ថៃដាក់ «សម្លតុងយាំ» ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

បរទេស៖ កាសែត Bangkok Post បានចុះផ្សាយថា ស៊ុបបង្គាតុងយំា ឬ សម្លតុងយំា ឬក៏ថៃ ហៅថា Tom Yum Kung ត្រូវបានគេរំពឹងថា នឹងត្រូវចុះទៅក្នុងបញ្ជី របស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ នៃអង្គការសហប្រជាជាតិ ហៅកាត់ Unesco ដើម្បីក្លាយជាបេតិកភណ្ឌវប្បធម៌រូបី នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកស្រី Sudawan Wangsuphakijkosol ។

លោកស្រី Sudawan បាននិយាយ កាលពីថ្ងៃចន្ទថា គណៈរដ្ឋមន្ត្រីបានអនុម័តលើសំណើរបស់ក្រសួងវប្បធម៌ ដើម្បីដាក់បញ្ចូល សម្លតុងយាំ សម្រាប់ការចុះបញ្ជី របស់ Unesco កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។ លោកស្រីបញ្ជាក់ថា «តុងយំា» តំណាងឱ្យភាពសាមញ្ញ នៃរបៀបរស់នៅ របស់ជនជាតិថៃ ជាពិសេស អ្នកដែលរស់នៅក្នុងសហគមន៍កសិកម្ម នៅតំបន់ទំនាបកណ្តាល ក្នុងនោះ បង្គារ អាចរកបានក្នុងទន្លេ ឬ ប្រឡាយ ខណៈគ្រឿងផ្សំសំខាន់ៗ ផ្សេងទៀត ដូចជា ខាត់ណា ស្លឹកគ្រៃ ស្លឹកក្រូចសើច ម្ទេស ជាដើម អាចរកបាន នៅតាមសួនច្បារ របស់គ្រួសារថៃ ភាគច្រើន។

ប្រភពថា ម្ហូបនេះ ត្រូវបានគេរំពឹងថា គ្រោងនឹងត្រូវអនុម័ត នៅក្នុងសម័យប្រជុំលើកទី ១៩ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលរបស់អង្គការ Unesco នៅទីក្រុង Asunción ប្រទេសប៉ារ៉ាហ្គាយ ក្នុងសប្តាហ៍នេះ។

បេតិកភណ្ឌវប្បធម៍របស់ប្រទេសថៃ ចំនួនបួន រួចមកហើយ ត្រូវបានចុះបញ្ជី ដោយអង្គការ Unesco រួមមាន របាំ ពីរប្រភេទ, ម៉ាស្សាថៃ និង ពិធីបុណ្យសង្ក្រាន្ត។

ប្រភពបន្តថា ព្រឹត្តិការណ៍អបអរសាទរការចុះបញ្ជី សម្លតុងយាំ គ្រោងនឹងត្រូវធ្វើឡើង នៅថ្ងៃសុក្រ សប្តាហ៍នេះ។ ថៃក៏ត្រៀមអបអរ សម្លៀកបំពាក់ស្ត្រីបែបប្រពៃណី ឈ្មោះ​ kebaya ដែលជាបេតិកភណ្ឌវប្បធម៌រួមគ្នា រវាងប្រទេស ប្រ៊ុយណេ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី និងភាគខាងថៃ ផងដែរ នេះបើតាម Bangkok Post ដដែល៕

ប្រភពពី Bangkok Post, ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner