Biden ប្រកាសពីជំនួយថ្មី១ពាន់លានដុល្លារដល់អាហ្រ្វិក
បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រកាសពីការផ្តល់ជំនួយមនុស្សធម៌ជាង ១ពាន់លានដុល្លាររបស់អាមេរិក ដល់ទ្វីបអាហ្រ្វិក ក្នុងអំឡុងពេលដំណើរទស្សនកិច្ច ទៅកាន់ប្រទេសអង់ហ្គោឡា។
លោក Biden ជាប្រធានាធិបតីអាមេរិកដំបូងគេ ដែលបានទៅទស្សនកិច្ច នៅអតីតអាណានិគមព័រទុយហ្គាល់មួយនេះ ដោយលោកបានជួបជាមួយប្រធានាធិបតីអង់ហ្គោឡា កាលពីថ្ងៃអង្គារ ហើយបន្តមានវត្តមាន នៅថ្ងៃពុធនេះ សម្រាប់កិច្ចប្រជុំកំពូល ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងទស្សនកិច្ច នៅតំបន់ផ្សេងៗទៀត។
លោក Biden បានថ្លែងសន្យាគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់ទ្វីបអាហ្វ្រិក ហើយបញ្ជាក់ថា «ខ្ញុំប្រកាសអំពីជំនួយមនុស្សធម៌ថ្មី ជាង១ពាន់លានដុល្លារ សម្រាប់ប្រជាជនអាហ្វ្រិក ដែលផ្លាស់ទីលំនៅ ពីផ្ទះ ដោយសារតែគ្រោះរាំងស្ងួត ជាប្រវត្តិសាស្ត្រ» ។
លោកថា ជំនួយនេះនឹងដោះស្រាយបញ្ហាអសន្តិសុខស្បៀង និង តម្រូវការបន្ទាន់ ផ្សេងទៀតរបស់ជនភៀសខ្លួន ដែលរងផលប៉ះពាល់ ក្នុងប្រទេសចំនួន ៣១ នៅអាហ្វ្រិក នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
