អ្នកនាំពាក្យក្រសួងកសិកម្ម ៖ ត្រីចិញ្ចឹមនៅកម្ពុជា មានគុណភាពល្អ តាមស្តង់ដា និងមានអនាម័យ

(ភ្នំពេញ)៖ ពិព័រណ៍ «វារីវប្បកម្មកម្ពុជាលើកទី១»ដែលក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ផ្តួចផ្តើមរៀបចំ ឡើងនៅថ្ងៃខាងមុខនេះ នឹងផ្តល់ប្រយោជន៍ដើម្បីបង្កើនការយល់ដឹងជាសាធារណៈពីធនធានត្រីចិញ្ចឹមនៅកម្ពុជា និងពិសេសលើកកម្ពស់ការយល់ដឹងពីសាធារណៈជនក្នុងវិស័យវារីវប្បកម្មនេះថាតើកំពុងដើរដល់ហើយ និងព្រមទាំងមានគុណភាពដល់កម្រិតណាដែរនោះ ។

ថ្លែងបា្រប់បណ្តាញសង្គមតេឡេក្រាមនៅថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៤នេះ លោក ជំទាវ អ៊ឹម រចនា មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មបានឱ្យដឹងថា ៖ ប្រជាពលរដ្ឋទូទៅតែង មិនសូវនិយមទទួលទានត្រីចិញ្ចឹមទេ ដោយពួកគាត់ ភាគច្រើនយល់ឃើញថាត្រីចិញ្ចឹមមិនត្រូវតាម ស្តង់ដា ខ្វះអនាម័យ ដែលនៅពេលពួកគាត់ទទួលទានទៅអាចបង្កបញ្ហាដល់សុខភាព ប៉ុន្តែតាមរយៈក្រុមការងារដែលក្រសួងបានចុះអនុវត្តផ្ទាល់ និងការតាមដាន ពីអ្នកជំនាញក្រសួង រដ្ឋបាលជលផល ដោយក្នុងនេះមានការសហការជាមួយវារីវប្បករ សមាគមន៍វារីវប្បករ ក្រុមហ៊ុនផ្គត់ផ្គង់ធាតុចូល ក្រុមហ៊ុនលក់ចំណី ក៏ដូចជាសហគ្រាសអ្នកកែច្នៃ ដោយគិតរហូតមកដល់ពេលនេះវិស័យវារីវប្បកម្ម របស់កម្ពុជាបានវិវត្តទៅមុខគួរកត់សម្គាល់ ។ ពិសេសជាងនេះវាមានសញ្ញាវិជ្ជមានជាច្រើនដែលក្រសួងចាំបាច់ត្រូវបង្ហាញ ដើម្បីឱ្យសាធារណៈជនបានជ្រាបថាគុណភាពត្រីចិញ្ចឹមនៅកម្ពុជាមានស្តង់ដា មានអនាម័យ ហើយអាចទទួលទានបានដោយមិនប៉ះពាល់ដល់សុខភាពឡើយ ។

លោក ជំទាវ បញ្ជាក់បន្ថែមថា ៖ ”ដូចនេះ តាមរយៈពិព័រណ៍ វារីវប្បកម្មកម្ពុជា សាធារណៈជនទូទៅនឹងបានជ្រាប អាចស្គាល់ អាចយល់ដឹងកាន់តែច្បាស់អំពី ខ្សែច្រវ៉ាក់ លើវិស័យវារីវប្បកម្ម ក្នុងនេះចាប់តាំងតែពីការជ្រើសរើសពូជ ការផ្តល់ចំណីត្រី បច្ចេកទេស និងបច្ចេកវិទ្យាថ្មីៗដែលប្រើប្រាស់ក្នុងវារីវប្បកម្មនៅកម្ពុជា ។ អញ្ចឹងយើងសង្ឃឹមថាតាមរយៈការយល់ដឹងទាំងនេះ ប្រជាពលរដ្ឋទូទៅគាត់នឹងមានជំនឿជឿជាក់ទៅលើត្រីចិញ្ចឹមនៅកម្ពុជា ថាមានគុណភាព មានសុវត្តិភាព អាចទទួលទានបាន ។

លោកជំទាវបានថ្លែងដោយបញ្ជាក់ដែរថា កន្លងមកនេះក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ តែងយកចិត្តទុកដាក់ខ្ពស់ លើវិស័យវារីវប្បកម្មនៅកម្ពុជា ដោយបានសហការយ៉ាងជិតដិតជាមួយក្រុមហ៊ុន ដៃគូ អង្គការសមាគមន៍ អ្នកចិញ្ចឹមត្រី ព្រមទាំងសហគ្រាសផ្សេងៗដែលកែច្នៃត្រី ធ្វើយ៉ាងណាដើម្បីឱ្យវិស័យការចិញ្ចឹមត្រី មានគុណភាព កាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ មានវិសាលភាពកាន់តែទូលំទូលាយ ដើម្បីធានានូវសុវត្តិភាពចំណីអាហារអ្នកបរិភោគ ធានាដល់ស្ថេរភាពតម្លៃត្រីលើទីផ្សារ សម្រាប់អ្នកបរិភោគ ។

គួរបញ្ជាក់ថា ៖ កម្ពុជានឹងរៀបចំពិព័រណ៍«វារីវប្បកម្មកម្ពុជាលើកទី១» ដើម្បីជំរុញកិច្ចសហការក្នុងខ្សែច្រវាក់តម្លៃវារីវប្បកម្មនៅកម្ពុជា ។ ពិព័រណ៍ «វារីវប្បកម្មកម្ពុជាលើកទី១»នេះនឹងរៀបចំឡើងនៅផ្សាររាត្រីសាន់សាញ បឹងកក់ រាជធានីភ្នំពេញនេះ នឹងបង្កើនការយល់ដឹងជាសាធារណៈ អំពីគុណភាពត្រីចិញ្ចឹមរបស់កម្ពុជា និងលើកកម្ពស់ការយល់ដឹងអំពីចំណី ពូជ ការផ្គត់ផ្គង់ និងបច្ចេកវិទ្យាថ្មីៗដែលប្រើប្រាស់ក្នុងវារីវប្បកម្ម ។

ពិព័រណ៍ខាងលើនេះ នឹងចូលរួមបង្កើតយន្តការផ្សព្វផ្សាយ ការចែករំលែកចំណេះដឹង បទពិសោធ និងមេរៀនក្នុងការអភិវឌ្ឍប្រព័ន្ធទីផ្សារវារីវប្បកម្មកម្ពុជាផងដែរ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner