ប្រធានាធិបតី ស៊ី ជិនពីង ចាត់ទុកកម្ពុជា ជាគោលដៅពេញនិយមសម្រាប់ទេសចរចិន

(ចិន)៖ កម្ពុជា ជាគោលដៅទេសចរចិន ខណៈរយៈពេល ៨ ខែឆ្នាំ ២០២៤ (មករា-សីហា) កម្ពុជាទទួលបានភ្ញៀវអន្តរជាតិសរុបចំនួនជាង ៤,២៩ លាននាក់ មានការកើនឡើង ២២,៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ក្នុងនោះទេសចរចិនមានចំនួន ៥៣៨ ៨៣៤នាក់ កើន ៤៧,៧ភាគរយ ។

នេះគឺជាការលើកឡើងរបស់ ឯកឧត្តម ស៊ី ជីនពីង អគ្គលេខាធិការបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងជំនួបកម្រិតខ្ពស់ជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា កម្ពុជា នៅផ្ទះភ្ញៀវរដ្ឋ Diaoyutai នៃរដ្ឋធានីប៉េកាំង ប្រទេសចិន នារសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ។

ឯកឧត្តម ស៊ី ជីនពីង បានចាត់ទុកសម្តេចតេជោ ជាអ្នកនយោបាយជើងចាស់ ជាអ្នកដឹកនាំមានទស្សនៈនយោបាយវែងឆ្ងាយ មានបទពិសោធន៍កម្ររកបាន ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា ជាប្រវត្តិសាស្ត្រ។ ក្នុងពេលជំងឺរាតត្បាតកូវីដ១៩ ផ្ទុះឡើង ឯកឧត្តម មានក្តីរំភើបយ៉ាងខ្លាំង ដែលសម្តេចតេជោ បានអញ្ជើញមកធ្វើទស្សនកិច្ចនៅប្រទេសចិន និងបានបង្ហាញពីជំហរដ៏រឹងមាំរបស់សម្តេចតេជោ ជាមួយរដ្ឋ ប្រជាជន និងគណបក្សកុម្មុយនីស្តចិន ។

ឯកឧត្តម ស៊ី ជីនពីង បានបន្តថា ចិន និងកម្ពុជា តែងតែរួមគ្នាការពារផលប្រយោជន៍រួម ក្នុងស្ថានការណ៍អន្តរជាតិដែលមានការប្រែប្រួលយ៉ាងលឿន និងស្មុគស្មាញ។ ចិននឹងបន្តគាំទ្រកម្ពុជា កសាងសហគមន៍ជោគវាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ ហើយនឹងបន្តពតដៃជាមួយកម្ពុជា ជាកម្លាំងអភិវឌ្ឍន៍ដែលចូលរួមចំណែកក្នុងការរក្សាសន្តិភាពពិភពលោក។

សម្តេចតេជោ បានថ្លែងអំណរគុណឯកឧត្តម ស៊ី ជីនពីង យ៉ាងជ្រាលជ្រៅចំពោះការផ្តល់អំណោយពហុកីឡដ្ឋានមរតកតេជោ ជួយឱ្យកម្ពុជា មានលទ្ធភាពធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាស៊ីហ្គេមប្រកបដោយជោគជ័យត្រចះត្រចង់ និងបានឆ្លើយតបនឹងចំណង់ចំណូលចិត្តរបស់ប្រជាជន និងយុវជនកម្ពុជាទាំងមូល។

សម្តេចតជោ ក៏បានជម្រាប ឯកឧត្តម ប្រធានាធិតី ស៊ី ជីនពីង អំពីការផ្លាស់ប្តូរអ្នកដឹកនាំ ដែលបន្តការដឹកនាំមួយល្អប្រសើរអស់រយៈពេលជាង ១ឆ្នាំកន្លងមកនេះ ហើយអ្នកដឹកនាំបន្តវេនជំនាន់ថ្មី បានធ្វើការងារក្នុងល្បឿនលឿន ឈានទៅមុខរក្សាបាននូវស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា និងធ្វើឱ្យជីវភាពរបស់ប្រជាជនកម្ពុជាកាន់តែប្រសើរឡើង ។

ពាក់ព័ន្ធទំនាក់ទំនងទ្វេភាគី សម្តេចតេជោ បានអរគុណរដ្ឋាភិបាល គណបក្សកុម្មុយនីស្តចិន ដែលបានជួយគ្រប់យ៉ាងដល់កម្ពុជា ដូចជាការផ្គត់ផ្គង់វ៉ាក់សាំងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ១៩ ដែលបានផ្តល់លទ្ធភាពឱ្យកម្ពុជា អាចគ្រប់គ្រងស្ថានការណ៍ទប់ស្កាត់ជំងឺកូវីដ ១៩ បានល្អប្រសើរ ឈានទៅស្តារសេដ្ឋកិច្ច និងបើកប្រទេសឡើងវិញយ៉ាងឆាប់រហ័ស ។

សម្តេចតេជោ បានលើកឡើងផងដែរអំពីការពង្រឹងទំនាក់ទំនងជឿជាក់ និងទំនុកចិត្តខាងនយោបាយ ដោយបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងបក្ស និងបក្ស និងរវាងរដ្ឋទាំងពីរ។ សម្តេចតេជោ បានស្នើសុំមិត្តចិន បន្តផ្តល់ជំនួយឥតសំណង កម្ចីឥណទាន ជំរុញការវិនិយោគ ដែលមិនត្រឹមតែចូលរួមដល់ការអភិវឌ្ឍសេដកិច្ច-សង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយពង្រឹងឯករាជ្យភាពនយោបាយរបស់កម្ពុជាផងដែរ ។

សម្តេចតេជោ បានថ្លែងអំណរគុណឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ចំពោះការគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ដែលមិនមែនជាគម្រោងថ្មីទេ ដោយសារជាគម្រោងមានតាំងពីសម័យព្រះបាទអង្គឌួង។ គម្រោងនេះ អនុញ្ញាតឱ្យកម្ពុជា មានឯករាជ្យភាពខាងវិស័យដឹកជញ្ជូនផ្លូវទឹក និងផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចដ៏ច្រើន ។

សម្តេចតេជោ បានស្នើបន្ថែមថា ចិន និងកម្ពុជា៖ (១) បន្តពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការឆបោក ការបង្រ្កាបបទល្មើសល្បែងអនឡាញ ។ល។, (២) បន្តពង្រឹងទំនាក់ទំនងរវាងបក្ស និងបក្ស ជាពិសេសទំនាក់ទំនងរវាងចលនាមហាជន និងគណៈទាក់ទងបរទេស។ តាមបទពិសោធរបស់សម្តេចតេជោ ការស្គាល់គ្នាដែលចាប់ផ្តើមពីយុវជន និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន គឺមានអត្ថប្រយោជន៍ ក្នុងការពង្រឹងទំនាក់ទំនងរវាងគណបក្សទាំងពីរទៅអនាគត និង (៣) បន្តពង្រឹងទំនាក់ទំនងកិច្ចការបរទេស ជាពិសេសក្នុងវេទិកាតំបន់ និងអន្តរជាតិ។

សម្តេចតេជោ បានអញ្ជើញឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង មកបំពេញទស្សនកិច្ចផ្លូវរដ្ឋជាថ្មីម្តងទៀតនៅកម្ពុជា ដើម្បីបានឃើញនូវសមិទ្ធផលយ៉ាងច្រើននៅកម្ពុជា ធៀបនឹងទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម កាលពីឆ្នាំ២០១៦ ។

ឯកឧត្តម ស៊ី ជីនពីង លើកឡើងថា ប្រទេសចិន និងកម្ពុជា នឹងបន្តពង្រឹងការគាំទ្រគ្នាទៅវិញទៅមក ក្នុងនាមជាមិត្តដែកថែប ដើម្បីការពារផលប្រយោជន៍ស្នូលនៃប្រទេសទាំងពីរ ។ ឯកឧត្តម ស៊ី ជីនពីង ក៏បានលើកឡើងអំពីការផ្លាស់ប្តូរទស្សនៈ និងបទពិសោធក្នុងការកសាងគណបក្សរៀងៗខ្លួន និងបានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មានភាពរឹងមាំដោយសារសម្តេចតេជោ រីឯគណបក្សកុម្មុយនីស្តចិន ក៏បានធ្វើការពង្រឹងគណបក្សឱ្យកាន់តែរឹងមាំឡើងជាលំដាប់ផងដែរ ។

ឯកឧត្តម បានបន្ថែមថា ប្រទេសចិន និងកម្ពុជា ត្រូវចាប់យកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះថ្មី នៅក្នុងក្របខ័ណ្ឌនៃកំណែទម្រង់ និងអភិវឌ្ឍបែបថ្មីនៃការសម្រេចការកសាងសហគមន៍ជោគវាសនារួម ការអនុវត្ត កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ការកសាងច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា និងច្រករបៀងមច្ឆា និងអង្ករ ។

ឯកឧត្តម ស៊ី ជីនពីង ក៏បានជំរុញការបន្ស៊ីគ្នារវាងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអណត្តិថ្មី និង រីករាយទទួលការអញ្ជើញរបស់សម្តេចតេជោ ទៅបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា តាមពេលវេលាសមស្រប នាពេលខាងមុខ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner