ប្រធានមន្ទីរកសិកម្មថ្មី ត្រូវបង្ហាញនូវចំណេះជំនាញក្នុងវិស័យកសិកម្ម ដោះស្រាយនូវបញ្ហាសតិអារម្មណ៍មន្ត្រីក្រោមឱវាទ ឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាជន

(ខេត្តកំពង់ស្ពឺ)៖ ក្នុងឱកាសអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក យឹម ណន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់អនុសាសន៍ដល់លោកប្រធានមន្ទីរថ្មី ត្រូវបង្ហាញនូវចំណេះជំនាញក្នុងវិស័យកសិកម្ម ដោះស្រាយនូវបញ្ហាសតិអារម្មណ៍មន្ត្រីក្រោមឱវាទ ឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាជន ចូលរួមអន្តរាគមន៍ឱ្យទាន់ពេលវេលា និងសហការធ្វើការរួមគ្នាជាមួយក្រសួងកសិកម្មនិងអាជ្ញាធរខេត្ត ផ្តល់ផលប្រយោជន៍ដល់ប្រជាកសិករ ជាពិសេសត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងមានភាពជាអ្នកដឹកនាំ។

ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការរក្សាស្ថិរភាពថ្លៃកសិផល សម្រាប់ប្រជាកសិករ និងអ្នកប្រើប្រាស់ ដោយគោរពតាមគោលការណ៍ទីផ្សារសេរី ការដាក់ពង្រាយមន្រ្តីកសិកម្មភូមិ-ឃុំ ដែលជាជំនួយការបច្ចេកទេសរបស់ប្រជាកសិករ និងការកសាងសហគមន៍កសិកម្មទំនើប ដែលអាចជួយប្រជាកសិករកាត់បន្ថយថ្លៃដើមផលិត មានផែនការច្បាស់លាស់ មានធនធានគ្រប់គ្រាន់ ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ និងមានស្តង់ដាការងារត្រឹមត្រូវ។

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានបញ្ជាក់បន្ថែមអំពីគោលយោបាយអាទិភាពក្នុងវិស័យកសិកម្មក្នុងការធានាឱ្យបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ធ្វើយ៉ាងណាឱ្យប្រជាកសិករ មានហូប មានប្រើ មានបាន និងមានរហូត ដែលលោកប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ត្រូវយកចិត្តទុកដាក់ពីដំណាក់កាលនីមួយៗឱ្យបានស៊ីជម្រៅ និងកំណត់អាទិភាពឱ្យចំគោលដៅ អនុវត្តស្របតាមកម្មវិធីគោលនយោបាយនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ពាក់ព័ន្ធនឹងការងារនយោបាយ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍លើកទឹកចិត្តឱ្យចូលរួមយ៉ាងសកម្ម និងមានចិត្ត មានបេះដូងក្នុងការលើកឡើងពីសមិទ្ធផលនានាដែលរដ្ឋាភិបាលសម្រេចបាន ជាពិសេសត្រូវមានការពន្យល់បកស្រាយនូវភាពមិនប្រក្រតី ឬការវាយប្រហារណាមួយ ដោយត្រូវមានភស្តុតាងច្បាស់លាស់ ពេញលេញ និងឆ្លើយតបឱ្យចំគោលដៅ ។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងជូនពរដល់អង្គពិធី ទទួលបានជោគជ័យ មានលទ្ធផលល្អ និងសម្រេចគ្រប់ភារកិច្ចការងារ ក្រោមម្លប់សុខសន្តិភាព។
សូមបញ្ជាក់ថាក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និងឯកឧត្តម ជាម ច័ន្ទសោភណ្ឌ គណៈអភិបាលខេត្តកំពង់ស្ពឺ៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner