបានគេស្គាល់ថា ជាយន្តហោះចម្បាំងជំនាន់ទី៥នោះ F-35A មានសមត្ថភាពបំបាំងកាយដែលអនុញ្ញាតឱ្យវាអាចគេចចេញពីការចាប់ដោយប្រព័ន្ធរ៉ាដា និងត្រូវបានបំពាក់ដោយប្រព័ន្ធរ៉ាដាដែលមានសមត្ថភាពខ្ពស់ដែលអាចចាប់បានមីស៊ីលផ្លោង៕
ប្រភព ៖ Japan Today ប្រែសម្រួល ៖ ឈឹម ទីណា