នាវានិងយន្តហោះចម្បាំងរុស្ស៊ីធ្វើសមយុទ្ធនៅសមុទ្រមេឌីទែរ៉ាណេ
បរទេស៖ រូបភាពដែលចេញផ្សាយ ដោយក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃទី ៣ ខែធ្នូ បានបង្ហាញពីសមយុទ្ធទ័ពជើងទឹក និងទ័ពអាកាស ធ្វើឡើងនៅភាគខាងកើតសមុទ្រ មេឌីទែរ៉ាណេ។
សមយុទ្ធនេះបានកើតមានឡើង ចំពេលដែលសម្ព័ន្ធមិត្តរបស់ខ្លួន គឺប្រទេស ស៊ីរី បាត់បង់ដីមួយចំនួន ទៅឱ្យពួកឧទ្ទាមអ៊ីស្លាម។ យោធាបាននិយាយថា ចំនួនទាហានរុស្ស៊ី ដែលឈរជើង នៅក្នុងតំបន់ ត្រូវបានបង្កើន ដើម្បីចូលរួមក្នុងសមយុទ្ធនេះ។
យោធារុស្ស៊ីនិយាយថា កងកម្លាំងជាង ១,០០០នាក់ នាវាចំនួន ១០គ្រឿង និងយន្តហោះចំនួន ២៤គ្រឿង បានចូលរួម នៅក្នុងសមយុទ្ធនេះ។ ក្រសួងបានផ្សព្វផ្សាយរូបភាព ដែលបង្ហាញពីការបាញ់បង្ហោះកាំជ្រួចជាច្រើន ចេញពីកប៉ាល់ និងនៅលើដី ព្រមទាំង រូបភាពនៃគោលដៅនៅក្នុងទឹក ដោយបើកចំហ។
ក្រសួងការពារជាតិរុស្ស៊ីអះអាងថា សមយុទ្ធនេះ គឺដើម្បីសាកល្បងសកម្មភាពរួមបញ្ចូលគ្នា នៃក្រុមកងទ័ពជើងទឹករុស្ស៊ី និង កងទ័ពអាកាស កាំជ្រួច ដែលមានមូលដ្ឋានលើសមុទ្រ»។ ក្រសួងបានបន្ថែមថា នាវារុស្ស៊ីបានសាកល្បងបាញ់មីស៊ីល Zirkon ដែលមានល្បឿនលឿនជាងសំឡេង និង កាំជ្រួច Kalibr ។ ប្រភពបានបន្ថែមថា មីស៊ីល Onyx ត្រូវបានបាញ់ចេញពីតំបន់ ដែលបានកំណត់ នៅលើឆ្នេរសមុទ្រ មេឌីទែរ៉ាណេ។
សមយុទ្ធនេះត្រូវបានគេដឹងថា ត្រៀមព្យាយាមទប់ទល់នឹងការវាយលុករបស់ក្រុមឧទ្ទាម ដែលបានមើលឃើញកងកម្លាំងរបស់ប្រធានាធិបតីស៊ីរី លោក Bashar al-Assad បាត់បង់តំបន់សំខាន់ៗចំនួន នៃទីក្រុង Aleppo ប៉ុន្មានថ្ងៃ ថ្មីៗនេះ។ ទីក្រុងមូស្គូ គឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់លោក Assad ចាប់តាំងពីសង្គ្រាមស៊ីវិលស៊ីរី បានចាប់ផ្តើម ក្នុងឆ្នាំ២០១១។
រុស្ស៊ីមានមូលដ្ឋានទ័ពជើងទឹក នៅស៊ីរីនៅ Tartus ប៉ុន្តែ សេចក្តីថ្លែងការណ៍ មិនបាននិយាយថា តើសមយុទ្ធត្រូវបានធ្វើឡើង នៅទីណា ជាក់លាក់នោះទេ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត