វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិកម្ពុជា ខិតខំស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយដៃគូបរទេស
ភ្នំពេញ៖ វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិកម្ពុជា បានខិតខំស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយដៃគូបរទេស ជាពិសេស ជាមួយសាកលវិទ្យាល័យ កិច្ចការបរទេសចិន ។ នេះជាការលើកឡើរបស់ឯកឧត្តម បណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងជំនួបពិភាក្សាការងារ ជាមួយឯកឧត្តម វ៉ាង ស៊ីធីង (WANG Shiting) សាកលវិទ្យាធិការនៃសាកលវិទ្យាល័យកិច្ចការបរទេសចិន (CFAU) ដើម្បីស្វែងរកលទ្ធភាពក្នុងការធ្វើ កិច្ចសហប្រតិបត្តិការរួមគ្នា រវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ (NIDIR) ជាមួយ សាកលវិទ្យាល័យកិច្ចការបរទេសចិន នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ។
នៅក្នុងជំនួបនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានចែករំលែកអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថាន NIDIR ជាមួយដៃគូអន្តរជាតិនានា ក្នុងការចូលរួមចំណែកលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាលផ្នែកការទូតជូនដល់មន្ត្រីការទូតកម្ពុជា។
ឯកឧត្តមរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ លើកិច្ចខិតខំប្រឹងប្រែងរបស់វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ ក្នុងការស្វែងរកកិច្ចសហប្រតិបត្តិការ បន្ថែមទៀតជាមួយដៃគូបរទេស ជាពិសេស ជាមួយសាកលវិទ្យាល័យកិច្ចការបរទេសចិន ៕
ដោយ ៖ សួង ពិសិដ្ឋ